Showing posts with label Healt&cookie. Show all posts
Showing posts with label Healt&cookie. Show all posts

Wednesday, October 24, 2018

នេះ​ហើយ​អាថ៌កំបាំង​ជនជាតិ​ជប៉ុន​មិន​ងាយ​ចាស់ និង​អាយុ​វែង​ជាង​គេ​លើ​ពិភពលោក

នេះ​ហើយ​អាថ៌កំបាំង​ជនជាតិ​ជប៉ុន​មិន​ងាយ​ចាស់ និង​អាយុ​វែង​ជាង​គេ​លើ​ពិភពលោក

ជប៉ុន ជា​ជាតិ​សាសន៍​ដែល​ពិភពលោក​កោត​ស្ញប់ស្ញែង និង​សរសើរ​ជាង​គេ​ក្នុង​ពិភពលោក​ពាក់ព័ន្ធ​នឹង​ទម្លាប់​ការ​រស់​នៅ សីលធម៌ និង​ការងារ​របស់​ពួកគេ។ រឿង​មួយ​ទៀត​ដែល​គេ​ល្បី​និយាយ​តៗ​គ្នា​ពី​ជប៉ុន គឺ​ជនជាតិ​មួយ​នេះ ជា​ប្រជាជន​អាយុ​វែង​ជាង​គេ​លើ​ពិភព​លោក។
យោង​តាម​ទិន្នន័យ​ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ជប៉ុន​មាន​ប្រជាជន ១២៧ លាន​នាក់​នៅ​ឆ្នាំ​២០១៦ ខណៈ​ដែល​ប្រជាជន​មាន​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​ដល់​ទៅ ៨៣,៧ ឆ្នាំ​ឯណោះ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ជនជាតិ​ជប៉ុន​អាយុ​ចាប់​ពី ៩០ ឆ្នាំ​ឡើង​ទៅ មាន​រហូត​ដល់​ជាង ២ លាន​នាក់​ឯណោះ។ នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ចុះ​អ្វី​ជា​អាថ៌កំបាំង​ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន​មាន​អាយុ​វែង និង​សុខភាព​ល្អ​ដល់​ថ្នាក់​ហ្នឹង?
សារព័ត៌មាន​ធំៗ​របស់​អង់គ្លេស The Telegraph និង BBC Good Food បាន​លើក​យក​អាថ៌កំបាំង​អាយុ​វែង​សំខាន់ៗ ៣ យ៉ាង​របស់​ប្រជាជន​ជប៉ុន​មក​បង្ហាញ៖
១. របប​អាហារ
របប​អាហារ​របស់​ជនជាតិ​ជប៉ុន មាន​តុល្យភាព និង​សុខភាព​ល្អ ដែល​មាន​គ្រឿង​សមុទ្រ ជា​ពិសេស​ត្រី​ស្រស់ៗ សារាយ​សមុទ្រ គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ និង​តៅហ៊ូ​សណ្ដែក​សៀង។ ជប៉ុន​មិន​ញ៉ាំ​អាហារ​កំប៉ុង ឬ​អាហារ​កែច្នៃ​ចេញ​ពី​រោងចក្រ​ដូច​លោក​ខាង​លិច​ឡើយ ខណៈ​អាហារ​កែច្នៃ​ទាំង​នោះ​ត្រូវ​គេ​សិក្សា​ថា​អាច​បង្ក​ទៅ​ជំងឺ​ផ្សេងៗ និង​មហារីក។ ទិន្នន័យ​ចុង​ក្រោយ ជប៉ុន​មាន​អត្រា​ប្រជាជន​ធាត់​ត្រឹម ៣,៥% ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប ១២៧ លាន​នាក់។
អាហារ​ថ្ងៃត្រង់​របស់​សិស្ស​សាលា​ជប៉ុន មាន​ជាតិ​ស្ដរ​កែច្នៃ​តិចតួច​បំផុត
