ចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នធ្លាក់ខ្លួនឈឺដោយសារជំងឺទាំងនេះ
បណ្ដាអង្គការសុខភាពពិភពលោកបានព្រមានពីគ្រោះថ្នាក់នៃការញ៉ាំអាហារប្រៃរាប់ឆ្នាំមកហើយ ដោយអះអាងថា ញ៉ាំអាហារមានជាតិប្រៃខ្លាំងបណ្ដាលឲ្យឡើងសម្ពាធឈាម វិវត្តទៅជាជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល។ អត្ថបទនេះនឹងរៀបរាប់លម្អិតពីអំបិល និងផលរបស់វាមកលើសុខភាព។
អំបិល មានឈ្មោះគីមីថា «សូដ្យូមក្លរីត (NaCl)» ដែលមានបរិមាណសូដ្យូម ៤០% និងក្លរីត ៦០%។ អំបិល ជាប្រភពរ៉ែសូដ្យូមដ៏ច្រើនបំផុត ហើយជាទូទៅ ពាក្យ «អំបិល» និង «សូដ្យូម» គេហៅមានន័យដូចគ្នា។
សូដ្យូម មានមុខងារសំខាន់ក្នុងការធ្វើឲ្យមានតុល្យភាពជាតិទឹកក្នុងរាងកាយ បញ្ជូនព័ត៌មានសរសៃប្រសាទ និងសាច់ដុំបំពេញមុខងាររបស់ខ្លួន។ រាងកាយមនុស្សមិនអាចដំណើរការ ដោយគ្មានរ៉ែសូដ្យូមបាននោះឡើយ។
ម្យ៉ាងទៀត អំបិលត្រូវគេប្រើប្រឡាក់ ឬផ្អាប់សាច់ ដើម្បីរក្សាសាច់កុំឲ្យខូច។ បរិមាណអំបិលកាន់តែច្រើន អាចការពារមិនឲ្យមានបាក់តេរីច្រើន ដែលធ្វើឲ្យសាច់ខូច។
អំបិល ឬជាតិប្រៃខ្លាំង ប៉ះពាល់ម៉េចខ្លះដល់សុខភាព?
យោងតាមសមាគមបេះដូងអាមេរិក (American Heart Association) បានឲ្យដឹងថា មនុស្សពេញវ័យ ត្រូវការជាតិរ៉ែសូដ្យូមខ្ពស់បំផុត ១៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ។ មានន័យថា អ្នកត្រូវការ សូដ្យូម តិចជាង ១៥០០ មិល្លីក្រាមក្នុងមួយថ្ងៃ។
បរិមាណសូដ្យូម ១៥០០ មិល្លីក្រាម ស្មើនឹងបរិមាណអំបិលស្ទើរតែមួយស្លាបព្រាកាហ្វេ ឬអំបិល ៣,៧៥ ក្រាម (អំបិលមានសូដ្យូម ៤០% និងក្លរីត ៦០%)។ បញ្ហាត្រង់ថា បច្ចុប្បន្ន មនុស្សភាគច្រើនញ៉ាំជាតិប្រៃ ច្រើនជាងបរិមាណកំណត់ក្នុងមួយថ្ងៃ។
នៅពេលបរិមាណអំបិល (សូដ្យូម) កាន់តែច្រើននៅក្នុងចរន្តឈាម វាបង្រួមជាតិទឹកក្នុងសរសៃឈាមកាន់ច្រើន ដែលជាហេតុធ្វើឲ្យសម្ពាធឈាមកើនឡើង។ សម្ពាធឈាមឡើង មានន័យថា បេះដូងត្រូវធ្វើការកាន់តែខ្លាំងជាងមុន ដើម្បីច្របាច់បញ្ជូនឈាមតាមសរសៃឈាម។ សម្ពាធឈាមខ្ពស់ ជាកត្តាបណ្ដាលឲ្យមានជំងឺបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងខូចតម្រងនោម។
អាហារដែលសម្បូរជាតិអំបិលខ្លាំង ជាប្រភេទអាហារផ្អាប់ (ត្រាំ ប្រឡាក់) អាហារកែច្នៃ អាហារកំប៉ុង ទឹកស៊ីអ៊ីវ ជាដើម។ សូម្បីនំប៉័ង និងឈីស (Cottage Cheese) ដែលមើលមិនទំនងប្រៃ ក៏មានជាតិអំបិលច្រើនដែរ។
បរិមាណអំបិល (សូដ្យូម) ប៉ុណ្ណា ទើបគ្មានបញ្ហាសុខភាព?
ការងារដំបូង អ្នកគួរជួបពិគ្រោះយោបល់ជាមួយពេទ្យជំនាញរបស់អ្នក។ បើពេទ្យណែនាំឲ្យបន្ថយញ៉ាំប្រៃ អ្នកគួរធ្វើតាម។
ប៉ុន្តែ បើអ្នកសុខភាពល្អហើយ អ្នកមិនបាច់ឈឺក្បាលត្រូវគិតរឿងបរិមាណអំបិលដែលអ្នកញ៉ាំនោះទេ ដោយគ្រាន់តែ៖
- ញ៉ាំអាហារស្រស់ (មិនកែច្នៃ មិនច្រកកំប៉ុង មិនប្រឡាក់ មិនផ្អាប់ទុក)
- បន្ថែមបរិមាណអំបិលសមស្របទៅក្នុងម្ហូប ឲ្យមានរសជាតិល្មម មិនមែនប្រៃ ជាការស្រេច៕
No comments:
Post a Comment