Friday, October 19, 2018

មោទនភាពជាតិ! កូនខ្មែរមួយរូប បានក្លាយជាអគ្គ​លេខាធិការ​រងអាស៊ានពេលថ្មីៗនេះ

មោទនភាពជាតិ! កូនខ្មែរមួយរូប បានក្លាយជាអគ្គ​លេខាធិការ​រងអាស៊ានពេលថ្មីៗនេះ

លោក គង់ ភោគ អតីតអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បាន​ស្បថចូល​កាន់តំណែងជាអគ្គ​លេខាធិការ​រងអាស៊ាន កាលពី​ថ្ងៃ​ទី១២ ខែតុលា នៅទីស្នាក់​ការអាស៊ានដែលមានមូលដ្ឋាន​ក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ សម្រាប់តំណែងនេះ លោក គង់ ភោគ ទទួល​បន្ទុកសហគមន៍​សង្គម-វប្បធម៌ (ASCC) ដែលមាន​អាណត្តិពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១។
លោក គង់ ភោគ ត្រូវ​ចូលកាន់​តំណែង​ជំនួស​លោក Vongthep Arthakaivalvatee ។ លោក គង់ ភោគ ត្រូវបំពេញ​កិច្ចការងារ​ជួយ​ដល់​អគ្គលេខាធិការ​អាស៊ាន ដោយ​ដឹកនាំ​ការអនុវត្ត​តាម​ផែនការមេ​នៃ​កិច្ចការ​សហគមន៍​សង្គម​-​វប្បធម៌ (ASCC) ហើយនឹង​ដឹកនាំ​នាយកដ្ឋាន​សហគម​ន៍ស​ង្គ​ម​-​វប្បធម៌ នៃ​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។​
​ក្រៅពីនេះ​លោក គង់ ភោគ ក៏ត្រូវ​ទទួលខុសត្រូវ​លើ​ការតាមដាន ការអនុវត្ត​គម្រោង​នៅក្រោម​សហគមន៍​សង្គម​-​វប្បធម៌ ដែល​ផ្ដោតទៅលើ​ការបង្កើត​ឲ្យ​មាន​អត្តសញ្ញាណ​រួមមួយ និង​ការកសាង​សង្គម ដែល​យកចិត្តទុកដាក់ និង​ចែករំលែក​។​
​មុននឹង​ចូលកាន់​តំណែង​អគ្គលេខាធិការរង​អាស៊ាន​នេះ លោក គង់ ភោគ ធ្លាប់​បម្រើ​ការងារ​ជា​អនុរដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​បំពេញការងារ​លើ​គោលនយោបាយ​ការបរទេស នៅក្នុង​កា​រិ​យា​នាយករដ្ឋមន្ត្រី​ផងដែរ​។​លោក គង់ ភោគ ក៏​ធ្លាប់ជា​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ ដែល​បង្កើតឡើង​កាលពី​២០១៤ ដែល​ផ្ដល់​ដំណោះស្រាយ​គោលនយោបាយ ដោយ​មិន​ប្រកាន់​បក្សពួក និង​ផ្អែកទៅលើ​ភស្តុតាង​។​
​បណ្ឌិត គង់ ភោគ បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ Warwick ប្រទេស​អង់គ្លេស ហើយ​គាត់​ក៏បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ Australian National ផង​។ លោក គង់ ភោគ បាន​សរសេរ​និង​ផ្សព្វផ្សាយ​សៀវភៅ​ពី​គោលនយោបាយ​ការបរទេស​, គោលនយោបាយ​ការពារ​, នយោបាយ​ជាតិ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម​៕
 


ដកស្រង់ដោយ មី ឡងឌី

No comments:

Post a Comment