ជប៉ុន​និយម​ញ៉ាំ​ត្រី​សមុទ្រ​ឆៅ នៅ​ក្នុង​ម្ហូប Sushi និង Sashimi។ បន្លែ​លើ​ដី​គោក​គ្រប់​ពណ៌ និង​ក្នុង​សមុទ្រ ពិសេស​សារាយ​សមុទ្រ ក៏​ពេញ​និយម​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​រ៉ែ និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់។ ឯ​ផ្លែឈើ​វិញ ត្រូវ​គេ​ញ៉ាំ​ជាមួយ​អាហារ​ពេល​ព្រឹក និង​ជា​បង្អែម​ពេល​ល្ងាច ដូចជា ផ្លែ​ប៉ោម Fuji ក្រូច​ឃ្វិច ផ្លែ​ទម្លាប់​ជា​ដើម។ ឯ​តែ​បៃតង​ម៉ាចា (Macha) វិញ​ដែល​កំពុង​តែ​ផ្អើល​ល្បី​នៅ​អង់គ្លេស​ដែរ​នោះ ជា​តែ​ពេញ​និយម​បំផុត​របស់​ជប៉ុន​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដោយ​វា​សម្បូរ​សារធាតុ​អង់ទី​អុកស៊ីតកម្ម​ដែល​ការពារ​មិន​ឲ្យ​មាន​មហារីក មេរោគ និង​ជំងឺ​បេះដូង។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជប៉ុន​បាន​ដាក់​ចេញ​គោលនយោបាយ​ពាក់ព័ន្ធ​របប​អាហារ​តាំង​ពី​សាលារៀន​កម្រិត​ទាប​មក​ម្ល៉េះ ដោយ​ណែនាំ​ឲ្យ​ក្មេងៗ​ញ៉ាំ​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ បរិមាណ​សាច់​ស្រស់​ល្មម តៅហ៊ូ​សណ្ដែក​សៀង ត្រី និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​កែច្នៃ​តិច​តួច​បំផុត។ របប​អាហារ​នេះ មាន​កាឡូរី​ទាប តែ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ជួយ​ឲ្យ​ពួកគេ​នៅ​ក្មេង មាន​អាយុ​វែង មិន​មាន​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរ​ក្បាល មិន​ធ្វើ​ឲ្យ​ធាត់ និង​កាត់​បន្ថយ​ជំងឺ​តាម​វ័យ ដូចជា ទឹក​នោម​ផ្អែម មហារីក រលាក​សន្លាក់ និង​ភ្លេចភ្លាំង ជា​ដើម។
២. ទម្លាប់​រស់​នៅ
ប្រជាជន​ជប៉ុន មាន​ទម្លាប់​រស់​នៅ​ស្អាត មាន​អនាម័យ ខុស​ពី​ជនជាតិ​ចិន​ក្បែរ​ខាង​ដាច់​ស្រឡះ​តែ​ម្ដង។ បរិស្ថាន​នៃ​ការ​រស់នៅ គឺ​ស្អាត មាន​របៀបរបប។ ពួកគេ​រស់​នៅ​ស្អាត ញ៉ាំ​ស្អាត និង​ហាត់​ប្រាណ​ជា​ប្រចាំ​តាំង​ពី​វ័យ​ក្មេង។ ជាក់ស្ដែង ទិន្នន័យ ៦ ឆ្នាំ​មុន​កាល​ពី​ឆ្នាំ​២០១២ ក្មេងៗ​សិស្ស​សាលា​ជប៉ុន ៩៨% នាំ​គ្នា​ដើរ ឬ​ជិះ​កង់​ទៅ​សាលា។
៣. ប្រព័ន្ធ​សុខាភិបាល​ទំនើប
ប្រព័ន្ធ​សុខាភិបាល​ជប៉ុន ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​សុខាភិបាល​ល្អ​បំផុត​មួយ​ក្នុង​ពិភព​លោក ដោយ​មាន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប ហើយ​ប្រជាជន​អាច​ចូល​ពេទ្យ​រដ្ឋ​ក៏​បាន រដ្ឋ​កាត់​ឯកជន​ក៏​បាន ឯ​រដ្ឋាភិបាល​ជប៉ុន​វិញ​ត្រូវ​បង់​ចំណាយ​យ៉ាង​ហោច​ណាស់ ៧០% នៃ​ថ្លៃ​ព្យាបាល។ បើ​ប្រជាជន​ក្រី​ក្រ​វិញ រដ្ឋាភិបាល​នឹង​បង់​ថ្លៃ​ព្យាបាល​ច្រើន​ជាង ៧០% ទៀត​ផង៕
តែបៃតងម៉ាចា
ផ្លែប៉ោម Fuji

