Wednesday, October 24, 2018

ហ្វ៊ូ​ណន ភាពយន្ដ​តុក្កតា​ពី​របប​ខ្មែរ​ក្រហម បន្ត​ឈ្នះ​ពាន​នៅ​អាមេរិក

ហ្វ៊ូ​ណន ភាពយន្ដ​តុក្កតា​ពី​របប​ខ្មែរ​ក្រហម បន្ត​ឈ្នះ​ពាន​នៅ​អាមេរិក 



Content image - Phnom Penh Post
ផលិតករ​ភាពយន្ត​គំនូរជីវចល​ហ្វ៊ូណន ក្នុង​មហោស្រព​ភាពយន្ត​គំនូរជីវចល​នៅប្រទេស​បារាំង​។ AFP
ក្រុង​ឡូ​ស​អេ​នជឺលេស: «ហ្វ៊ូ​ណន» ដំណើររឿង​អ្នក​ម្ដាយ​ក្មេង​ម្នាក់​ព្យាយាម​ជួប​ជុំ​ក្រុម​គ្រួសារ អំឡុង​របប​ខ្មែរ​ក្រហម ទសវត្សរ៍​ឆ្នាំ ១៩៧០ បាន​ឈ្នះ​ពាន Grand Prize និង Audience Award នៅ​មហោ​ស្រព​ភាពយន្ដ​គំនូរ​ជីវចល (Animation Is Film Festival) ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ដល់ ២១ ខែ​តុលា នៅ​ទីក្រុង​ឡូសអេន​ជឺលេស សហរដ្ឋ​អាមេរិក។
ភាពយន្ដ ១ ម៉ោង ២៦ នាទី ដឹកនាំ​ដោយ​លោក ដេ​នី​ស ដូ បានដាក់​បញ្ចាំង​នៅ​អាមេរិក​ខាងជើង ក្នុង​ព្រឹត្ដិការណ៍​មហោស្រព ក្រោយ​ពី​ទទួល​បាន​កិត្ដិយស​យ៉ាង​ធំធេង​នៅ​មហោស្រព​ភាពយន្ដ​គំនូរ​ជីវចល Annecy Intl. Animation Film Festival នៅ​បារាំង កាល​ពី​​ខែ​មិថុនា។
កើត​នៅ​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៨៥ លោក ដេ​នី​ស បាន​លូតលាស់​ជាមួយ​វប្បធម៌ ៣ ដែល​សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​ពី​គំនិត និង​ស្នាដៃ​របស់​លោក​ចាប់​ពី​បារាំង ចិន និង​កម្ពុជា។
ផលិតករ​អាយុ ៣៣ ឆ្នាំ តែងតែ​ចូល​ចិ​ត្ដ​រូបភាព និង​គំនូរ រហូត​ក្នុង​ឆ្នាំ ២០០៩ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី Les Gobelins «L'ecole de l'image» ក្នុង​ផ្នែក​គំនូរ​ជីវចល និង​ផលិត​ភាពយន្ដ ជា​ទុន​ក្នុង​អាជីព​មួយ​នេះ។
ប្រធាន​គណៈកម្មការ​ម​ហោស្រព​គំនូរជីវចល Animation Is Film Festival លោក ភេតធ័រ ដេប្រ៊ូក បាន​ថ្លែងប្រាប់ Variety ថា៖ «ហ្វ៊ូណន បាន​រំឭក​យើង​ថា គំនូរ​ជីវចល​អាច​រៀប​រាប់​អំពី​ដំណើរ​រឿង​គ្រប់យ៉ាង។ ការ​ផ្សព្វផ្សាយ​តាមរយៈ​បច្ចេកវិទ្យា​កុំព្យូទ័រ​ហាក់​គ្មាន​ដែន​កំណត់​នោះ​ឡើយ»។
លោក ដេ​នី​ស បាន​ស្វែងយល់​ពីអ្វី ដែល​អ្នក​ម្ដាយ​របស់លោក​បាន​ជួប​បទពិសោធ​ក្នុង​របប​ខ្មែរ​ក្រហម បាន​បន្ដ​ថា៖ «ក្នុង​រឿង​ហ្វ៊ូណន លទ្ធផល​បាន​បង្ហាញ​រឿង​ល្អ​ដែល​មិន​នឹក​ស្មាន​ដល់ ក្នុង​ស្ថានភាព​ដូច​នរក។
គណៈកម្មការ​បាន​ឯកភាព​ថា សមិទ្ធផល​នេះ កាន់​តែ​មាន​ថាមពល​ពេល​ត្រូវ​បាន​ផលិត​ជា​រឿង​គំនូរ​ជីវចល»។
Content image - Phnom Penh Post
រូបភាព​ដក​ស្រង់​ពី​ភាពយន្ត​គំនូរជីវចលរឿង​​ Funan​។ ហ្វេសប៊ុក
ភាពយន្ត​ជី​វច​ល​ផ្ដើមចេញពី​គំនូរ​ដោយ​ដៃ​យ៉ាង​ផ្ចិតផ្ចង់ បាន​រំលេច​រូបភាព​តួអង្គ​មុខមាត់​រូប​រាង​ជា​ខ្មែរ ទាំង​ទម្រង់​ភ្នែក និង​ច្រមុះ។ សូម្បី​តែ​ទឹក​មុខ​ក៏​ស្ដែង​នូវ​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​ពី​តួអង្គ​ផង​ដែរ។ ផលិតករ មាន​បំណង​បង្ហាញ​ព្រឹត្ដិការណ៍​ដ៏​តក់​ស្លុត​ក្នុង​របប​ខ្មែរ​ក្រហម តែ​មិន​រំលេច​សកម្មភាព​ហិង្សា​លើ​ផ្ទាំង​សំពត់​ស​នោះ​ឡើយ។
ការមិន​បង្ហាញ​រូបភាព​វាយតប់ រំលោភ និង​អត្តឃាត​គឺជា​ជម្រើស​របស់លោក ដើម្បី​រក្សា​ឈ្មោះ​ប្រភេទ​ជា​ភាពយន្ត​តម្រូវ​ទស្សនិកជន​គ្រួសារ៕HR
Content image - Phnom Penh Post
គំនូរជីវចល​និយាយ​ពី​អ្នកម្ដាយ​​ក្នុង​របប​ខ្មែរ​​ក្រហម​​។ Youtube


សូមចុចfollowដើម្បីបានអត្ថបទថ្មីៗបន្តទៀតយ៉ាងរហ័សពី Langdytech

No comments:

Post a Comment