Thursday, January 17, 2019

រៀនគិត​តាម​របៀបអ្នក ​IT ប៉ុន្មានជំហាននេះសិន មុនចង់ចេញប្រឈមបញ្ហាក្នុងការរកស៊ី

មិនថាអ្នកធ្វើអ្វីនោះទេ បញ្ហា​នឹង​លេចឡើង​ហើយពេលនោះមានជម្រើស​ពីរ​សម្រាប់អ្នកដោយទីមួយប្រឈម​មុខដោះស្រាយបញ្ហា និង​ទីពីរ​រត់​ចោលឈប់ខ្វល់។ ជម្រើស​ទីពីរ​ប្រហែលមិនមែនជាអ្វីដែលអ្នកគួរ​ដើរ​ឡើយ ហេតុ​នេះគួរ​រកវិធីដោះស្រាយបញ្ហា​ជំនួស​ឱ្យការអ៊ូរទាំរត់ចោលជួរ​។
សម្រាប់អ្នក​ចាប់យកមុខជំនាញឬរៀនខាង​ផ្នែកអាយធី ពួកគាត់​ត្រូវ​ដោះស្រាយបញ្ហា​សាំញាំច្រើនឱ្យក្លាយទៅជាបញ្ហា​សាមញ្ញ​ឬតូច​ៗ​ ​តាមរយៈ​ការ​បង្កើត​ជាកម្មវិធី ឬសរសេរកូដជាដើម។ ក្នុង​នោះដែរពួកគាត់​មានរបៀបគិត​ ​ដែលយើង​គួរ​រៀនសូត្រ​តាម​ និងអាច​យកមកអនុវត្តបាន​ក្នុង​បញ្ហា​ប្រចាំថ្ងៃមិនថាក្នុងជីវិត​ឬក្នុងអាជីវកម្មបាន។
ខាង​ក្រោមនេះជាជំហាន​ខ្លះៗ​របស់ពួកគាត់​ក្នុង​ការ​ចាប់ផ្ដើ​ម និងគិត​ពីរបៀបក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្វីមួយ៖
១. ព្យាយាមយល់ពីបញ្ហា
បញ្ហា​មើលទៅពិបាក​ដោះដោយសារ​តែយើង​ភាគច្រើន​មិនសូវ​យល់ពីវា​។ អ្នកជំនាញភាគច្រើន​ធ្វើការ​ឱ្យយោបល់ឱ្យសរសេរ​វាចេញដាក់នៅលើ​ក្រដាស​ ឬវាយជាអក្សរ​នៅក្នុង​កុំព្យូទ័រ​។ អ្នកសរសេរ​ប្រូក្រាម​ភាគច្រើន​គាត់​ធ្វើការ​សរសេរ​ពីអ្វីដែលចង់​ដោះស្រាយ​ដាក់នៅលើក្រដាស​ អាចជា​ចម្រៀកក្រដាស​តូចៗបិទនៅលើតុការងារ។
២. ធ្វើគម្រោង​
កុំទាន់​អាលប្រញាប់ចេញធ្វើ​ដោយពុំមានគ្រោង​ច្បាស់​លាស់​ ចាប់ផ្ដើមដំបូង​គួរ​ណាស់​តែ​រៀបគម្រោង​ថា​ត្រូវ​ដោះស្រាយបញ្ហា​យ៉ាង​ណាសិន។ អ្នក​អាយធីគេមិនចាប់ផ្ដើម​ឡើង​ហក់ទៅសរសេរកូដតែម្ដងទេ ដោយពួកគាត់​ធ្វើ​ការ​គូស​វាស​ រៀបគម្រោង​ថា​ត្រូវ​ដោះស្រាយពីណា​ទៅណា​ជាជំហានដំបូង​សិន​មុននឹងប្រើប្រាស់​កម្លាំង​បាយ ឬភាសាបច្ចេកទេសគេហៅថាគិត algorithm ។
៣. បំបែក​បញ្ហា​ធំឱ្យទៅជាតូច
ការសរសេរ​កូដ គេសរសេរជាប្លុកកូដតូចៗ ដែលមួយដុំៗ​នោះដោះស្រាយបញ្ហា​តូច​មួយ រួច​បានផ្គុំកូដដែលសរសេរហើយទាំង​អស់នោះទៅចងជាកូដវែង​ដែលដោះស្រាយបញ្ហា​ធំតែម្ដង។ និយាយឱ្យសាមញ្ញទៅ បញ្ហា​ធំ បំបែក​វាឱ្យទៅជាបញ្ហាតូច​ៗ​ បន្ទាប់​មកដោះម្ដង​មួយៗរួច​ភ្ជាប់​ដំណោះស្រាយ​ទាំង​នោះ​ក្នុងគោលបំណង​ស្រាយ​បញ្ហា​ធំវិញ។
៤. ពិនិត្យមើលឡើង​វិញ
ពេលខ្លះ អ្នក​អាច​នឹង​មានដំណោះស្រាយ​រួចហើយប៉ុន្តែ​អ្វីវាមិនបានដំណើរ​ការដូចអ្វីដែល​បានរំពឹងទុក។ វិធីមួយដែលអ្នកសរសេរ​ប្រូក្រាម​ចូលចិត្ត​ធ្វើគឺពិនិត្យ​ទៅលើដំណោះស្រាយ​ឡើង​វិញ ដើរ​ថយ​មួយជំហាន​ មើលបញ្ហាពីជ្រុង​មួយផ្សេង​ទៀត​។
៥. សួរ​គេ​សួរ​ឯង​
ចំណុចនេះសាមញ្ញតែ ឱ្យតែ​អ្នកធ្វើការ​ឬរៀនខាង​អាយធី ពេលជួបបញ្ហា​ជាដំបូង​អាច​ថា​គាត់​​ទៅសួរ​ Googleសិន ព្រោះថាបញ្ហា​ភាគច្រើន​អាចនឹង​មានអ្នក​ជួបប្រទះរួច​មកហើយ​ ក្រោយពីគេ​មានដំណោះស្រាយ​គេ​ក៏ចែក​រំលែ​កដំណោះស្រាយ​ទាំង​នោះទៅលើ ​Google៕
អត្ថបទដោយ៖ ខុន     ផ្សាយបន្តដោយ My Langdy