អត្ថបទ៖ សុផាត           ផ្សាយបន្តដោយ មី ឡងឌី
សូមចុច Followដើម្បីបានអត្ថបទថ្មីៗបន្តទៀត សូមអរគុណ

Friday, October 19, 2018

ទឹក​ដោះ​គោ​ស្រស់ បង្កើត​គ្រោះ​ថ្នាក់​ធំ​ដល់​សុខភាព បើ​អត់​ឃើញ​ដាក់​សញ្ញា​នេះ

 ទឹក​ដោះ​គោ​ស្រស់ បង្កើត​គ្រោះ​ថ្នាក់​ធំ​ដល់​សុខភាព បើ​អត់​ឃើញ​ដាក់​សញ្ញា​នេះ

ទឹក​ដោះ​គោស្រស់ និង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោស្រស់ ដូច​ជា ​ទឹក​ដោះ​គោ​ជូរ យ៉ាអួរ Cheese ឬ Cream សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​យ៉ាង​ច្រើន​ជួយ​ដល់​ការ​លូតលាស់​របស់​មនុស្ស។ ប៉ុន្តែ ទឹក​ដោះ​គោ​ស្រស់ (Raw Milk) មាន​មីក្រូ​សព៌ាង្គកាយ​គ្រោះ​ថ្នាក់​ជា​ច្រើន​ដែល​បង្ក​គ្រោះ​ថ្នាក់​អ្នក​ញ៉ាំ។
យោង​តាម​ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការ​ពារ​ជំងឺ (CDC) របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា ទឹក​ដោះ​គោ​ស្រស់​ដែល​មិន​សម្លាប់​មេរោគ (Unpasteurized Milk) មាន​គ្រោះ​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ពុល​អាហារ ជាង​ទឹក​ដោះ​គោ​ស្រស់​ដែល​សម្លាប់​មេរោគ​រួច (Pasteurized Milk) ដល់​ទៅ ១៥០ ឯ​ណោះ​ដង។ Unpasteurized Milk អាច​មាន​បាក់តេរី​គ្រោះ​​ថ្នាក់​ជា​ច្រើន ដូចជា Salmonella, E. coli និង Listeria ដែល​ធ្វើ​ឲ្យ​ពុល​អាហារ​ក្អួត រាក ឈឺ​ពោះ ឈឺ​ក្បាល គ្រុន​ក្ដៅ រមាស់​ពេញ​ខ្លួន។
បាក់តេរី​គ្រោះ​ថ្នាក់​ទាំង​នេះ អាច​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​អ្នក​ញ៉ាំ​ទឹក​គោ​ស្រស់ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់​ដែល​មិន​សម្លាប់​មេរោគ ឬ​មិន​ធ្វើ Pasteurize។ បាក់តេរី​ទាំង​នេះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​ខ្សោយ មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ក្មេងៗ។
ប៉ុន្តែ ជាក់​ស្ដែង ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការ​ពារ​ជំងឺ​របស់​អាមេរិក រក​ឃើញ​ថា ការ​ពុល​អាហារ​ដោយ​សារ​ទឹក​គោ​ស្រស់ ប៉ះពាល់​ជា​ពិសេស​ដល់​ក្មេងៗ និង​មនុស្ស​ពេញ​វ័យ​ជំទង់។
គ្រោះ​ថ្នាក់​បាក់តេរី Listeria និង​ស្ត្រី​មាន​ផ្ទៃ​ពោះ
