អត់ញ៉ាំអីពេលព្រឹក ពិតជាប៉ះពាល់ធ្ងន់ដល់សុខភាព?
«អាហារពេលព្រឹក» មួយម៉ាត់
ជាប្រធានបទដ៏ក្ដៅគគុកប្រកែកគ្នាមិនចប់រាប់ទសវត្សមកហើយ
រវាងអ្នកស្រាវជ្រាវ និងអ្នកជំនាញអាហារូបត្ថម្ភទូទាំងពិភពលោក។ការស្រាវជ្រាវខ្លះបង្ហាញថា អាហារពេលព្រឹក ជាអាហារសំខាន់បំផុតក្នុងចំណោមអាហារទាំង ៣ ពេល ដោយអះអាងថា៖
- (១) អាហារពេលព្រឹក ជួយជំរុញដំណើរការដុតបម្លែងអាហារទៅជាថាមពលក្នុងរាងកាយ ធ្វើឲ្យមនុស្សមានកម្លាំង និងស្មារតីស្វាង។
- (២) ការមិនញ៉ាំអីពេលព្រឹក អាចធ្វើឲ្យមនុស្សធាត់ វិវឌ្ឍទៅជាបញ្ហាឡើងឈាម រហូតដល់មានបញ្ហាបេះដូង និងកើតជំងឺទឹកនោមផ្អែមទៀតផង។ ធាត់ គឺដោយសារមនុស្សកាន់តែឃ្លាន និងញ៉ាំច្រើនពេលបាយថ្ងៃត្រង់ និងល្ងាច ដោយសារអត់ញ៉ាំអីពេលព្រឹក។
លោក James Betts សាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភ នៅសាកលវិទ្យាល័យ Bath ប្រទេសអង់គ្លេស បញ្ជាក់ថា ការសិក្សាស្រាវជ្រាវបែបពិសោធចុងក្រោយបំផុតមួយនាខែកុម្ភៈ ដើមឆ្នាំ២០១៨ ដោយតម្រូវឲ្យមនុស្សអត់ញ៉ាំអាហារពេលព្រឹករយៈពេល ៦ សប្ដាហ៍ រកឃើញថា ការញ៉ាំ ឬមិនញ៉ាំអីពេលព្រឹក មិនប៉ះពាល់រឿងឡើងគីឡូនោះទេ។
ម្យ៉ាងទៀត សារព័ត៌មានសុខភាពដ៏ធំរបស់អាមេរិក Healthline បានចុះផ្សាយថា ការដែលញ៉ាំអាហារពេលព្រឹក ជួយជំរុញដំណើរការដុតបម្លែងអាហារទៅជាថាមពលនោះ ជារឿងមិនពិតដែរ។ ការស្រាវជ្រាវជាច្រើនបញ្ជាក់ថា បរិមាណថាមពលកាឡូរីក្នុងរាងកាយដែលបានពីការដុតបម្លែងអាហារក្នុងរយៈពេល ២៤ ម៉ោង មិនមានភាពខុសគ្នារវាងអ្នកញ៉ាំអាហារពេលព្រឹក និងអ្នកមិនញ៉ាំអាហារពេលព្រឹកនោះទេ។
មនុស្សពេញវ័យ ញ៉ាំ ឬអត់ញ៉ាំអាហារពេលព្រឹក មិនប៉ះពាល់ដល់សុខភាពនោះឡើយ។ ប៉ុន្តែ បើទម្លាប់ញ៉ាំអាហារពេលព្រឹក ត្រូវញ៉ាំអាហារផ្ដល់ប្រយោជន៍សុខភាព ដូចជា ពងមាន់ ផ្លែឈើ បន្លែ ទឹករ៉ែធម្មជាតិ ជាដើម៕
No comments:
Post a Comment