Tuesday, November 27, 2018

ជំហាននៃការផ្ដើមរៀនសរសេរកូដ

ជំហាន​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​

ស្លាក: 
អត្ថបទ​នេះមានជាភាសា៖ enEnglish
តើ​អ្នក​ធ្លាប់​ស្រមៃ​ចង់​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ស្វែង​រក​វិធីសាស្រ្ត​ក្នុង​ការ​សរសេរ​កូដ​នៅ​លើ​អ៊ីនធឺណិត​ដែរ​ឬ​ទេ? តើ​អ្នក​ពិបាក​ក្នុង​ការ​ចាប់​ផ្ដើម​មែន​ទេ​?​ ប្រសិន​ជា​ដូច្នេះ​ អត្ថបទ​នេះ​នឹង​អាច​ជួយ​អ្នក​ចាប់​ផ្ដើម។ ជា​រឿយៗ​ ដៃ​គូ​របស់​យើង​មួយ​ចំនួន​បាន​សួរ​យើង​ពី​ប្រភព​ដែល​ពួក​គេ​អាច​ស្វែង​រក​ចំណេះ​ដឹង​ផ្នែក​នេះ​។ ដូច​នេះ​ ខ្ញុំ​ចង់​ចែក​រំលែក​ពី​មធ្យោបាយ​ខ្លះ​ដែល​អ្នក​អាច​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​។
គេ​ប្រើ​ប្រាស់​ការ​សរសេរ​កម្មវិធី​ (បង្កើតកម្មវិធី) ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា​ ដូច​ជា​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ការ​ផលិត​ភាពយន្ត​ ឬ​ក៏​បង្កើត​មនុស្ស​យន្ត​។ ចំពោះ​ខ្ញុំ​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ខ្ញុំ​បាន​ប្រើ​ជំនាញ​នេះ​ក្នុង​ការ​បង្កើត​គេហទំព័រ​។ ចំណែក​អ្នក​ អ្នក​អាច​ប្រើ​ប្រាស់​ជំនាញ​សរសេរ​កម្មវិធី​នេះ​ទៅ​បង្កើត​អ្វីៗ​បាន​ជា​ច្រើន​ទៀត​។ ឡូយ​អត់​?
ប៉ុន្តែ​តើ​អ្នក​អាច​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​នេះ​ដោយ​របៀប​ណា​? តើ​អ្នក​គួរ​ជ្រើស​យក​ភាសា​មួយ​ណា​ក្នុង​ការ​សរសេរ​កូដ​? តើ​គេហទំព័រ​ណា​ដែល​សមរម្យ​សម្រាប់​សិក្សា?​ តើ​គេហទំព័រ​បែប​ណា​ដែល​សម​ស្រប​នឹង​អ្នក? តើ​អ្នក​អាច​សិក្សា​ជំនាញ​នេះ​នៅ​សាលា​ណា​ខ្លះ​នៅ​ប្រទេស​កម្ពុជា?
ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ចាប់​ផ្ដើម​ ខ្ញុំ​នឹង​ចែក​រំលែក​ពី​គេហទំព័រ​ខ្លះ​ដែល​អ្នក​អាច​រៀន​សរសេរ​កូដ​បាន​នៅ​លើ​អ៊ីនធឺណិត​ ចាប់​តាំង​ពី​កម្រិត​ដំបូង​ដល់​កម្រិត​ខ្ពស់។ គេហទំព័រ​ទាំង​បួន​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ដែល​ចាប់​ផ្ដើម​សិក្សា​កូដ​ដំបូង​ស្វែង​យល់​ពី​ភាសា​កូដ​ដែល​ពួក​គេ​ចូល​ចិត្ត​ ដោយ​ស្រប​តាម​កម្មវិធី​សិក្សា​យ៉ាង​ច្បាស់​លាស់​។ តោះ! ចាប់​ផ្ដើម​ទាំង​អស់​គ្នា។
  • Khmer Academy
    Khmer Academy គឺ​ជា​គេហទំព័រ​រៀន​តាម​អ៊ីនធឺណិត​ដំបូង​គេ​នៅ​កម្ពុជា​ដែល​មាន​កម្មវិធី​សិក្សា​សម​ស្រប​សម្រាប់​ប្រជាជន​កម្ពុជា​។ នៅ​លើ​ទំព័រ​នេះ​ អ្នក​អាច​រៀន​បាន​តាម​រយៈ​វីដេអូ​ឬ​ឯកសារ​ដែល​បែង​ចែក​តាម​ប្រភេទ​មុខ​ជំនាញ​ផ្សេងៗ​ ដូច​ជា​មូលដ្ឋាន​គ្រឹះ​កុំព្យូទ័រ​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត​ដែល​មាន​នៅ​ក្នុង​កម្មវិធី​សិក្សា​បឋមភូមិ​និង​ទុតិយភូមិ​នៅ​កម្ពុជា។ កាន់​តែ​ពិសេស​ទៀត​នោះ​ វីដេអូ​និង​ឯកសារ​សម្រាប់​បង្រៀន​សុទ្ធ​តែ​ជា​ភាសា​ខ្មែរ។​
    ស្វែង​យល់​បន្ថែម៖ http://www.khmeracademy.org
  • Freecodecamp
    គេហទំព័រ​នេះ​តម្រូវ​ឲ្យ​អ្នក​រៀន​សរសេរ​កូដ​ឆ្លង​កាត់​ការ​សរសេរ​កូដ​ជាក់ស្ដែង​និង​បង្កើត​គម្រោង​ដោយ​ខ្លួន​ឯង។ បទ​ពិសោធន៍​ដំបូង​របស់​ខ្ញុំ​ក្នុង​ការ​សរសេរ​កូដ​គឺ​ខ្ញុំ​បាន​រៀន​បង្កើត​គេហទំព័រ​ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ​ព្រោះ​អ្នក​រៀន​អាច​ឃើញ​លទ្ធផល​ដែល​គេ​បង្កើត​បាន​ភ្លាមៗ​ទោះ​បី​ជា​ទើប​តែ​សរសេរ​កូដ​បាន​ប៉ុន្មាន​ជួរ​ក៏​ដោយ។​ Freecodecamp នឹង​ផ្ដល់​ជូន​អ្នក​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែង​ក្នុង​ការ​បង្កើត​គេហទំព័រ​។
    ស្វែង​យល់​បន្ថែម៖ freecodecamp.org
  • Madewithcode.com
    តើ​អ្នក​ដែល​គិត​ថា​ការ​សរសេរ​កូដ​អាច​ជួយ​ដល់​អ្វីៗ​គ្រប់​យ៉ាង​ ចាប់​ពី​ការ​សម្រេច​ចិត្ត​ស្លៀក​សំលៀក​បំពាក់​រហូត​ដល់​ការ​ជួយ​ជីវិត​? Madewithcode អាច​ជួយ​ឲ្យ​អ្នក​ស្វែង​យល់​អំពី​គោល​គំនិត​នៃ​ការ​សរសេរ​កូដ​ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ស្វែង​យល់​ពី​គម្រោង​ការងារ​ផ្សេងៗ​ដូច​ជា​រូប​ភាព​ជីវចល​ និង​ការ​កែ​ភ្លេង​ជា​ដើម។
    ស្វែង​យល់​បន្ថែម៖ madewithcode.com
  • Code.org
    Code.org គឺ​ជា​គេហទំព័រ​មួយ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​ទើប​នឹង​រៀន​សរសេរ​កូដ​ក្នុង​ការ​យល់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ជំនាញ​នេះ​។ ប្រសិន​បើ​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​រៀន​រយៈ​ពេល​វែង​ អ្នក​ក៏​អាច​ជ្រើស​យក​វគ្គ​ខ្លី​រយៈ​ពេល​មួយ​ម៉ោង​ដែល​មាន​សម្រាប់​អ្នក​សិក្សា​គ្រប់​វ័យ។ វគ្គ Angry Bird គឺ​ជា​វគ្គ​ខ្លី​មួយ​ដែល​ខ្ញុំ​ផ្ទាល់​ចូល​ចិត្ត​។ នៅ​ពេល​ដែល​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​វគ្គ​សិក្សា​រយៈ​ពេល​វែង​ អ្នក​អាច​ជ្រើស​យក​កម្រិត​ភាព​លំបាក​ទៅ​តាម​អាយុ​ឬ​សមត្ថភាព​របស់​អ្នក​ (ជ្រើស​យក​វគ្គ​សិស្ស​កម្រិត​មត្តេយ្យ​ក៏​បាន​ដែរ!)។ វា​ពិត​ជា​អស្ចារ្យ។
    ស្វែង​យល់​បន្ថែម៖ code.org
នៅ​ប្រទេស​កម្ពុជា​ក៏​មាន​សាលា​មួយ​ចំនួន​ដែល​បង្រៀន​ជំនាញ​សរសេរ​កូដ​នេះ​ជា​លក្ខណៈ​វគ្គ​ខ្លី​និង​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ផង​ដែរ។ ពេល​នេះ​ ខ្ញុំ​នឹង​បង្ហាញ​ពី​សាលា​ចំនួន​បី​ដែល​មាន​គ្រូ​បង្រៀន​នៅ​ចាំ​បង្ហាត់​អ្នក​រៀន​សរសេរ​កូដ​។
  • IT Step Academy
    IT Step Academy មាន​បើក​បង្រៀន​វគ្គ​បណ្ដុះ​បណ្ដាល​កុំព្យូទ័រ​ជា​ច្រើន​។ នៅ​ក្នុង​នោះ​ សាលា​នេះ​ក៏​មាន​ជា​វគ្គ​សិក្សា​សម្រាប់​កុមារ​អាយុ​ពី​៦​ដល់​១៦​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា​ “Junior Computer Academy” ដើម្បី​ផ្ដល់​ជា​មូលដ្ឋាន​គ្រឹះ​ផ្នែក​បច្ចេកវិទ្យា​ដល់​ពួក​គេ។ ក្រៅ​ពី​នេះ​ ពួក​គេ​ក៏​មាន​ជា​វគ្គ​សិក្សា​ផ្សេងៗ​រយៈ​ពេល​២​ទៅ​៣​ខែ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​ ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ និង​មុខ​ជំនាញ​ជា​ច្រើន​ទៀត។
    ស្វែង​យល់​បន្ថែម៖ https://cambodia.itstep.org
  • Cambodia-Korea Cooperation Center (CKCC)
    មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ក៏​មាន​ផ្ដល់​ជូន​វគ្គ​បណ្ដុះ​បណ្ដាល​បង្កើត​កម្មវិធី​ ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា​កម្មវិធី​ទូរស័ព្ទ​ គេហទំព័រ ការ​សរសេរ​កូដ​ដោយ​ប្រើ​Java និង​កម្មវិធី​កុំព្យូទ័រ​។ រយៈ​ពេល​សិក្សា​នៃ​វគ្គ​និមួយៗ​មាន​ចំនួន​៤៥​ម៉ោង​ដែល​សម​ល្មម​សម្រាប់​អ្នក​ក្នុង​ការ​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​និង​ជំនាញ​ទាក់​ទង​នឹង​ការ​បង្កើត​កម្មវិធី។
    ស្វែង​យល់​បន្ថែម៖ http://www.rupp.edu.kh/ckcc/index.php?loadpage=program
  • Korea Software HRD Center
    នេះ​ជា​កន្លែង​ដែល​អ្នក​អាច​រៀន​សរសេរ​កូដ​ចាប់​ផ្ដើម​ពី​កម្រិត​ដំបូង​រហូត​ដល់​កម្រិត​ខ្ពស់​។ កម្មវិធី​សិក្សា​នៅ​កន្លែង​នេះ​មាន​ភាព​ស្រដៀង​នឹង​ CKCC ដែរ។ សាលា​នេះ​ក៏​មាន​បង្រៀន​វគ្គ​សិក្សា​អំពី​ការ​គ្រប់គ្រង​ទិន្នន័យ​និង​Spring Framework ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ចំណេះដឹង​ពី​មូលដ្ឋាន​របស់​ការ​សរសេរ​កូដ​មុន​នឹង​ចាប់​ផ្ដើម​សិក្សា។ ដូច​នេះ​ប្រសិន​បើ​នេះ​ជា​លើក​ដំបូង​ដែល​អ្នក​រៀន​សរសេរ​កូដ អ្នក​អា​ចចាប់​ផ្ដើម​ពី​វគ្គ​បង្កើត​និង​រចនា​គេហទំព័រ​។
    ស្វែង​យល់​បន្ថែម៖ http://www.kshrd.com.kh
ខ្ញុំ​ជឿ​ជាក់​ថា​តាម​រយៈ​គេហទំព័រ​និង​មជ្ឈមណ្ឌល​សិក្សា​ទាំង​នេះ​ ​អ្នក​នឹង​អាច​រៀន​បាន​ខ្លះ​ពី​បរិបទ​និង​ជំនាញ​សរសេរ​កូដ​។ បន្ទាប់​មក ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ផ្ដោត​សំខាន់​ទៅ​លើ​ជំនាញ​ដែល​អ្នក​ទាំង​អស់​គ្នា​ប្រាថ្នា​។ តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កូដ​អ្វី? សរសេរ​កូដ​បង្កើត​គេហទំព័រ បង្កើត​កម្មវិធី​ ឬ​ក៏​អ្នក​ចង់​បង្កើត​ Artificial Intelligence? កុំ​ភ្លេច​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​ ហើយ​ខ្ញុំ​នឹង​ចែក​រំលែក​ពី​អ្វី​ដែល​ល្អ​សម្រាប់​អ្នក​នៅ​អត្ថបទ​ក្រោយ។

Thursday, November 15, 2018

នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង អ្នក​អវកាសបាន​ឡើង​លើ​ឋាន​ព្រះ​ចន្ទ​មុនគេ

នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង អ្នក​អវកាសបាន​ឡើង​លើ​ឋាន​ព្រះ​ចន្ទ​មុនគេ