ស្ត្រី​មាន​ផ្ទៃ​ពោះ ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដោយ​សារ​បាក់តេរី Listeria ដែល​អាច​ធ្វើ​ឲ្យ​ស្ត្រី​រលូត​កូន ឬ​ទារក​ទើប​កើត​ស្លាប់ ឬ​ឈឺ។ ដូច្នេះ បើ​សិន​ស្ត្រី​មាន​ផ្ទៃ​ពោះ ញ៉ាំ​ទឹក​ដោះ​គោ​ស្រស់ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះ​គោ​ស្រស់​ដែល​មិន​សម្លាប់​មេរោគ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃដោយ​មិន​ដឹង​ខ្លួន បើ​ទោះ​ម្ដាយ​មិន​មាន​អារម្មណ៍​ឈឺ​ក៏​ដោយ។
អីគេ​​ជា​ទឹកដោះ​គោ​ស្រស់​ដែល​សម្លាប់​មេរោគ​រួច ឬ Pasteurized Milk?
Pasteurization ជា​ដំណើរ​ការ​សម្លាប់​រាល់​បាក់តេរី​គ្រោះ​ថ្នាក់ បង្កើត​ឡើង​ដោយ​លោក Louis Pasteur ក្នុង​ឆ្នាំ​១៨៦៤ ដោយ​ដុត​កម្ដៅ​ទឹក​ដោះ​គោ​ស្រស់​ក្នុង​កម្រិត​សីតុណ្ហភាព និង​ពេល​វេលា​ជាក់​លាក់​ណា​មួយ។ បើ​ដុត​កម្ដៅ​សម្លាប់​មេរោគ​អ៊ីចឹង តើ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​គោ​ស្រស់ បាត់​បង់​ដែរ​អត់?
ការ​ស្រាវជ្រាវ​បង្ហាញ​ថា សារធាតុ​ចិញ្ចឹម​នៅ​ក្នុង Pasteurized Milk និង Unpasteurized Milk មិន​ខុស​គ្នា​ទេ។ មាន​ន័យ​ថា កម្រិត​សារធាតុ​ចិញ្ចឹម​នៅ​ដដែល ក្រោយ​ធ្វើ Pasteurize ដុត​កម្ដៅ​សម្លាប់​មេរោគ​រួច។ ប៉ុន្តែ Pasteurized Milk ដែល​សម្លាប់​មេរោគ​រួច នៅ​មាន​សល់​ប្រភេទ​បាក់តេរី​គ្មាន​គ្រោះ​ថ្នាក់​ក្នុង​កម្រិត​តិច​តួច​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខូច​ទឹក​ដោះ​គោ​ខូច បើ​សិន​មិន​រក្សា​ទុក​ត្រឹម​ត្រូវ។ ដូច្នេះ ការ​រក្សា​ទុក​ទឹក​ដោះ​គោ​ស្រស់​នៅ​ក្នុង​ទូ​ទឹក​កក​ពិត​ជា​សំខាន់។ នេះ​យោង​តាមការ​ចេញ​ផ្សាយ​របស់​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​របស់​អាមេរិក FDA។

យ៉ាអួ
ធ្វើ​ម៉េច​ទើប​ដឹង​ថា ទឹក​ដោះ​គោ​ស្រស់ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់​នោះ សម្លាប់​មេរោគ​រួច​ទៅ?
ទឹក​ដោះ​គោ​ស្រស់ និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់​ដែល​មាន​លក់​លើ​ទីផ្សារ ជា​ពិសេស​នៅ​អាមេរិក ភាគ​ច្រើន​ត្រូវ​បាន​សម្លាប់​មេរោគ ឬ​ធ្វើ Pasteurize រួច​ហើយ។ ប៉ុន្តែ ដើម្បី​ទិញ​ទឹក​ដោះ​គោ​ស្រស់ ឬ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ស្រស់ ដែល​មាន​សុវត្ថិភាព សូម​ពិនិត្យ​មើល​រក​ពាក្យ «pasteurized» ដែល​មាន​ន័យ​ថា «សម្លាប់​មេរោគ​រួច» នៅ​លើ​សម្បក​ផលិតផល។ បើ​អ្នក​មិន​ច្បាស់​ទេ សូម​សាកសួរ​បុគ្គលិក​ហាង ឬ​អ្នក​លក់៕
Cheese

