នេះហើយអាថ៌កំបាំងជនជាតិជប៉ុនមិនងាយចាស់ និងអាយុវែងជាងគេលើពិភពលោក
ជប៉ុន ជាជាតិសាសន៍ដែលពិភពលោកកោតស្ញប់ស្ញែង និងសរសើរជាងគេក្នុងពិភពលោកពាក់ព័ន្ធនឹងទម្លាប់ការរស់នៅ សីលធម៌ និងការងាររបស់ពួកគេ។ រឿងមួយទៀតដែលគេល្បីនិយាយតៗគ្នាពីជប៉ុន គឺជនជាតិមួយនេះ ជាប្រជាជនអាយុវែងជាងគេលើពិភពលោក។
យោងតាមទិន្នន័យក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុនបានឲ្យដឹងថា ជប៉ុនមានប្រជាជន ១២៧ លាននាក់នៅឆ្នាំ២០១៦ ខណៈដែលប្រជាជនមានអាយុសង្ឃឹមរស់ជាមធ្យមដល់ទៅ ៨៣,៧ ឆ្នាំឯណោះ។ កាលពីខែកញ្ញា ឆ្នាំ២០១៧ ជនជាតិជប៉ុនអាយុចាប់ពី ៩០ ឆ្នាំឡើងទៅ មានរហូតដល់ជាង ២ លាននាក់ឯណោះ។ នេះមិនមែនជារឿងចៃដន្យនោះឡើយ ចុះអ្វីជាអាថ៌កំបាំងធ្វើឲ្យជនជាតិជប៉ុនមានអាយុវែង និងសុខភាពល្អដល់ថ្នាក់ហ្នឹង?
សារព័ត៌មានធំៗរបស់អង់គ្លេស The Telegraph និង BBC Good Food បានលើកយកអាថ៌កំបាំងអាយុវែងសំខាន់ៗ ៣ យ៉ាងរបស់ប្រជាជនជប៉ុនមកបង្ហាញ៖
១. របបអាហារ
របបអាហាររបស់ជនជាតិជប៉ុន មានតុល្យភាព និងសុខភាពល្អ ដែលមានគ្រឿងសមុទ្រ ជាពិសេសត្រីស្រស់ៗ សារាយសមុទ្រ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងតៅហ៊ូសណ្ដែកសៀង។ ជប៉ុនមិនញ៉ាំអាហារកំប៉ុង ឬអាហារកែច្នៃចេញពីរោងចក្រដូចលោកខាងលិចឡើយ ខណៈអាហារកែច្នៃទាំងនោះត្រូវគេសិក្សាថាអាចបង្កទៅជំងឺផ្សេងៗ និងមហារីក។ ទិន្នន័យចុងក្រោយ ជប៉ុនមានអត្រាប្រជាជនធាត់ត្រឹម ៣,៥% ប៉ុណ្ណោះនៃប្រជាជនសរុប ១២៧ លាននាក់។
ជប៉ុននិយមញ៉ាំត្រីសមុទ្រឆៅ នៅក្នុងម្ហូប Sushi និង Sashimi។ បន្លែលើដីគោកគ្រប់ពណ៌ និងក្នុងសមុទ្រ ពិសេសសារាយសមុទ្រ ក៏ពេញនិយមដែរ ព្រោះវាសម្បូរជាតិរ៉ែ និងកាត់បន្ថយសម្ពាធឈាមខ្ពស់។ ឯផ្លែឈើវិញ ត្រូវគេញ៉ាំជាមួយអាហារពេលព្រឹក និងជាបង្អែមពេលល្ងាច ដូចជា ផ្លែប៉ោម Fuji ក្រូចឃ្វិច ផ្លែទម្លាប់ជាដើម។ ឯតែបៃតងម៉ាចា (Macha) វិញដែលកំពុងតែផ្អើលល្បីនៅអង់គ្លេសដែរនោះ ជាតែពេញនិយមបំផុតរបស់ជប៉ុនរាប់ពាន់ឆ្នាំមកហើយ ដោយវាសម្បូរសារធាតុអង់ទីអុកស៊ីតកម្មដែលការពារមិនឲ្យមានមហារីក មេរោគ និងជំងឺបេះដូង។
មិនត្រឹមតែប៉ុណ្ណោះ ជប៉ុនបានដាក់ចេញគោលនយោបាយពាក់ព័ន្ធរបបអាហារតាំងពីសាលារៀនកម្រិតទាបមកម្ល៉េះ ដោយណែនាំឲ្យក្មេងៗញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ បរិមាណសាច់ស្រស់ល្មម តៅហ៊ូសណ្ដែកសៀង ត្រី និងអាហារដែលមានជាតិស្ករកែច្នៃតិចតួចបំផុត។ របបអាហារនេះ មានកាឡូរីទាប តែមានសារធាតុចិញ្ចឹមខ្ពស់ ជួយឲ្យពួកគេនៅក្មេង មានអាយុវែង មិនមានជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល មិនធ្វើឲ្យធាត់ និងកាត់បន្ថយជំងឺតាមវ័យ ដូចជា ទឹកនោមផ្អែម មហារីក រលាកសន្លាក់ និងភ្លេចភ្លាំង ជាដើម។
២. ទម្លាប់រស់នៅ
ប្រជាជនជប៉ុន មានទម្លាប់រស់នៅស្អាត មានអនាម័យ ខុសពីជនជាតិចិនក្បែរខាងដាច់ស្រឡះតែម្ដង។ បរិស្ថាននៃការរស់នៅ គឺស្អាត មានរបៀបរបប។ ពួកគេរស់នៅស្អាត ញ៉ាំស្អាត និងហាត់ប្រាណជាប្រចាំតាំងពីវ័យក្មេង។ ជាក់ស្ដែង ទិន្នន័យ ៦ ឆ្នាំមុនកាលពីឆ្នាំ២០១២ ក្មេងៗសិស្សសាលាជប៉ុន ៩៨% នាំគ្នាដើរ ឬជិះកង់ទៅសាលា។
៣. ប្រព័ន្ធសុខាភិបាលទំនើប
ប្រព័ន្ធសុខាភិបាលជប៉ុន ត្រូវគេចាត់ទុកថាជាប្រព័ន្ធសុខាភិបាលល្អបំផុតមួយក្នុងពិភពលោក ដោយមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងឧបករណ៍វេជ្ជសាស្ត្រទំនើប ហើយប្រជាជនអាចចូលពេទ្យរដ្ឋក៏បាន រដ្ឋកាត់ឯកជនក៏បាន ឯរដ្ឋាភិបាលជប៉ុនវិញត្រូវបង់ចំណាយយ៉ាងហោចណាស់ ៧០% នៃថ្លៃព្យាបាល។ បើប្រជាជនក្រីក្រវិញ រដ្ឋាភិបាលនឹងបង់ថ្លៃព្យាបាលច្រើនជាង ៧០% ទៀតផង៕
អត្ថបទ៖ សុផាត ផ្សាយបន្តដោយ មី ឡងឌី
សូមចុច Followដើម្បីបានអត្ថបទថ្មីៗបន្តទៀត សូមអរគុណ
No comments:
Post a Comment