  • Share

តាម​រយៈ​ឯកសារ «​បុគ្គល​ខ្លាំង អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក » របស់​លោក​គី​ម ចាន់​ណា អត្ថាធិប្បាយ​ថា ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩ នៅ​វេលា​ម៉ោង​២២ និង​៥៦​នាទី គឺជា​ខណៈ​ពេល​ដែល​នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង ឈាន​ចូល​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការ​សម្រេច​ជោគជ័យ​លើ​បេសកកម្ម​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង​បង្អស់​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជាង​៥០០​លាន​នាក់ ទូ​ទាំង​ពិភពលោក​ដែល​កំពុង​រង់ចាំ​មើល​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​សកម្មភាព​អ្នក​អវកាស​នឹង​ជាន់់​លើ​ដួង​ចន្ទ​តាម​កញ្ចក់​ទូរទស្សន៍ ។
នេះ​គឺជា​កិច្ច​ប្រតិបត្តិការ​ហោះហើរ​រំលង​លោក​របស់​គម្រោងការ​អា​ប៉ូ​ឡូ​ទី​១១ (Apollo 11) ដែល​បង្ហោះ​យានអវកាស​ឱ្យ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ ព្រមទាំង​ស្រាវជ្រាវ​ពិនិត្យ​មើល​ភព​អាថ៌​កំបាំង​មួយ​នេះ​ដែល​មនុស្ស​ធ្លាប់​ស្គាល់​តែ​ពី​ចម្ងាយ​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ​។ នៅ​ខណៈនោះ​អាម​ស្ត្រ​ង​បាន​ពោល​ថា «​នេះ​គឺជា​ជំហាន​ដ៏​ខ្លី​របស់​មនុស្ស​ម្នាក់ តែ​វា​ជា​ជំហាន​ដ៏​ធំ​មហិមារ​របស់​មនុស្សជាតិ » ។
ជំហាន ខ្លី​ៗ​របស់​អាម​ស្ត្រ​ង
នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង កើត​ក្នុង​ឆ្នាំ​១៩៣០ នៅ​រដ្ឋ​អូ​ហៃ​យ៉ូ ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ សៅ​ធើ​ន កាលី​ហ្វ៊័​រ​នី​ញ៉ា (University of Southern California) និង​ជា​អ្នក​បើក​យន្តហោះ​សាកល្បង​នៃ​អង្គការ​ណា​សា (NASA) ។ អាម​ស្ត្រ​ង ត្រូវ​គេ​ជ្រើសរើស​ឱ្យធ្វើ​ជា​អ្នកបើកបរ​យានអវកាស និង​បំពេញ​កិច្ច​ប្រតិបត្តិការ​ជា​ច្រើន​ផ្នែក​នៅ​ក្នុង​គម្រោង​ជេ​មី​នី (Gemini Program) និង​គម្រោងការ​បង្ហោះ​យាន​អា​ប៉ូ​ឡូ ផ្តួចផ្តើម​ដោយ​លោក​ប្រធានាធិបតី​ច​ន អែ​ហ្វ កេ​ណ្ណឺ​ឌី ក្នុង​បំណង​បញ្ជូន​មនុស្ស​ទៅ​កាន់​ដួង​ចន្ទ ហើយ​ត្រូវ​ត្រឡប់​មក​កាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព ដែល​ក្នុង​បេសកកម្ម​អា​ប៉ូ​ឡូ​ទី​១១​មាន​អាម​ស្ត្រ​ង ជា​មេបញ្ជាការ​ដែល​មាន​សហការី​ពីរ​រូប​គឺ​ម៉ៃ​ឃើ​ល ខូ​លិ​ន (Michael Collins) និង​អេ​ដ​វិ​ន អាល់​ឌ្រិ​ន (Edwin Aldrin) ។
យានអវកាស​អា​ប៉ូ​ឡូ​ទី​១១ ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ឱ្យ​ឆ្លងកាត់​លំហ​អាកាស​ដោយ​កាំជ្រួច​សា​ធើ​នទី​៥(Saturn V) នៅ​ឯ​ស្ថានីយ​អវកាស​ជ្រោយ​កេ​ណ្ណឺ​ឌី ក្នុង​រដ្ឋ​ហ្ល្វ័​រ​រី​ដា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​១៩៦៩ ។ ៤​ថ្ងៃ​ក្រោយមក វា​ក៏​អាច​មក​ចត​នៅ​ត្រង់់​តំបន់ «​សុ​សញ្ញា​កាស​-Mare Tranquilitatis » បាន​សម្រេច​ក្នុង​រយៈពេល​១០២ ម៉ោង​៤៥​នាទី​និង​៤០​វិនាទី ។ នៅ​ពេល​ដែល​យានអវកាស​កំពុង​តែ​ចុះ​ចត​នោះ​អាម​ស្ត្រ​ង និង​អាល់​ឌ្រិ​ន បាន​ត្រៀម​ប្រព័ន្ធ​យាន​ចម្លង​អីុ​ហ្កឺ​ល (Eagle) ទុក​រួច​ជា​ស្រេច​ដើម្បី​ការពារ​ក្រែង​ត្រូវការ​បង្ហោះ​ជា​បន្ទាន់​នៅ​​ពេល​មាន​ហេតុការណ៍​អាសន្ន​កើតឡើង រួច​គេ​ក៏​នាំ​គ្នា​ទទួលទាន​អាហារ និង​ត្រៀមខ្លួន​ដើម្បី​ចុះ​ទៅ​កាន់​ផ្ទៃដី​របស់​ដួង​ចន្ទ ។
ភារកិច្ច សំខាន់​ៗ
អាម​ស្ត្រ​ង​ឈាន​ជើង​ចេញពី​យាន​ចម្លង​មុនគេ ។ គេ​ធ្វើ​ចលនា យឺត​ៗ​យ៉ាង​ប្រយ័ត្នប្រយែង​ដើម្បី​ស្ទាបស្ទង់​មើល ព្រោះ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មាន​ទំនាញ​ត្រឹមតែ​១/៦ នៃ​ទំនាញ​នៅ​លើ​ផែនដី​ប៉ុណ្ណោះ «​ផ្ទៃដី​លើ​ដួង​ចន្ទ​មាន​សភាព​ម៉ដ្ឋ​ផង់​ដូច​ម្សៅ​» អាម​ស្ត្រ​ង រាយការណ៍​មក​កាន់​មូលដ្ឋាន​បញ្ជាការ​ហោះហើរ​ហុ​ល​តុ​ន «​ខ្ញុំ​អាច​យក​ចុងជើង​កៀរ​វា​បាន​… កម្ទេច​វា​តោង​ជាប់​នឹង​ស្បែកជើង​ដូច​កម្ទេច​ធ្យូង​អុ​ី​ចឹ​ង​ដែរ ស្នាម​ដានជើង​ទ្រុឌ​ចូល​ទៅ​ក្នុង​ដី​ជម្រៅ​រហូត​ដល់​១​អីុ​ញ (1Inch=2.54cm) ឬ​វា​អាច​ត្រឹម​១/៨​អុ​ី​ញ​ក៏​មាន​ដែរ ហើយ​ខ្ញុំ​អាច​មើលឃើញ​ស្នាម​ដានជើង​ដាម​ជាប់​នៅ​លើ​ផ្ទៃដី​ទៀត​ផង » ។
នៅ​ខណៈនោះ​ដែរ​អាល់​ឌ្រិ​ន ដែល​កំពុង​តែ​ស្ថិត​នៅ​យាន​ចម្លង​អុ​ី​ហ្កឺ​ល​នៅឡើយ គេ​បាន​មើល​តាម​កញ្ចក់​បង្អួច​រាយការណ៍​ថា ផ្ទៃដី​បរិវេណ​នេះ​មាន​សុទ្ធតែ​រណ្តៅ ជ្រៅ​ៗ ទំហំ​ប្រមាណ​៥-៥០​ហ្វូ​៊​ត (1 Foot=30,48cm) ជា​ច្រើន​… មាត់​រណ្តៅ​ខ្លះ​មាន​គែម​កម្ពស់​ប្រមាណ​២០-៣០​ហ្វូ​៊​ត នៅ​ជុំវិញ​បរិវេណ​នេះ​មាន​រណ្តៅ តូច​ៗ​រាប់​ពាន់​រណ្តៅ ។
បន្ទាប់​មក​ទៀត ពួក​គេ​ក៏​ដាក់​ឧបករណ៍​វាស់​កម្លាំង​រញ្ជួយ​ដី កញ្ចក់​ឡាស៊ែរ ឧបករណ៍​រាស់​កម្លាំង​ខ្យល់ និង​ដាក់​ម៉ាស៊ីន​វី​ដេ​អូ​ដើម្បី​ថត​យក​រូបភាព ។ អាម​ស្ត្រ​ង​ចាប់ផ្តើម​កើប​យក​ដី​និង​កម្ទេច​ថ្ម​យ៉ាង​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ បាន ។ គេ​ប្រមែប្រមូល​បាន​រាប់​សិប​គីឡូក្រាម​។ អ្នក​ទាំង​ពីរ​បំពេញភារកិច្ច​ជា​លំដាប់លំដោយ​ទៅ​តាម​ផែនការ​កំណត់​ដូច​ជា ការ​ធ្វើតេស្ត​Solar Wind Composition(SWC: ការ​ប្រមូល​យក​វត្ថុ ផ្សេង​ៗ​នៅ​ឋាន​ព្រះ​ចន្ទ​ដែល​មាន​កម្រិត​ច្រើន​ជាង​លើក​មុន​) ការ​ថត​យក​រូបភាព ជិត​ៗ​របស់​វត្ថុ​លើ​ឋាន​ព្រះ​ចន្ទ ការ​សាក​ពិសោធន៍​ដោយ​ឧបករណ៍ Lascr-Ranging Retro Reflector (LRRR) និង Passive Seismic Experiment Package (PSEP) ព្រមទាំង​ការ​រើស​វត្ថុ​នៅ​លើ​ដួង​ចន្ទ ដែល​មាន​ទ្រង់ទ្រាយ​ដូច​បំពង់​ចំនួន​២​ដុំ​ទៀត ។
ក្រោយ​ពី​ចុះ​ដើរ​លើ​ឋាន​ព្រះ​ចន្ទ បាន​ប្រហែល​២​ម៉ោង អ្នក​អ​វ​វ​កាស​ទាំង​ពីរ​ក៏​ត្រៀមខ្លួន​ឡើង​ទៅ​លើ​យាន​អីុ​ហ្កឺ​ល​វិញ ដើម្បី​ដេក​សម្រាក​ក្នុង​រយៈពេល​វែង​រហូត​ដល់​២១​ម៉ោង​និង​៣៦​នាទី ។ ក្រោយ​ពី​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ យាន​ចម្លង​អីុ​ហ្កឺ​ល ក៏​រំកិល​ខ្លួន​ត្រឡប់​មក​តំបន់​សុញ្ញកាស​វិញ ។ យាន​អា​ប៉ូ​ឡូ​ទី​១១ វិល​ត្រឡប់​មក​កាន់​បរិយាកាស​ផែនដី​ក្នុង​ល្បឿន​៣៦.១៩៤​ហ៊្វូ​ត ក្នុង​១​វិនាទី ហើយ​ក៏​ទម្លាក់​ខ្លួន​ចូល​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ សរុប​ពេលវេលា​ចាប់ពី​ពេល​ចេញដំណើរ​រហូត​ត្រឡប់​មក​ដល់​វិញ​មាន​រយៈពេល​១៩៥​ម៉ោង​១៨​នាទី​៣៤​វិនាទី ។