អត្ថបទ៖ សុផាត

ជំងឺ​មួយ​កំពុង​ផ្ទុះ​លើ​កុមារ មាន​ពង​បែក​មាត់ ដៃ និង​ជើង តើ​ជា​ជំងឺ​ថ្មី ឬ​ចាស់ ធ្ងន់ ឬស្រាល?



ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​មាន​ការ​បង្ហោះ​រូប​ក្មេង ពង​បែក​មាត់ ដៃ និង ជើង ដែល​​កំពុង​រាតត្បាត​លើ​ក្មេង​កម្ពុជា ធ្វើ​ឲ្យ​អាណាព្យាបាល​មួយ​ចំនួន​មាន​ការ​ព្រួយបារម្ភ​អំពី​ជំងឺ​នេះ។ តើ​ជំងឺ​នេះ ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ តើ​ជំងឺ​នេះ​ធ្ងន់ ឬ​ស្រាល? ជំងឺ​នេះ​គេ​ហៅ​ថា ជំងឺ​ពង​បែក​មាត់ ដៃ និង​ជើង ដែល​កើត​មាន​យូរ​ហើយ មិនមែន​ទើប​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ ជំងឺ​នេះ​កំពុង​ផ្ទុះ​ឡើង​សាជាថ្មី ប៉ុន្តែ ៩៨% ជា​ជំងឺ​ស្រាល ២% ឈាន​ទៅ​ដល់​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ និង បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ​វត្ត​អង្គតាមិញ។
រូបភាព​៖ វិបសាយ vietnammoi
ជំងឺ​នេះ​ផ្ដើម​ឡើង​ដោយ​មេរោគ​ពី​ប្រភេទ​គឺ Virus EV71 និង Coxsackie A16 ដែល​ធ្វើ​ឲ្យ​កុមារ​ក្ដៅ​ខ្លួន​ខ្លួន ពង​បែក​មាត់ ដៃ និង ជើង ហើយ​ឈាន​ដល់​ប្រកាច់​ប្រសិន​បើ​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់​បន្ថែម។
លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា កាល​ពី​ឆ្នាំ ២០១១ ជំងឺ​នេះ​បាន​រាតត្បាត​ម្ដង​រួច​មក​ហើយ​នៅ​ប្រទេស​កម្ពុជា ដែល​បណ្ដាល​ឲ្យ​មាន​កុមារ​ស្លាប់ ប៉ុន្តែ​នៅ​ពេល​នេះ​មេរោគ​ភាគច្រើន​ប្រភេទ​ Virus EV71 ប៉ុន្តែ​ឆ្នាំ​នេះ ផ្ទុះ​សាជាថ្មី មេរោគ​ភាគច្រើន​ប្រភេទ Coxsackie A16 មេរោគ​នេះ​ស្រាល​ជាង EV71។ "កុំ​បារម្ភ​អំពី​ជំងឺ​នេះ បើ​មេរោគ​ Coxsackie គឺ​៩៨% ព្យាបាល​ជា ឬ​ជា​ដោយ​ខ្លួន​ឯង ប៉ុន្តែ ប្រភេទ EV71 ទើប​ខ្លាំង តែ​២% មែន​ប៉ុន្តែ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​កុមារ​នៅ​អាយុ​ក្រោម​៦ខែ បើ​ព្យាបាល​ជា​ ក៏​អាច​មាន​ផល​លំបាក​ខ្លះ​ៗ​ទៅ​ថ្ងៃ​ក្រោយ​ដែរ"។
តើ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​យ៉ាង​ណា​ដែរ?
ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា បញ្ជាក់​ថា ជំងឺ​នេះ​មាន​ស្រាល មាន​ធ្ងន់។ ជាទូទៅ​​ក្រោយ​ឆ្លង​ជំងឺ ប្រមាណ​ជា៥-៦ថ្ងៃ ជំងឺ​នេះ​មាន​អាការៈ​ក្ដៅ​ខ្លួន​ពី ៣៨-៣៩ អង្សា។ ក្រោយ​ពី​ក្ដៅ​ខ្លួន​អាច​មាន​ពង​មាត់ ឬ​ពងបែក​មាត់ ដៃ និង​ជើង។ ចំពោះ​​ស្ថានភាព​ធ្ងន់​អាច​បណ្ដាល​ឲ្យ​ក្ដៅ​សន្ធប់ រលាក​ទង​សួត និង​ប្រកាច់។
តើ​ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ដែរ​ទេ?
ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង ដែល​វា​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់ ឬ​ថើប​មាត់​ជាដើម។ មួយ​ទៀត​ការ​លេង​របស់​របរ​មិន​ស្អាត ហើយ​យក​មក​បៀម​ដៃ។
តើ​ជំងឺ​នេះ​មាន​វិធី​ការពារ​ដែរ​ទេ?
ជំងឺ​នេះ​អាច​ការពារ​បាន​ដោយ​មិន​ត្រូវ​ឲ្យ​ក្មេង​របស់​របរ ឬ​ប៉ះពាល់​អ្នក​មាន​ជំងឺ​​នេះ ហើយ​ប្រសិន​បើ​បាន​លេង​របស់​របរ​ហើយ ត្រូវ​ប្រញាប់​លាង​សម្អាត​ដៃ ជើង​ឲ្យ​បាន​ស្អាត។
ប្រសិន​ជំងឺ​នេះ​ឆ្លង​ហើយ តើ​មាន​វិធី​ព្យាបាល​ដែរ​ទេ?
ប្រភពរូប៖ ហ្វេសបុក
ជំងឺ​នេះ​មាន​ស្រាល និង​ធ្ងន់។ ដូច្នេះ​ប្រសិន​បើ​ស្រាល​ គឺ​ប្រភេទ​ឆ្លង​ជំងឺ Coxsackie A16 ដោយ​៩៨% ជំងឺ​នេះ​អាច​ជា​ដោយ​ខ្លួន​ឯង ប៉ុន្ដែ​អាណាព្យាបាល​ត្រូវ​ធ្វើ​រឿង​ខ្លះ ដូចជា បញ្ចុះ​ក្ដៅ​កុមារ (ញុំា​ថ្នាំ​ប៉ារ៉ា ៦ម៉ោង​១គ្រាប់) លាប​ថ្នាំ​ក្រហម​ត្រង់​កន្លែង​ពងបែក និង ឧស្សាហ៍​ងូតទឹក ជាពិសេស​អនាម័យ។ ប៉ុន្តែ​ប្រសិន​បើ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ក្ដៅសន្ធប់ ឬ​ប្រកាច់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​កុមារ ដូចជា​ មន្ទីរពេទ្យ​កុមារ ឬ​មន្ទីរពេទ្យ​គន្ធបុប្ផា។
លោក​វេជ្ជបណ្ឌិត​ប៉ែន​ កក្កដា បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំង​ឡាយ​ត្រូវ​ឧស្សាហ៍​អនាម័យ​កុមារ​ ក្រោយ​លេង​របស់របរ​រួច ឬ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ឡើយ។ ជំងឺ​នេះ​នៅ​មិនទាន់​មាន​​វាក់​សាំង​ការពារ​ ឬ ថ្នាំ​ព្យាបាល​ជាក់លាក់​នៅ​ឡើយ ដោយ​ភាគច្រើន​ព្យាបាល​តាម​រោគសញ្ញា។ យ៉ាង​ណា​ក៏ដោយ​ប្រសិន​បើ​មាន​កុមារ​មាន​រោគ​សញ្ញា​ដូច​រៀបរាប់​ខាង​លើ​ អាណាព្យាបាល​ទាំង​អស់​ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

