បន្ទាប់ពីបានឆ្លងកាត់ការជួសជ្រុលពង្រីក អស់រយៈពេលជាង៩ឆ្នាំ ព្រែកជីកចំណាស់ជាងមួយសតវត្សរ៍របស់ប៉ាណាម៉ា ទើបប្រែមុខមាត់ថ្មី និង បើកសម្ពោធ ជាមហោឡាឬកនៅថ្ងៃអាទិត្យនេះ ក្រោមវត្តមានប្រមុខដឹកនាំប្រទេសជាច្រើនរូប។ ប៉ាណាម៉ា សង្ឃឹមថាព្រែកជីក ភ្ជាប់មហាសមុទ្ទប៉ាស៊ីហ្វិកនិងអាត្លង់ទិក អាចបំប៉នសមត្ថភាពពាណិជ្ជកម្មជាតិ ទ្វេមួយជាបួន។
ថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសជាង១០រូបបានបង្ហាញវត្តមាន ក្បែរប្រធានាធិបតីប៉ាណាម៉ា ក្នុងឱកាសបើកសម្ពោធព្រែកជីកប៉ាណាម៉ា នៅថ្ងៃនេះ មានជាអាទិ៍ប្រធានាធិបតីតៃវ៉ាន់ ឈីលី។ នាវាដឹកទំនិញចិន ត្រូវចាប់ឆ្នោតជ្រើសមកឆ្លងព្រែកថ្មីមុនគេ។
សម្ពោធឱ្យប្រើជាលើកទីមួយ នៅឆ្នាំ១៩១៤ ព្រែកជីកប៉ាណាម៉ា ត្រូវបានចាត់ទុកជាអច្ឆរិយវត្ថុមួយក្នុងចំណោមអច្ឆរិយវត្ថុទាំង៧របស់ពិភពលោកសម័យថ្មី និងជាតំណាងបដិវត្តពាណិជ្ជកម្ម ជាផ្លូវកាត់ ប្រវែង៨០គីឡូម៉ែត្រភ្ជាប់ពីមហាសមុទ្ទប៉ាស៊ីហ្វិកទៅ-មកមហាសមុទ្ទអាត្លង់ទិក។ ៥% នៃចរាចរណ៍ពាណិជ្ជកម្មដឹកជញ្ជូនជើងទឹកពិភពលោកកំរិតឆ្លងកាត់ព្រែកជីកប៉ាណាម៉ានេះ ក្នុងមួយឆ្នាំៗ។
ក្រោយការជួលជុលពង្រីកព្រែក ដែលចំណាយពេលអស់៩ឆ្នាំ និងប្រាក់អស់៥ពាន់លានដុល្លារ ប៉ាណាម៉ាសង្ឃឹមថាសកម្មភាពចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ព្រែក នឹងឡើងដល់ទៅ២០% និងបង្កើនប្រាក់ចំណូលដល់ជាតិបានយ៉ាងហោចមួយទ្វេជាពីរ ឬជាបី នៅរវាង១០ឆ្នាំទៀត។ ប៉ាណាម៉ាក៏កំពុងផ្តើមពិចារណាគម្រោងទីបី ពង្រីកព្រែកជីកនេះបន្ថែមទៀត ដើម្បីទទួលនាវាដឹកទំនិញធំៗជាងនេះទៀតឆ្លងកាត់បាន។
ប៉ាណាម៉ា ដែលទើបមានរឿងអាស្រូវគេចពន្ធ Panama Papers កក្រើកពិភពលោក ចង់ពង្រីកព្រែកជីក ដើម្បីពង្រីកចំណូល តែមហិច្ឆតានេះ ត្រូវរំខានដោយហេតុ តែមានគម្រោងសាងសង់ព្រែកជីកមួយទៀត ក្បែរនោះ គឺនៅប្រទេសនីការ៉ាហ្កាយ។ គម្រោងដែលមានការជួយឧបត្ថម្ភគាំទ្រពីចិន ព្រោះប៉េកាំងត្រូវការឈរជើងនៅលើទ្វីបអាមេរិក ដើម្បីងាយប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់គ្រប់គ្រងព្រែកជីកប៉ាណាម៉ា រហូតមកទល់ឆ្នាំ១៩៩៩៕
No comments:
Post a Comment