យាន​អាថ៌​កំបាំង​នៅ​លើ​ឋាន​ព្រះ​ចន្ទ ?
បន្ទាប់​ពី​អាម​ស្ត្រ​ង ចុះ​ពី​យានអវកាស​មក​ជាន់​ផ្ទៃ​ដួង​ចន្ទ​ភ្លាម គេ​បាន​រាយការណ៍​ថា​មាន​ឃើញ​ពន្លឺ​នៅ​លើ​នៅ​ត្រង់​រណ្តៅ​មួយ​កន្លែង តែ​ភ្លាម​ៗ​នោះ​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ក៏​ដាច់​តែត្រឹម​ហ្នឹង ។ លោក​អុត​តួ​បាញ​ឌ័​រ អតីត​សមាជិក​របស់​អង្គការ​ណា​សា បាន​បង្ហើប​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​ស្តាប់​សំឡេង​ក្នុង​ប្រដាប់​ស្រូប​សំឡេង​រវាង​យាន​អវកាស​អា​ប៉ូ​ឡូ និង​បរិយាកាស​ជុំវិញ (​ដែល​ពុំ​មាន​ជា​ផ្លូវការ​)​នោះ​ថា ណា​សា បាន​ត្រួតពិនិត្យ និង​កាត់ត​ហេតុការណ៍​មួយ​ចំនួន មុន​នឹង​បន្ត​ផ្សាយ​ទៅ​កាន់​ប្រជាជន​ដើម្បី​ការពារ​ពុំ​ឱ្យ​មនុស្ស​ទូ​ទាំង​ពិភពលោក​មានការ​រំជើបរំជួល ។ អាម​ស្ត្រ​ង​បាន​រាយការណ៍​មក​ផែនដី​ថា «​អា​ពួក​នេះ​មាន​មាឌ ធំ​ៗ​ណាស់ ពួក​លោក​ពិតជា​មិន​ជឿ​ទេ​… ខ្ញុំ​ប្រាប់​ឱ្យ​ដឹង​ថា​មាន​យានអវកាស​ពី​ក្រុម​(…) ផ្សេង​ៗ ចត​តម្រៀប​គ្នា​ជា​ជួរ​នៅ​ឯនាយ​ដាច់​កន្ទុយភ្នែក​នោះ​… ពួក​គេ​នៅ​លើ​ឋាន​ព្រះ​ចន្ទ និង​កំពុង​តែ​សង្កេត​មើល​ពួក​យើង​… »​។ វា​ជា​ការណ៍​ពិត​ដូចដែល​អាម​ស្ត្រ​ង​និយាយ​នោះ​ហើយ ! មិន​មាន​អ្នក​ណា​ម្នាក់​ជឿ​ថា មាន​ក្បួន​យានអវកាស​ចាំ​ស្វាគមន៍​ពួក​គេ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​នោះ​ទេ ។
មន្ទិល​សង្ស័យ​អំពី​រឿង​អា​មេ​រិ​ក​ទៅ​ឋាន​ព្រះ​ចន្ទ​ពិត​មែនឬ ?
៣៥​ឆ្នាំ​កន្លង​ផុត​ទៅ មនុស្ស​ទូ​ទាំង​ពិភព លោក​សុទ្ធតែ​ជឿ​ថា មហាអំណាច​ដូច​ជា​សហរដ្ឋអាមេរិក​នេះ​ពិត​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​ប្រាកដ​មែន ។ តែ​លុះដល់​ឆ្នាំ​២០០៤ ស្រាប់តែ​មាន​មនុស្ស​ជា​ច្រើន​គ្នា​លើក​ជា​សំណួរ​ឡើង​ថា តើ​សហរដ្ឋអាមេរិក​ពិតជា​បាន​បញ្ជូន​យានអវកាស​អា​ប៉ូ​ឡូ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​មែនឬ? ដែល​ស្ថានីយ​ទូរទស្សន៍​ហ្វ​ក្ស​(Fox) របស់​អា​មេ​រិ​កបាន​ចាក់​ផ្សាយ​នូវ​ឯកសារ​មាន​ចំណងជើង​ថា «Conspiracy Theory: Did we Iand on the Moon ? ហើយ​អ្វី​ដែល​បន្ថែម​ទម្ងន់​ទៅ​លើ «​ការ​ធ្វើ​ដំណើរ​ទៅ​ឋាន​ព្រះ​ចន្ទ​របស់​អាម​ស្ត្រ​ង​គ្រាន់តែ​ជា​រឿងប្រឌិត​» នៅ​ត្រង់​ថា កាលពី​សម័យ​នោះ ការ​ស្រាវជ្រាវ​ផ្នែក​អវកាស​របស់​សហរដ្ឋអាមេរិក​នៅ​យឺត​ជាង​សហភាព​សូ​វៀត​ឆ្ងាយ​ណាស់ ។ មហាអំណាច​ទាំង​ពីរ​សុទ្ធតែ​មានគំនិត​ផ្ទុយ​គ្នា​ដាច់​ស្រឡះ ហេតុនេះ​វា​ពុំ​មែន​ជា​រឿង​ចម្លែក​ទេ ដែល​សហរដ្ឋអាមេរិក​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួនឯង «​ឈានមុខ​» គេ​សូ​ម្បី​តែ​ការ​ប្រឌិត​រឿង​ដំណើរ​ទៅ​ដល់​ឋាន​ព្រះ​ចន្ទ​នេះ​ក៏​ដោយ ។
-​នៅ​ក្នុង​ទី​អវកាស​គ្មាន​ទំនាញផែនដី​ទេ ហេតុ​អ្វី​ក៏​ទង់ជាតិ​អា​មេ​រិ​កបក់ រវិច​ៗ​?
-​កាលបើ​មាន​ផង់​ធូលី​ច្រើន ហេតុ​អ្វី​ក៏​ខោអាវ​របស់​អ្នក​អវកាស​មិន​មាន​ប្រឡាក់​ដី ?
-​ព្រះអាទិត្យ​ជា​ប្រភព​កំណើត​នៃ​ពន្លឺ​ចក្កវាឡ ហេតុ​អ្វី​ក៏​ស្រមោល​អ្នក​អវកាស​បាញ់​ខុស​ទិស​គ្នា ? 
-​បើ​អាម​ស្ត្រ​ង​ជា​អ្នក​ជាន់​លើ​ផ្ទៃ​ព្រះ​ចន្ទ​មុនគេ តើ​អ្នក​ណា​ជា​អ្នក​ថតរូប ?
-​បើ​កន្លែង​ចុះ​ចត​យានអវកាស​គឺជា​ផង់​ធូលី ហេតុ​អ្វី​ស្នាម​ដានជើង​ច្បាស់​ម្ល៉េះ ?
-​ហេតុ​អ្វី​ក៏​ក្នុង​រូបភាព​មិន​មាន​ឃើញ​រូបភាព​ផ្កាយ​ដទៃ​ណាមួយ​សោះ ?
ការ​ស្រាយ​បំភ្លឺ​ច​ម្ង​ល់​ទាំងឡាយ
ទោះជា​យ៉ាងណា​អង្គការ​ណា​សា និង​អ្នក​វិទ្យាសាស្ត្រ​បាន​ចេញ​មក​អះអាង​បញ្ជាក់​ថា ការ​ដែល​នៅ​ក្នុង​រូបភាព​ពុំ​មាន​រូប​ដួងតារា​ណាមួយ ព្រោះតែ​ម៉ាស៊ីន​ថត​មាន​កម្រិត​កំណត់​របស់​វា គឺ​វា​អាច​ចាប់​យក​រូបភាព​បាន​ត្រឹមតែ​ត្រង់​បរិវេណ​ដែល​មាន​ពន្លឺ ជិត​ៗ​ប៉ុណ្ណោះ ចំណែក​បរិវេណ​ដែល​នៅ ឆ្ងាយ​ៗ គឺ​សុទ្ធតែ​ងងឹត ។
ចំពោះ​រឿង​ទង់ជាតិ​ដែល​បក់ រវិច​ៗ​នោះ តាម​ធម្មតា​វា​នឹង​ធ្លាក់​មក​ក្រោម ប៉ុន្តែ​ដោយសារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មិន​មាន​ទំនាញ ទើប​ទង់ជាតិ​ក៏​មាន​ចលនា យឺត​ៗ ។ ឯ​រឿង​ស្នាម​ដានជើង​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ក្រឡែត​នោះ មក​ពី​ឋាន​ព្រះ​ចន្ទ​មាន​ល្អងធូលី​ដែល​គរ​ទុក​រាប់​លាន​ឆ្នាំ​មក​ហើយ ពុំ​មានការ​ផ្លាស់​ប្តូរ លុះ​ពេល​យើង​ជាន់​ទៅ​លើ វា​ៗ​ក៏​ត្រូវ​មាន​ជាប់​ស្នាម​ដូច្នេះ​ទៅ ។
ចំណែក​រឿង​សម្លៀក​បំពាក់​របស់​អ្នក​អវកាស​និង​យានអវកាស​ដែល​ពុំ​មាន​ជាប់​ធូលី​នោះ តាម​ពិត​ទៅ​សម្លៀក​បំពាក់​នោះ​សុទ្ធតែ​ប្រឡាក់​ធូលី​ទាំងអស់ ហើយ​ពួក​គេ​(​អ្នក​អវកាស​) ត្រូវការ​ពេល​ដ៏​យូរ​ទម្រាំ​តែ​បោសសម្អាត​ចេញ​អស់ ។
ព្រឹត្តិការណ៍ សំខាន់​ៗ​របស់​នី​ល អាល់​ដិ​ន អាម​ស្ត្រ​ង
-​កើត​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​១៩៣០ ។
-​ទទួល​ជ្រើសរើស​ជា​អ្នកបើកបរ​អវកាស​នៅ​ឆ្នាំ​១៩៦២ ។
-​ចូលរួម​ក្នុង​គម្រោងការ​អា​ប៉ូ​ឡូ នៅ​ឆ្នាំ​១៩៦៩ ។
-​ទទួល​ជោគជ័យ​ក្នុង​ដំណើរ​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​១៩៦៩ ។
-​ត្រឡប់​មក​ដល់​ផែនដី​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​១៩៦៩ ។
-​ឆ្នាំ​១៩៧១ លាឈប់​ពី​អង្គការ​ណា​សា​ដើម្បី​មក​ធ្វើ​ជា​សាស្ត្រាចារ្យ​ខាង​បច្ចេកទេស​ហោះហើរ​នៅ​មហាវិទ្យាល័យ សិន​សិន​ណា​ទី និង​ធ្វើ​ជំនួញ​ផ្នែក​ថាមពល ព្រមទាំង​បច្ចេកវិទ្យា​អវកាស ។
-​ឆ្នាំ​២០០៤ ហ្វ​ក្ស (Fox) បាន​បង្កើត​ច​ម្ង​ល់​ទាក់ទង​នៅ​នឹង​បេសកកម្ម​អា​ប៉ូ​ឡូ​ទី​១១ ។
-​លោក​អាម​ស្ត្រ​ង រស់នៅ​តំបន់​ជាយក្រុង​សិន​សិន​ណា​ទី រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក និង​មិនសូវ​បង្ហាញ​មុខជា​សាធារណៈ​ប៉ុន្មាន​ទេ ។
-​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១២ នៅ​រដ្ឋ​អូ​ហៃ​យ៉ួ សហរដ្ឋអាមេរិក ៕