ញ៉ាំអាហារ៩មុខនេះប្រចាំថ្ងៃ ដឹងតែស្អាតខ្លាំង បើមិនជឿសាកសិនក៏បាន

មនុស្ស​យើង​ម្នាក់ៗ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​រូប​សម្រស់​ស្អាត ដើម្បីជាចំណែកធំ១ នៃ​ជីវិត ភាព​ជឿជាក់ និង​សុភមង្គល។ តាម​រយៈ​ការ​សិក្សា​របស់​អ្នក​ឯកទេសអន្តរជាតិ ​ផ្នែក​សម្រស់ បាន​បញ្ជាក់​ថា អាហារ​ចំនួន ៩មុខនេះ ប្រសិន​បើ យើង​ញ៉ាំ​កាន់​តែ​ច្រើន និង​ជា​ប្រចាំ នោះ​យើង​នឹង​មាន​លទ្ធផល​ល្អ គឺ​សម្រស់​ស្រស់​ស្អាត​ខ្លាំង។
អាហារ​សុខភាព​ទាំងនេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្អាត​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​តម្លៃ​ថោក ហើយ​ងាយ​រក​ទិញ​ទៀត​ផង។
ថ្ងៃនេះ Langdy boy​ សូមស៊ែរចែករំលែកពី Healt.com.kh ​ជូន​នូវ​អាហារ​ ៩​មុខ​ថ្មី ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្អាត និង​មាន​សុខភាព​ល្អ។
១. តែ​បៃតង
មាន​សារធាតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្បែក​ចាស់​របស់​អ្នក​ឆាប់​ជ្រុះ ដោយ​ធ្វើ​ឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ​ឡើង​មក​ជំនួស​វិញ​យ៉ាង​លឿន។នេះ​ជា​ដំណឹង​ល្អ​ សម្រាប់​មិត្ត​នារី​ដែល​ចូលចិត្ត​ញ៉ាំ​តែ​បៃតង។
២. ទឹកដោះគោ និង​ទឹក​ដោះ​គោ​ជូរ
អាហារ​ប្រភេទ​នេះ សុទ្ធ​តែ​ធ្វើ​ឲ្យ​ស្បែក ស បែប​ធម្មជាតិ​ទាំងអស់។ ដូចនេះ អ្នក​អាច​ញ៉ាំ​ទឹកដោះគោ​ចំនួន​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ប្រែ​ជា ស ជាមិនខាន។ ចំណែក​ទឹក​ដោះ​គោ​ជូរ​វិញ វា​នឹង​ជួយ​កម្ចាត់​សារធាតុ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ឲ្យ​អស់ ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្អាត ព្រម​ទាំង​គ្មាន​ក្បាល​ពោះ​ទៀត​ផង។
៣. ផ្កា​ខាត់​ណា
សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​វីតាមីន​សេ ដោយ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ប្រែ​ពី​ធាត់​មក​ជា​ស្គម​វិញ ដែល​ជា​រាង​របស់​មនុស្ស​ទូទៅ ជា​ពិសេស​នារី​តែង​ប្រាថ្នា។
៤. ពងមាន់
អ្នក​អាច​ពិសា​បាន​ក្រោយ​ពេល​ហាត់​ប្រាណ​រួច ដោយ​ញ៉ាំ​ចំនួន​២គ្រាប់។ ពងមាន់​នោះ​ គួរ​តែ​យក​ទៅ​ស្ងោរ ទើប​ល្អ​ចំពោះ​សុខភាព។
ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​ធ្វើ​បាន​បែប​នេះ អ្នក​នឹង​អាច​រក្សា​រាង​ស្អាត​បាន​ជា​មិនខាន។
៥. អង្ករ​សម្រូប
អាច​កាត់​បន្ថយ​ការ​ញ៉ាំ​បាយ​ជាមួយ​អង្ករ​ធម្មតា អ្នក​អាច​ប្ដូរ​ពី​អង្ករ​ មក​ញ៉ាំ​បាយ​ ដាំ​ជាមួយ​អង្ករ​សម្រូប​វិញ។ អ្នក​ដឹង​ទេ នៅ​ក្នុង​អង្ករ​សម្រូប នោះ​មាន​ផ្ទុក​សារធាតុ​ជាច្រើន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​រាង​ដែល​អ្នក​តែង​តែ​ចង់​បាន។
៦. ស្រូវ​សាលី
ចំពោះ​អ្នក​ដែល​ចង់​មាន​រាង​ស្លីម ​ស្គម​ស្អាត អ្នក​អាច​បរិភោគ​ស្រូវ​សាលី​បាន ព្រោះ​វា​អាច​ជួយ​រក្សា​ទម្ងន់​អ្នក​ល្អ និង​ឲ្យ​ស្គម ​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ដោយ​ធ្វើឲ្យ​យើង​សឹង​តែ​មិន​ដឹង​ខ្លួន។
៨. ផ្លែ​ប័រ
មាន​មនុស្ស​មួយ​ចំនួន​យល់​ថា​ ក្រោយ​ញ៉ាំ​ផ្លែ​ប័រ​រួច នឹង​ងាយ​ធ្វើ​ឲ្យ​ធាត់។ តាម​ការ​ពិត នេះ​ជា​គំនិត​ដែល​ខុស​មួយ ព្រោះ​ផ្លែ​ប័រ​នេះ មិន​ត្រឹម​តែ​ជួយ​រក្សា​សុខភាព​អ្នក​ឲ្យ​ល្អ​ទេ វា​ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្អាត​ទៀត​ផង​ដែរ។
៨. ទ្រូង​មាន់
ជា​កន្លែង​ដែល​មិន​ឆ្ងាញ់ ហើយ​មនុស្ស​ភាគ​ច្រើន តែ​គេច​មិន​ញ៉ាំ នៅ​ពេល​ហូប​សាច់​មាន់។ ដែល​ខុស​ពី​ផ្នែក​ផ្សេង​នៃ​សាច់​មាន់ ដែល​ភាគ​ច្រើន​សម្រុក​ញ៉ាំ ដូចជា​ភ្លៅ ស្លាប ឬ​គូថ​មាន់។ បើ​គិត​ដូចនេះ ផ្ទុយ​ស្រលះ​ហើយ ប៉ុន្តែ​វា​ជា​សាច់​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ឡើយ ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​ទាប​បំផុត។
៩. ទឹកតែ
ចុង​ក្រោយ អ្នក​គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ​ក្នុង​១​ថ្ងៃ។ ​ទឹកតែ ពិសេស​តែ​ក្ដៅ​តិចៗ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្គម​ខ្លាំង​ណាស់ និង​ថែម​ទាំង​ជួយ​ការពារ​អ្នក​ ពី​ជំងឺ​ជា​ច្រើន​ទៀត​ផង៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា

សុខភាព និងសម្រស់ដើរទន្ទឹមគ្នា ៣វិធីនេះ ជួយឲ្យស្រកគីឡូបានលឿន

អ្នក​ធាត់​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​គ្នា មិនមែន​មក​ពី​ការ​ញ៉ាំ​ច្រើន​តែ​មួយ​មុខ​នោះ​ទេ។ ដូច្នេះ​ហើយ​ក្រុម​អ្នក​ធាត់ កំពុង​ជជែក​គ្នា រក​មូលហេតុ​ធ្វើ​ម៉េច​ ដើម្បី​អាច​ស្រក​គីឡូ​ខ្លះ ឬ​ចង់​បក​ទៅ​រក​រូបរាង​ដើម​វិញ។
ចំណុច​នេះ​ហើយ ទើប​អ្នក​ខ្លះ​បាន​អនុវត្ត​វិធី​សម​ស្រប​ ដើម្បី​ចុះ​ទម្ងន់ តែ​អ្នក​ខ្លះ​វិញ​ក៏​បាន​ចំណាយ​លុយ​ជា​ច្រើន ដើម្បី​ទិញ​ផលិត​ផល​នានា ដែល​ខ្លះ​មាន​ប្រសិទ្ធភាព និង​ខ្លះ​ទៀត​នាំ​អំពល់​ទុក្ខ​សុខភាព​លើស​ដើម។
អត្ថបទ​សុខភាព​ថ្ងៃនេះ សូម​ណែនាំ​វិធីសាស្ត្រ​ងាយ​ៗ ៣​ចំណុច ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​វិញ​ដោយ​គ្រាន់​តែ​ចាប់​ផ្ដើម​សកម្មភាព​ទាំងនេះ នៅ​រាល់​ពេល​ព្រឹក។
១. ពត់​ខ្លួន​ ក្រោយ​ពេល​ក្រោក​ពី​គេង
អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង​ទេ ថា​ក្រោយ​ពេល​ដែល​អ្នក​ទើប​តែ​ក្រោក​ពី​គេង អ្នក​គួរ​តែ​ពត់​ខ្លួន​ជា​មុន​សិន ដោយ​មិន​គួរ​ប្រញាប់​ ឬ​ស្ទុះ​ចុះ​ពី​លើ​គ្រែ​នោះ​ទេ។ ការ​ធ្វើ​ចលនា​នេះ អាច​ធ្វើ​ឲ្យ​ឈាម​ក្នុង​រាង​កាយ​អ្នក​ដើរ​ស្រួល ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​មាន​រាង​ស្អាត និង​មិន​ងាយ​ធាត់​នោះ​ទេ។
២. ញ៉ាំ​ទឹក​​មួយ​កែវ​សិន
បន្ទាប់​មក​អ្នក​អាច​ញ៉ាំ​ទឹក​ ចំនួន​មួយ​កែវ​បាន ដើម្បី​អាច​បញ្ចេញ​ជាតិ​ពុល​មក​ក្រៅ​អស់ ថែម​ហើយ​វិធី​នេះ វា​ក៏​អាច​ជួយ​ប៉ូវ​បន្ថែម​ជាតិ​ទឹក​ក្នុង​រាង​កាយ​អ្នក​បាន​ទៀត​ជា​ថ្មី​ផង​ដែរ។ ជាពិសេស នឹង​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្អាត ព្រម​ទាំង​មាន​ស្បែក​មាន​សំណើម មិន​ងាយ​ស្ងួត​ ដែល​ជា​ភាព​ទាក់ទាញ​ខ្លាំង​ផង​ដែរ។
៣. កន្សែង​ក្ដៅ​អ៊ុនៗ​មក​ស្អំ​មុខ
មុន​ពេល​ដែល​អ្នក​លុប​មុខ អ្នក​គួរ​តែ​ប្រើ​កន្សែង​ក្ដៅ​អ៊ុនៗ​ៗ​​ មក​ស្អំ​មុខ​ជា​មុន​សិន ទើប​ប្ដូរ​មក​កន្សែង​ត្រជាក់ ដោយ​អ្នក​អាច​ប្ដូរ​ចុះ​ប្ដូរ​ឡើង​ ចំនួន​៣​ដង។ ក្រោយ​ពេល​ដែល​អ្នក​ស្អំ​រួច អ្នក​អាច​ច្របាច់​ហ្វម​លាង​មុខ រួច​ដាក់​លើ​ដៃ រួច​លាង​សម្អាត​មុខ​អ្នក​បាន។ នៅ​ពេល​ដែល​អ្នក​ធ្វើ​បែប​នេះ មុខ​អ្នក​នឹង​អាច​តូច​បាន ហើយក៏​ជួយ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​វិញ បានដែរ៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា

ចូល​ចិត្ត​ញ៉ាំ​ប្រៃ ប្រយ័ត្ន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជំងឺ​ទាំង​នេះ


 ចូល​ចិត្ត​ញ៉ាំ​ប្រៃ ប្រយ័ត្ន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​ជំងឺ​ទាំង​នេះ


បណ្ដា​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​អាហារ​ប្រៃ​រាប់​ឆ្នាំ​មក​ហើយ ដោយ​អះអាង​ថា ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្លាំង​បណ្ដាល​ឲ្យ​ឡើង​សម្ពាធ​ឈាម វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ អត្ថបទ​នេះ​នឹង​រៀបរាប់​លម្អិត​ពី​អំបិល និង​ផល​របស់​វា​មក​លើ​សុខភាព។