ផ្សាយអត្ថបទបន្តដោយ មី ឡងឌី
To Top

Tuesday, November 13, 2018

៤ប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច


(Wikipedia, 2017) ប្រព័ន្ធ​សេដ្ឋកិច្ច​គឺជា​​ប្រព័ន្ធ​នៃ​ផលិតកម្ម ការលៃលក​ធនធាន និង​​ការ​បែងចែក​ទំនិញ​ឬសេវាកម្ម​នៅក្នុង​សង្គមឬទីតាំង​ភូមិសាស្ត្រជាក់លាក់​​ណាមួយ។ វា​ក៏​យោងទៅតាម​ប្រព័ន្ធ​នៃ​សង្គមផង​ដែរ​ដើម្បី​​កត់សម្គាល់​ទៅលើ​ចំណុច​អាទិភាព​ណាខ្លះ​ដែល​សង្គម​នៅ​​អាច​សម្រេចបាន​ក្នុង​គោលបំណង​បង្កើត​​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​​ដ៏មាន​ប្រសិទ្ធភាព​និង​ទទួលបាន​ភាព​ជោគជ័យ​។ ប្រព័ន្ធនៃ​សេដ្ឋកិច្ច​ត្រូវ​កំណត់ថា​អ្វី​ដែលគេ​ត្រូវ​ផលិត ផលិតដោយរបៀប​ណា​ ​និង​ផលិត​ទៅឲ្យ​​អ្នក​ណា។ យ៉ាងណាមិញ​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​បែងចែក​ជា៤បែប៖

#ទី១ សេដ្ឋកិច្ច​បែប​ប្រពៃណី
វាគឺជា​សេដ្ឋកិច្ច​ដើម​ដែល​ប្រពៃណី ទំនៀម​ទម្លាប់ និង​ជំនឿរបស់​គ្រួសារ​ សហគមន៍ ក្រុម កុល​សម្ព័ន្ធ ​ឬ​សាសនា​​របស់​ខ្លួន​​​​នឹង​កំណត់​ពី​ទំនិញឬ​សេវាកម្ម​​ដែល​សេដ្ឋកិច្ច​នោះ​ត្រូ​វផលិត​និង​ចែកចាយហើយ​ភាគច្រើន​ការ​ដោះដូរទំនិញ​​គឺ​មិន​ប្រើប្រាស់​លុយ​កាក់​​។ ប្រទេស​ដែល​ប្រើប្រាស់​សេដ្ឋកិច្ច​របៀប​នេះ​ភាគច្រើន​គឺ​​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​និង​ពឹងផ្អែក​ទៅលើ​វិស័យកសិកម្ម​ជា​ចម្បង។ គេអាច​ហៅម្យ៉ាងទៀតថា​ “ភាព​គ្រប់គ្រាន់​សម្រាប់​​ចិញ្ចឹម​ជីវិត”​​។ ​សេដ្ឋកិច្ច​របៀបនេះ​គឺមិន​សូវ​មាន​ឬគ្មាន​ការ​អភិវឌ្ឍន៍​ ទទួល​យក​បច្ចេក​វិទ្យា និង​ផ្នែក​សុខាភិបាលពី​បរទេស​​​​​តិចតួច​ឬគ្មាន​សោះ​​ដោយ​ប្រពៃណី​នឹង​សម្រេច​ពី​ការ​ចិញ្ចឹម​ជីវិត ការស្លៀកពាក់ ក៏ដូចជា​ការតាំង​ទីលំនៅ​របស់​ពួកគេ​ដែល​ប្រព្រឹត្ត​ទៅតាម​មនុស្ស​ជំនាន់​មុន។​ ប៉ុន្តែ​វាមាន​លក្ខណៈ​ប្រសើរ​ត្រង់ថា​សេដ្ឋកិច្ច​បែប​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​នៅតែ​រក្សា​ប្រពៃណី​​ ​ទំនៀម​ទម្លាប់​ និង​ការ​បំពេញ​ចិត្ត​មនុស្ស​ជុំវិញ​​​​បាន​​ស្របពេល​ដែល​សេដ្ឋកិច្ច​ផ្សេង​ទៀត​ពិបាក​នឹងធ្វើ​​បាន​។
#ទី២ សេដ្ឋកិច្ច​បញ្ជា​ឬ​សេដ្ឋកិច្ច​ផែនការ​
សេដ្ឋកិច្ច​របៀប​នេះ​គឺ​រដ្ឋមាន​សិទ្ធិ​កាន់កាប់​ទៅលើ​​សកម្ម​ភាព​​​ទាំង​ស្រុងនៃ​សេដ្ឋកិច្ច​ដោយ​ការ​សម្រេចចិត្ត​​ចែកចាយ​​និង​ផលិត​គឺធ្វើទៅតាម​ផែនការ​របស់រ​ដ្ឋាភិបាល។ វា​មិន​សូវមាន​ភាព​បត់បែន​ដូច​សេដ្ឋកិច្ច​ទីផ្សារទេ​ហើយ​​​ប្រតិកម្ម​​ផ្លាស់ប្តូរ​​​ការទិញទំនិញ​​របស់​អ្ន​កប្រើប្រាស់​​​និង​ភាព​ឡើង​ចុះ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ក៏​​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ​។​​​ ឧទាហរណ៍​ដូចជា​ប្រទេស​ដែល​កាន់របប​កុម្មុយនីស។​ ហេតុផល​ចម្បង​ដែល​រដ្ឋាភិបាលជ្រើសរើស​​​​សេដ្ឋកិច្ច​ប្រភេទ​នេះ​គឺដើម្បី​អាចកាន់កាប់​​ធនធាន​ដែល​មាន​តម្លៃរបស់​ខ្លួន(ឧ. ប្រេង​ រ៉ែ មាស)​​។ រីឯ​ផ្នែក​​ផ្សេង​ទៀត​ដូចជា​កសិកម្ម​គឺ​ប្រជាជន​ជា​អ្នក​​ដឹកនាំ​និង​ចាត់ចែង។​
#ទី៣ សេដ្ឋកិច្ច​​​ទីផ្សារ​​​សេរី
រាល់​សកម្ម​ភាព​នៃ​ការ​ដោះដូរ​ទំនិញដោយ​សេរី​និង​​អាស្រ័យទៅលើការ​ត្រូវ​រ៉ូវ​គ្នា​រវាង​​​អ្នក​ប្រើប្រាស់​និង​អ្នក​ផ្គត់ផ្គង់។ ក្រុមហ៊ុនក៏​ដូច​ជា​ស្ថាប័ន​ឯកជន​មាន​សិទ្ធិ​កាន់កាប់​ក្រុមហ៊ុន​ ដាក់​តម្លៃ​ទំនិញ គ្រប់គ្រង​សង្វាក់ផលិតកម្ម ក៏ដូចជា​បុគ្គលិក​ដោយ​ខ្លួនឯង។​ ចំណែក​រដ្ឋាភិបាល​​មិនមាន​សិទ្ធិ​គ្រប់គ្រង​ធនធាន​ចាំបាច់​ ទំនិញ​ដែល​មាន​តម្លៃ ឬវិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នោះទេ។ ​​ប្រជាជន​ជា​អ្នក​កំណត់ថា​​​សេដ្ឋកិច្ច​ត្រូវ​ប្រព្រឹត្ត​ទៅដោយ​របៀបណា​ ការផ្គត់ផ្គង់​ត្រូវ​ធ្វើ​ដូចម្តេច និង​តម្រូវ​ការ​អ្វី​ខ្លះ​ដែល​ចាំបាច់។ ​ជាក់ស្តែង​មិនមាន​សេដ្ឋកិច្ច​ទីផ្សារសេរី​សុទ្ធសាធ​នៅក្នុង​ពិភពលោកឡើយ។ រដ្ឋាភិបាល​នៅតែ​មាន​ចំណែក​ចំពោះសេដ្ឋកិច្ច​ខ្លះៗ​ដដែល។
#ទី៤ សេដ្ឋកិច្ច​​​ចម្រុះ
ជា​សេដ្ឋកិច្ច​មួយ​ដែល​រួមបញ្ចូលកិច្ច​សហប្រតិបត្តិ​ការ​រវាង​​​សេដ្ឋកិច្ច​ទីផ្សារ​និង​សេដ្ឋកិច្ច​ផែនការ​ជាមួយ​គ្នា។ ធនធាន​ត្រូវ​បាន​គេ​បែងចែក​ទៅឲ្យ​ទាំង​ឯកជន​និង​រដ្ឋជា​អ្នក​ត្រួតត្រាតាម​វិស័យ​នីមួយ​ៗ​​ដែល​ប្រើប្រាស់​គោលការណ៍​ល្អបំផុត​​ចំពោះ​ប្រព័ន្ធទាំង​ពីរ។ ទីផ្សារ​សេរី​គឺ​មាន​តិច​ឬ​ច្រើនជាង​រដ្ឋាភិបាល​លើកលែងតែ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​វិស័យ​អប់រំ ថាមពល​(​ឧ. អគ្គិសនី​​កម្ពុជា) ទូរគមនាគម៍​ជាដើម។ វិស័យ​ទាំង​នោះ​មិន​អាច​ឲ្យ​ឯកជន​កាន់កាប់​ទាំង​ស្រុងបាន​ទេ​​ព្រោះ​វា​អាចធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។ ជាក់ស្តែង​យើង​ឃើញ​ថា​វិស័យ​ផ្សេងៗ​គឺមាន​ទាំង​រដ្ឋ​និង​ឯកជន(ឧ. វិស័យ​អប់រំ)។ ទោះបីជា​តាម​​ទ្រឹស្តី​​គឺ​គេ​ចង់​ធ្វើយ៉ាង​ណា​ឲ្យ​វិស័យ​ទាំង​ពីរ​អាច​ទាញ​យក​ផល​ប្រយោជន៍​​​ពី​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​ល្អ​យ៉ាងណា​ក៏​ដោយ​ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​មិន​ងាយ​​នោះឡើយ។ យើង​ឃើញ​ថា​ទំហំ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋា​ភិបាល​គឺ​​ធំ​​ដែល​ជួនកាល​អាច​មាន​ឥទ្ធិពល​លើស​ពី​ភាព​ចាំបាច់​ទៅទៀត។
ឯកសារយោង៖Wikipedia.     By Langdy tech

ញាតិការ៧សន្តាន

ពាក្យ​”ញាតកា​ ​៧សណ្តាន”​​ នេះ​ជាពាក្យ​ដែលប្រជាជន​ខ្មែរយើង​ធ្លាប់ឮ​ ​ធ្លាប់ប្រើ​ជាទូទៅ​ ពិសេសនៅ​ក្នុងពិធីឧទ្ទិស​រំលឹកនឹកដល់អ្នក​ដែលចែក​ឋានទៅ​ ​មានមាតាបិតា​ ​និង​ញាតកា​ ​៧សន្តាន….។​
តើគេរាប់ថ្នាក់ណាខ្លះ ដើម្បគម្រប់បានជា ៧សណ្តាននោះ
ញាតកាមានន័យថាពួតញាតិ
ញាតិ គឺអ្នកដែលរួមខ្សែលោហិតនឹងគ្នា ខាងមាតា ឫខាងបិតា។
ញាតកា​ ​៧​ ​សន្តាន​ ​ឬញាតិ​ ​៧​ ​ជួរនោះតាម​ន័យក្នុង​ព្រះពុទ្ធសាសនា​ ​លោកឱ្យរាប់​ថ្នាក់ខាងលើ​ ​៣​ ​ជាន់ ​គឺថ្នាក់មានតាបិតា១​ ​ថ្នាក់ជីដូនជីតា១​ ​ថ្នាក់យាយទួតតាទួត១​ ថ្នាក់ក្រោម៣​ជាន់ទៀត​ ​គឺថ្នាក់កូន​ ​១​ ​ថ្នាក់ចៅ​ ​១​ ​ថ្នាក់ចៅទួត​ ​១​ ​រួមជា​ ​៦​ ​ថ្នាក់​ ​ជា​ ​៧ថ្នាក់​ នឹងខ្លួនយើង ​។​ មនុស្សទាំង​នោះហៅ​ថាញាតិ​ ​៧​ សន្តាន​ ។​
តាមន័យក្នុង​ច្បាប់ក្រម​ប្បវេណីខ្មែរ​ ​ឱ្យរាប់ដូច្នេះថា​ ​អ្នកដែល​កើតចេញ​ពីគោត្រ​*​(*គោត្រ​ ឬ ​គោត្ត៖​វង្សត្រកូល​ សែ​ ​)​ តែមួយ​ហៅថាញាតិ​។​ ​ញាតិមាន​ ​២ពួក​ ​គឺញាតិខ្សែ​ផ្ទាល់​មួយពួក​ ​និង​ ​សាខាញាតិមួយពួក​ ​។​ ​ញាតិជួរខ្សែ​ផ្ទាល់នោះ​គឺអ្នក​កើត​តគ្នាពី​ ​១​ ​ទៅ ​១​តាម​លំដាប់​ឳពុក​កូនចៅ​ ​ចៅទួត​ ​។ល។​ ​រហូតដល់​ជាន់ទី​ ​៧​។​ញាតិជួរនេះ​តាមតែថ្នាក់​ណានឹង​ថ្នាក់ណា​ក៍ដោយ​ ច្បាប់ហាម​មិនឱ្យយកគ្នា​ជាប្តីប្រពន្ធឡើយ​ ។​
​ចំណែកឯ​សាខាញាតិ​នោះវិញ​ ​គឺអ្នកដែល​កើតចេញ​ពីគោត្រ​ជាមួយគ្នាដែរ​ ​តែបែក​ទៅជាមែក​ដទៃដូចយ៉ាង​បងប្អូនបង្កើត​ ​មាមីង​ ​និង​ ​ក្មួយ ​បងប្អូនជីដូនមួយ​ ​ជីទួតមួយ​ចុះ​រៀង​ទៅ​។ ​ញាតិទាំងពីរ​ខាងនេះ​ ​ច្បាប់អនុញ្ញាត​ឱ្យយកគ្នាជាប្តី​ប្រពន្ធ​បាន​ត្រឹមថ្នាក់ទី​ ​៤​ ត្រឹមបង​ប្អូនជីដូន​មួយចុះរៀង​ទៅ​។​នៅមានទស្សនៈ​មួយយល់ថា​ ​ញាតិការ​ ​៧​ ​សន្តាន​ គឺរាប់​អ្នកដែល​កើតចេញ​ពីគោត្រ​ជាមួយគ្នា​ ​ជាមែកដទៃ​រហូតដល់​ ៧ ​ថ្នាក់​ គឺបងប្អូនបង្កើត១​ បងប្អូនជីដូន១​ ជីទួត១​ ​ជីលួត១​ ​ជីលា១​ ​ជីប៉ា១​ ​ចុងកុល​ឬចុងគល់១​គម្រប់​ ​៧សន្តាន​ ​។ តាមទស្សនៈ​ខាងលើក៍ឃើញ​ថាសមរម្យម្យ៉ាង​ដែរ​ ​ព្រោះថាញាតកា​ខ្មែរយើង​មានឈ្មោះ​ ​៧​ ថ្នាក់​ប៉ណ្ណោះ​ ទោះរាប់​ទៅលើក្តី​ ​ទៅក្រោមក្តី​ ឬទោះខាងក្តី​។
៧ថ្នាក់ទៅលើ​ ​គឺឳពុកម្តាយ​ ​ជីដូនជីតា​ ​ជីទួត​ ​ជីលួត​ ​ជីលា​ ​ជីប៉ា​ ​ចុងកុល​ឬចុងគល់​(ចុងត្រកូល)​។​
​៧ថ្នាក់​ទៅក្រោម​គឺ ​កូន​ ​ចៅ​ ​ចៅទួត ​ចៅលួត ​ចៅលា​ ​ជីប៉ា​ ​ចុងកុល​
​ឯការរាប់​ទៅខាង​ក៍មាន​ ​៧​ ​ថ្នាក់ដូច​មានជូន​ក្នុងមែក​ដទៃក្នុងគោត្រ​ជាមួយគ្នាខាង​លើ​នេះស្រាប់។ 

Saturday, November 10, 2018

មហាសេដ្ឋីចិន លោក Jack Ma៖ “មនុស្សភាគច្រើនបរាជ័យដោយសារ គេខ្វះរបស់ទិព្វទាំង៤នេះ!”

មហាសេដ្ឋីចិន លោក Jack Ma៖ “មនុស្សភាគច្រើនបរាជ័យដោយសារ គេខ្វះរបស់ទិព្វទាំង៤នេះ!”

ផ្សាយបន្តដោយ មី ឡងឌី ១១ វិច្ឆិកា ២០១៨
មហាសេដ្ឋី​ទី​១​របស់​ចិន​ លោក​Jack Ma ជា​ស្ថាបនិក​របស់​ក្រុម​ហ៊ុន​លក់​ដូរ​ទំនិញ​Online ​ដ៏​ធំ​ឈ្មោះ Alibaba។ លោក​ជា​បុគ្គល​ជោគជ័យ​ដ៏​គួរ​ឲ្យ​កោតសរសើរ​​ម្នាក់​ ដែល​​អភិវឌ្ឍន៍​ខ្លួន​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​នៅ​ទី​ជនបទ​ដ៏​សាមញ្ញ​ មក​ជា​មហាសេដ្ឋី​ជំនួញ​ផ្នែក​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ជាង​គេ​​ម្នាក់​នៅ​ចិន​។​ (ប្រវត្ដិលោក​ Jack Ma)
ប៉ុន្តែ​ទម្រាំ​បាន​ប៉ុណ្ណេះ​ ប្រវត្តិ​នៃ​ការ​បង្កើត​អាជីវកម្ម​របស់​លោក​មាន​ភាព​ជូរចត់​បន្តិច​។ លោក ​Jack Ma ​និយាយ​ថា ខ្លួន​លោកដែល​​ធ្លាប់​តែ​​កាន់​ប៊ិច​ កាន់​ដី”ស”​ មក​បង្រៀន​សិស្ស ​តែ​បែជា​​ប្រែក្លាយ ជា​អ្នក​រក​ស៊ី​ខាង​បច្ចេកវិទ្យា​វិញ​នោះ​ គឺវា​​មិន​ងាយ​ស្រួល​ឡើយ​។ លោក​បង្ហើប​ថា លោក​ទទួល​បរាជ័យ​ច្រើន​ពេក​​ហើយ​ក្នុង​ជីវិត​នេះ​ ព្រោះ​​លោក​ទទួល​បាន​ការ​មើលងាយ និង​ជំទាស់​​​ពី​អ្នក​ដទៃ ​ច្រើន​ស្ទើរ​រាប់​មិន​អស់​ ក្នុងការ​​រក​​ស៊ី​បែប​ទីផ្សារ​អ៊ីនធឺណិត​ទាំង​ដែល​លោក​មិន​ដែល​ស្គាល់​ថា អ្វី​ជា​អ៊ីនធឺណិត​​ ហើយ​អ្វី​ជា​Websiteផង​​នោះ​។ ​ប៉ុន្តែ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ជម្នះ​ឧបសគ្គ​ទាំង​នោះ ​រហូត​​លោក​បាន​ឈរ​នៅ​ទី​នេះ​។
មហាសេដ្ឋី​រូប​នេះ​បាន​និយាយ​ពី​ដំណើរ​ នៃ​ចាប់​កំណើត​Alibaba ​​របស់ខ្លួន​​ថា ដំបូង​ឡើយ​នៅ​ឆ្នាំ​១៩៩៥​ លោក​​មាន​សំណាង​បាន​ទៅ​កាន់​សហរដ្ឋអាមេរិក​ ដែល​ពេល​នោះ​ហើយ​​​​បាន​ធ្វើ​ឲ្យ​លោក​​ស្គាល់​អុីនធឺណិត​ជា​លើក​ដំបូង​។ បើ​ទោះ​ជា​លោក មិន​ដឹង​ថា ​អ៊ីនធឺណិត​ដំណើរ​បែប​ណា Website ​ដំណើរ​ការ​ដូច​ម្ដេច​ និង​មិន​​ដឹង​ពី​ការ​សរសេរ​Code​បែប​ណា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ ​លោក​បាន​ប្រមើល​មើល​ឃើញ​ថា វិស័យ​អីុនធឺណិត​ នឹង​មាន​ភាព​ជឿនលឿន​ទៅ​ថ្ងៃ​អនាគត​ ហើយ​ក៏​​លោក​មាន​​​គំនិត​យ៉ាង​មុតមាំ​មួយ ​​ចង់​រក​ស៊ី​ជុំវិញ​វិស័យ​នេះ​។
​ហេតុ​នេះ​ហើយ​​ នៅ​ឆ្នាំ​១៩៩៩​ ពេល​ដែល​លោក​បាន​ត្រលប់​មក​​ស្រុក​នៅ​ចិន​វិញ​ លោក​ក៏​បាន​កៀរគរ​មិត្ត​២៤​នាក់​ដែល​​មាន​អ្នក​ខ្លះ​ចេះ​ផ្នែក​នេះ​​ និង​អ្នក​ខ្លះ​ក៏​អត់​ចេះ ​មក​អង្គុយ​និយាយ​គ្នា​នៅ​ផ្ទះ​លោក ​ក្នុង​គោលបំណង​​ចូល​រួម​បង្កើត​អាជីវកម្ម​​​នេះ​រួម​គ្នា​​។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ម៉ោង​នេះ​នៃ​ពិភាក្សា​គ្នា​នោះ​​លោក​ថា ​ក្នុង​​ចំណោម​មិត្តភ័ក្ដិ​ទាំង​២៤​នាក់​​របស់​លោក​នោះ​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​គាំទ្រ​គំនិត​លោក ​ចំណែក​២៣​នាក់​មិន​គាំទ្រ​ឡើយ។ ពួក​គេ​បាន​​លើក​ហេតុ​ផល​ជំទាស់​​ច្រើន​រាប់​មិន​អស់។ ពួក​គេ​ថា​ឲ្យ​លោក​ថា ​មិន​ចេះ​អ្វី​ទាក់ទង​នឹង​អ៊ីនធឺណិត​ផង​​ មិន​អាច​រក​ស៊ី​ផ្នែក​នេះ​បាន​ទេ “កុំ​យក​លុយ​​ទៅ​បោះ​ចោល​អី” ។
លោក​Jack Ma ថា “​ហើយ​មិន​មែន​តែ​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​២៣​នាក់​នេះ​ទេ នៅ​មាន​គ្រួសារ​ខ្ញុំ​ទៀត​។ ពួក​គេ​មិន​គាំទ្រ​ខ្ញុំ​ឡើយ​។​”​​​​​ យ៉ាង​ណា​ខ្ញុំ​​នៅ​មាន​មិត្តភ័ក្ដិ​ម្នាក់​គាំទ្រ​​ខ្ញុំ​ គេ​និយាយ​ថា​ “បើ​សិន​ជា​អ្នក​ចង់​ធ្វើ​វា​ទៅ​ហើយ​ធ្វើ​ទៅ​។ ព្យាយាម​ធ្វើ​ទៅ​។” ជា​មួយ​គ្នា​នេះ​ ខ្ញុំ​បាន​ប្រកាន់​ពាក្យ​ក្នុង​ចិត្ត​មួយ​ថា No matter what one does, regardless of failure or success, the experience is a form of success in itself – មាន​ន័យ​ថា មិន​ថា​បរាជ័យ​ ឬ​ជោគ​ជ័យ​ទេ អ្វី​មនុស្ស​យើង​ធ្វើ​គឺ​សុទ្ធតែ​ជា​បទពិសោធន៍​”។ លោក​Ma ថា​ លោក​តែ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា You have got to keep trying, and if it doesn’t work, you always can revert back to what you were doing before- ​អ្នក​ត្រូវ​តែ​រក្សា​ការ​តស៊ូ​ជា​ដាច់​ខាត​ ហើយ​ប្រសិន​ជា​អាជីវកម្ម​នេះ​មិន​ដើរ​អ្នក​នៅ​តែ​អាច​ត្រឡប់​ក្រោយ​វិញ​បាន​”។
ជា​កុសល​ ការ​តស៊ូ​​​របស់​ពិត​ជា​បង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​មោទនៈ​មែន ដោយ​​សារ​ក្រោយ​មក​លោក​ក៏​បាន​ការ​គាំទ្រ​ពី​​មិត្តភ័ក្ដិ​១៧​ផ្សេង​ទៀត ​ហើយ​ចូល​គ្នា​លុយ​គ្នា​ ប្រមូល​បាន​​ដើមទុន​​ចំនួន​៦​ម៉ឺន​​​ដុល្លារ​ ក៏​សរសេរ​Website និង​បើក​ក្រុមហ៊ុន​មួយ​គឺAlibaba ​នេះ​ឡើង​តែម្ដង។
ទី​បំផុត​សុបិន​របស់​លោក​បាន​ក្លាយ​ជា​ការ​ពិត​ ដោយ​Alibaba ពិត​ជា​រីក​ចម្រើន​​ខ្លួន​​លើស​ពី​ការ​រំពឹង​ទុក​ ហើយ​វា​មាន​រក​លុយ​ឲ្យ​វិញ​រាប់​ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ក្លាយ​អ្នក​មាន​ជាង​គេ​បំផុត​នៅ​ចិន​​។
បន្ទាប់​ពី​មាន​រឿង​រាវ​ដ៏​សែន​វែង​ឆ្ងាយ​ ទើប​មក​ដល់​ពេល​នេះ​លោក​Jack Ma ​និយាយ​ថា ​លោក​​រក​ឃើញ​មនុស្ស​ភាគ​ច្រើន​បរាជ័យ​ដោយ​សារ​ ខ្វះ​នូវ​ចំណុច​ទាំង​៤​នេះ​ គឺ​៖
១. គ្មាន​ចក្ខុវិស័យ​សម្លឹង​មើល​ឱកាស​នៅ​ពេល​អនាគត (​Being myopic to opportunity)
២. មើល​ងាយ​ឱកាស​ (Looking down on opportunities ) 
៣. គ្មាន​ចំណេះ​ដឹង​ ខ្វះ​ស្វែង​យល់​​ឲ្យ​បាន​ម៉ត់ចត់​ (Lacking understanding) 
៤. មិន​សកម្ម​ ឬ​តស៊ូ​​បញ្ចេញ​សកម្មភាព​ឆាប់​រហ័ស​ទាន់​ពេល​វេលា​ (​Failing to act quickly enough)  
​ជា​មួយ​គ្នា​​នេះ លោក​Jack Ma ​ក៏​មាន​សម្ដី​មួយ​ឃ្លា​ទៀត​ផង​ដែរ​ ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​​គិត​ និង​ប្រឹង​ប្រែង​កុំ​បង្អង់​ ដោយ​លោក​​និយាយ​ថា “If you’re still poor at 35, you deserve it! – ប្រសិន​បើ​អាយុ​៣៥​ឆ្នាំ​ហើយ​អ្នក​នៅ​តែ​ក្រ​ទៀត​នោះ ​​អ្នក​សម​មុខ​​ហើយ​”  មាន​ន័យ​ថា​ នៅ​មុន​អាយុ​៣៥​ឆ្នាំ ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ខំ​ប្រឹង​ប្រែង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​មាន​ជីវ​ភាព​ធូរធារ​ឡើង​ តែ​ក្រោម​អាយុ​៣៥​ហើយ​នៅ​តែ​មិន​មាន​ទៀត​នោះ​ គឺ​ពិបាក​​ក្លាយ​ជា​អ្នក​មាន​នឹង​គេ​ណាស់។

បន្តអត្ថបទដោយ មី ឡងឌី

Friday, November 9, 2018

ចំនួននិងឈ្មោះ ក្រុង ស្រុក ខណ្ឌដែលមាននៅក្នុងខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា

ទេស​កម្ពុជា​មាន​ក្រុង២៦ ស្រុក​១៥៩ ខណ្ឌ១២​​ សរុប​១៩៧ និង​មាន​​ឈ្មោះ​​ដូចខាង​ក្រោម៖

០១.ខេត្តបន្ទាយមានជ័យ (២ក្រុង, ៧ស្រុក)
១.ស្រុកស្វាយចេក ២.ស្រុកម៉ាឡៃ ៣.ក្រុងសិរិសោភ័ណ ៤.ក្រុងប៉ោយប៉ែត ៥.ស្រុកអូរជ្រៅ ៦.ស្រុកព្រះនេត្រព្រះ ៧.ស្រុក​ភ្នំស្រុក ៨.ស្រុកមង្គលបូរី ៩.ស្រុកថ្មពួក


០២.ខេត្តបាត់ដំបង (១ក្រុង, ១៣​ស្រុក)
១.ស្រុកបាណន់ ២.ស្រុក​ថ្មគោល ៣.ក្រុង​បាត់​ដំបង ៤.ស្រុក​បវេល ៥.ស្រុក​​ឯកភ្នំ ៦.ស្រុក​មោងឬស្សី ៧.ស្រុក​រុក្ខគីរី ៨.ស្រុក​រតនមណ្ឌល ៩.ស្រុក​សង្កែ ១០.ស្រុក​សំឡូត ១១.ស្រុក​សំពៅ​លូន ១២.ស្រុក​ភ្នំព្រឹក ១៣.ស្រុក​កំរៀង ១៤.ស្រុក​គាស់​ក្រឡ


០៣.ខេត្ត​កំពង់ចាម (១ក្រុង, ៩ស្រុក)
១.ស្រុក​ជើង​ព្រៃ ២.ក្រុង​កំពង់​ចាម ៣.ស្រុក​ស្ទឹង​ត្រង់ ៤.ស្រុក​កោះសូទិន ៥.ស្រុក​ស្រីសន្ធរ ៦.ស្រុក​បាធាយ ៧.ស្រុក​ចំការលើ ៨.ស្រុក​ព្រៃឈរ ៩.ស្រុក​កងមាស ១០.ស្រុក​កំពង់សៀម


០៤.ខេត្ត​កំពង់ឆ្នាំង (១ក្រុង, ៧ស្រុក)
១.ស្រុករលាប្អៀរ ២.ស្រុកកំពង់ត្រឡាច ៣.ស្រុកសាមគ្គីមានជ័យ ៤.ស្រុកកំពង់លែង ៥.ស្រុកបរិបូណ៌ ៦.ស្រុកទឹកផុស ៧.ក្រុងកំពង់ឆ្នាំង ៨.ស្រុកជលគីរី


០៥.កំពង់ស្ពឺ (១ក្រុង,៧ស្រុក)
១.ស្រុកឧដុង្គ ២.ស្រុកគងពិសី ៣.ស្រុកសំរោងទង ៤.ស្រុកភ្នំស្រួច ៥.ស្រុកថ្ពង ៦.ក្រុងច្បារមន ៧.ស្រុកបរសេដ្ឋ  ៨.ស្រុកឱរ៉ាល់

០៦.ខេត្តកំពង់ធំ (១ក្រុង, ៧ស្រុក)
១.ស្រុកបារាយណ៍ ២.ស្រុកកំពង់ស្វាយ ៣.ស្រុកប្រាសាទបាល្ល័ង្គ ៤.ក្រុងស្ទឹងសែន ៥.ស្រុកស្ទោង ៦.ស្រុកប្រាសាទសំបូរ ៧.ស្រុកសណ្តាន់ ៨.ស្រុកសន្ទុក

០៧.ខេត្តកំពត (១ក្រុង, ៧ស្រុក)
១.ស្រុកទឹកឈូ ២.ស្រុកកំពង់ត្រាច ៣.ស្រុកឈូក ៤.ស្រុកបន្ទាយមាស ៥.ស្រុកអង្គរជ័យ ៦.ស្រុកដងទង់ ៧.ស្រុកជុំគីរី ៨.ក្រុងកំពត
(ប៉ះពាល់បណ្ដាញបច្ចេកទេស សូមមេត្តាអធ្យាស្រ័យចំពោះការមិនបង្ហាញរូបភាព)

០៨.ខេត្តកណ្តាល (១ក្រុង, ១០ស្រុក)
១.ក្រុងតាខ្មៅ ២.ស្រុកកោះធំ ៣.ស្រុកស្អាង ៤.ស្រុកកៀនស្វាយ ៥.ស្រុកខ្សាច់កណ្តាល ៦.ស្រុកពញាឮ ៧.ស្រុកអង្គស្នួល ៨.ស្រុកកណ្តាលស្ទឹង ៩.ស្រុកមុខកំពូល ១០.ស្រុកល្វាឯម ១១.ស្រុកលើកដែក

០៩.ខេត្តកោះកុង (១ក្រុង, ៦ស្រុក)
១.ស្រុកថ្មបាំង ២.ស្រុកកោះកុង ៣.ស្រុកគិរីសាគរ ៤.ស្រុកមណ្ឌលសីមា ៥.ស្រុកស្រែអំបិល ៦.ស្រុកបូទមសាគរ ៧.ក្រុងខេមរភូមិន្ទ

១០.ខេត្តក្រចេះ (១ក្រុង, ៥ស្រុក)
១.ស្រុកចិត្របុរី ២.ស្រុកឆ្លូង ៣.ក្រុងក្រចេះ ៤.ស្រុកព្រែកប្រសព្វ ៥.ស្រុកសំបូរ ៦.ស្រុកស្នួល

១១.ខេត្តមណ្ឌលគិរី (១ក្រុង, ៤ស្រុក)
១.ស្រុកកែវសីមា ២.ស្រុកកោះញែក ៣.ស្រុកអូររាំង ៤.ស្រុកពេជ្រាដា ៥.ក្រុងសែនមនោរម្យ


១២.រាជធានីភ្នំពេញ (១២ខណ្ឌ)
១.ខណ្ឌដូនពេញ ២.ខណ្ឌ៧មករា ៣.ខណ្ឌទួលគោក ៤.ខណ្ឌដង្កោ ៥.ខណ្ឌមានជ័យ ៦.ខណ្ឌឫស្សីកែវ ៧.ខណ្ឌសែនសុខ ៨.ខណ្ឌពោធិ៍សែនជ័យ ៩.ខណ្ឌព្រែកព្នៅ ១០.ខណ្ឌជ្រោយចង្វារ ១១.ខណ្ឌច្បារអំពៅ ១២.ខណ្ឌចំការមន

១៣.ខេត្តព្រះវិហារ (១ក្រុង, ៧ស្រុក)
១.ស្រុកត្បែងមានជ័យ ២.ក្រុងព្រះវិហារ ៣.ស្រុកឆែប ៤.ស្រុកសង្គមថ្មី ៥.ស្រុកជ័យសែន ៦.ស្រុកគូលែន ៧.ស្រុកជាំក្សាន្ត ៨.ស្រុករវៀង

១៤.ខេត្តព្រៃវែង (១ក្រុង, ១២ស្រុក)
១.ស្រុកព្រះស្តេច ២.ស្រុកកំពង់ត្របែក ៣.ស្រុកស្វាយអន្ទរ ៤.ស្រុកមេសាង ៥.ស្រុកបាភ្នំ ៦.ស្រុកស៊ីធរកណ្តាល ៧.ស្រុកកញ្ច្រៀច ៨.ស្រុកពាមជរ ៩.ស្រុកពាមរក៍ ១០.ស្រុកកំចាយមារ ១១.ស្រុកពារាំង ១២.ស្រុកពោធិ៍រៀង ១៣.ក្រុងព្រៃវែង
(ប៉ះពាល់បណ្ដាញបច្ចេកទេស សូមមេត្តាអធ្យាស្រ័យចំពោះការមិនបង្ហាញរូបភាព)
១៥.ខេត្តពោធិ៍សាត់ (១ក្រុង, ៥ស្រុក)
១.ស្រុកក្រគរ ២.ស្រុកភ្នំក្រវាញ ៣.ស្រុកកណ្តៀង ៤.ស្រុកវាលវែង ៥.ក្រុងពោធិ៍សាត់ ៦.ស្រុកបាកាន

១៦.ខេត្តរតនគិរី (១ក្រុង, ៨ស្រុក)
១.ស្រុកអូរជុំ .២.ស្រុកវើនសៃ ៣.ស្រុកបរកែវ ៤.ស្រុកលំផាត់ ៥.ស្រុកកូនមុំ ៦.ស្រុកអណ្តូងមាស ៧.ស្រុកអូរយ៉ាដាវ ៨.ស្រុកតាវែង ៩.ក្រុងបានលុង


១៧.ខេត្តសៀមរាប (១ក្រុង, ១១ស្រុក)
១.ស្រុកអង្គរធំ ២.ស្រុកបន្ទាយស្រី ៣.ស្រុកជីក្រែង ៤.ស្រុកក្រឡាញ់ ៥.ស្រុកវ៉ារិន ៦.ស្រុកស្វាយលើ ៧.ស្រុកស្រីស្នំ ៨.ស្រុកសូត្រនិគម ៩.ក្រុងសៀមរាប ១០.ស្រុកប្រាសាទបាគង ១១.ស្រុកពួក ១២.ស្រុកអង្គរជុំ

១៨.ខេត្តព្រះសីហនុ (១ក្រុង, ៣ស្រុក)
១.ស្រុកព្រៃនប់ ២.ក្រុងព្រះសីហនុ ៣.ស្រុកស្ទឹងហាវ ៤.ស្រុកកំពង់សីលា

១៩.ខេត្តស្ទឹងត្រែង (១ក្រុង, ៤ស្រុក)
១.ស្រុកថាឡាបរិវ៉ាត់ ២. ក្រុងស្ទឹងត្រែង ៣.ស្រុកសៀមប៉ាង ៤.ស្រុកសេសាន ៥.ស្រុកសៀមបូក


២០.ខេត្តស្វាយរៀង (២ក្រុង, ៦ស្រុក)
១.ក្រុងស្វាយរៀង ២.ក្រុងបាវិត ៣.ស្រុកចន្ទ្រា ៤.ស្រុកស្វាយទាប ៥.ស្រុកកំពង់រោទិ៍ ៦.ស្រុករំដួល ៧.ស្រុកស្វាយជ្រំ ៨.ស្រុករមាសហែក

២១.ខេត្តតាកែវ (១ក្រុង, ៩ស្រុក)
១.ស្រុកបុរីជលសារ ២.ក្រុងដូនកែវ ៣.ស្រុកកោះអណ្តែត ៤.ស្រុកអង្គរបូរី ៥.ស្រុកព្រៃកប្បាស ៦.ស្រុកគិរីវង់ ៧.ស្រុកទ្រាំង ៨.ស្រុកសំរោង ៩.ស្រុកត្រាំកក់ ១០.ស្រុកបាទី


២២.ខេត្តឧត្តរមានជ័យ (១ក្រុង, ៤ស្រុក)
១.ក្រុងសំរោង ២.ស្រុកបន្ទាយអំពិល ៣.ស្រុកអន្លង់វែង ៤.ស្រុកត្រពាំងប្រាសាទ ៥.ស្រុកចុងកាល់
(ប៉ះពាល់បណ្ដាញបច្ចេកទេស សូមមេត្តាអធ្យាស្រ័យចំពោះការមិនបង្ហាញរូបភាព)
២៣.ខេត្តកែប (១ក្រុង, ១ស្រុក)
១.ស្រុកដំណាក់ចង្អើរ ២.ក្រុងកែប

២៤.ខេត្តប៉ៃលិន (១ក្រុង, ១ស្រុក)
១.ស្រុកសាលាក្រៅ ២.ក្រុងប៉ៃលិន

២៥.ខេត្តត្បូងឃ្មុំ (១ក្រុង, ៦ស្រុក)
១.ស្រុកមេមត់ ២.ស្រុកពញាក្រែក ៣.ស្រុកក្រូចឆ្មារ ៤.ស្រុកតំបែរ ៥.ស្រុកអូររាំងឳ ៦.ក្រុងសួង ៧.ស្រុកត្បូងឃ្មុំ
(ប៉ះពាល់បណ្ដាញបច្ចេកទេស សូមមេត្តាអធ្យាស្រ័យចំពោះការមិនបង្ហាញរូបភាព)

ដោយ មី ឡងឌី ២០១៨