អី​គេ​ជា​អំបិល​ឲ្យ​ពិត​ប្រាកដ?
អំបិល មាន​ឈ្មោះ​គីមី​ថា «សូដ្យូម​ក្លរីត (NaCl)» ដែល​មាន​បរិមាណ​សូដ្យូម ៤០% និង​ក្លរីត ៦០%។ អំបិល ជា​ប្រភព​រ៉ែ​សូដ្យូម​ដ៏​ច្រើន​បំផុត ហើយ​ជា​ទូទៅ ពាក្យ «អំបិល» និង «សូដ្យូម» គេ​ហៅ​មាន​ន័យ​ដូច​គ្នា។
សូដ្យូម មាន​មុខងារ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ បញ្ជូន​ព័ត៌មាន​សរសៃ​ប្រសាទ និង​សាច់​ដុំ​បំពេញ​មុខ​ងារ​របស់​ខ្លួន។ រាងកាយ​មនុស្ស​មិន​អាច​ដំណើរការ ដោយ​គ្មាន​រ៉ែ​សូដ្យូម​បាន​នោះ​ឡើយ។
ម្យ៉ាង​ទៀត អំបិល​ត្រូវ​គេ​ប្រើ​ប្រឡាក់ ឬ​ផ្អាប់​សាច់ ដើម្បី​រក្សា​សាច់​កុំ​ឲ្យ​ខូច។ បរិមាណ​អំបិល​កាន់​តែ​ច្រើន អាច​ការពារ​មិន​ឲ្យ​មាន​បាក់តេរី​ច្រើន ដែល​ធ្វើ​ឲ្យ​សាច់​ខូច។
អំបិល ឬ​ជាតិ​ប្រៃខ្លាំង ប៉ះពាល់​ម៉េច​ខ្លះ​ដល់​សុខភាព?
យោង​តាម​សមាគម​បេះដូង​អាមេរិក (American Heart Association) បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញ​វ័យ​ ត្រូវ​ការ​ជាតិ​រ៉ែ​សូដ្យូម​ខ្ពស់​បំផុត ១៥០០ មិល្លីក្រាម ក្នុង​មួយ​ថ្ងៃ។ មាន​ន័យ​ថា អ្នក​ត្រូវ​ការ សូដ្យូម តិច​ជាង ១៥០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។
បរិមាណ​សូដ្យូម ១៥០០ មិល្លីក្រាម ស្មើ​នឹង​បរិមាណ​អំបិល​ស្ទើរ​តែ​មួយ​ស្លាប​ព្រា​កាហ្វេ ឬ​អំបិល ៣,៧៥ ក្រាម (អំបិល​មាន​សូដ្យូម ៤០% និង​ក្លរីត ៦០%)។ បញ្ហា​ត្រង់​ថា បច្ចុប្បន្ន មនុស្ស​ភាគ​ច្រើន​ញ៉ាំ​ជាតិ​ប្រៃ ច្រើន​ជាង​បរិមាណ​កំណត់​ក្នុង​មួយ​ថ្ងៃ។
នៅ​ពេល​បរិមាណ​អំបិល (សូដ្យូម) កាន់​តែ​ច្រើន​នៅ​ក្នុង​ចរន្ត​ឈាម វា​បង្រួម​ជាតិ​ទឹក​ក្នុង​សរសៃ​ឈាម​កាន់​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង។ សម្ពាធ​ឈាម​ឡើង មាន​ន័យ​ថា បេះដូង​ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ជាង​មុន ដើម្បី​ច្របាច់​បញ្ជូន​ឈាម​តាម​សរសៃឈាម។ សម្ពាធ​ឈាម​ខ្ពស់ ជា​កត្តា​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល និង​ខូច​តម្រង​នោម។

អាហារ​ណា​ខ្លះ​សម្បូរ​ជាតិ​អំបិល/សូដ្យូម?
អាហារ​ដែល​សម្បូរ​ជាតិ​អំបិល​ខ្លាំង ជា​ប្រភេទ​អាហារ​ផ្អាប់ (ត្រាំ ប្រឡាក់) អាហារ​កែច្នៃ អាហារ​កំប៉ុង ទឹក​ស៊ីអ៊ីវ ជាដើម។ សូម្បី​នំប៉័ង និង​ឈីស (Cottage Cheese) ដែល​មើល​មិន​ទំនង​ប្រៃ ក៏​មាន​ជាតិ​អំបិល​ច្រើន​ដែរ។
បរិមាណ​អំបិល (សូដ្យូម) ប៉ុណ្ណា ទើប​គ្មាន​បញ្ហា​សុខភាព?
ការ​ងារ​ដំបូង អ្នក​គួរ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ពេទ្យ​ជំនាញ​របស់​អ្នក។ បើ​ពេទ្យ​ណែនាំ​ឲ្យ​បន្ថយ​ញ៉ាំ​ប្រៃ អ្នក​គួរ​ធ្វើ​តាម។
ប៉ុន្តែ បើ​អ្នក​សុខភាព​ល្អ​ហើយ អ្នក​មិន​បាច់​ឈឺ​ក្បាល​ត្រូវ​គិត​រឿង​បរិមាណ​អំបិល​ដែល​អ្នក​ញ៉ាំ​នោះ​ទេ ដោយ​គ្រាន់​តែ៖
  • ញ៉ាំ​អាហារ​ស្រស់ (មិន​កែច្នៃ មិន​ច្រក​កំប៉ុង មិន​ប្រឡាក់ មិន​ផ្អាប់​ទុក)
  • បន្ថែម​បរិមាណ​អំបិល​សមស្រប​ទៅ​ក្នុង​ម្ហូប ឲ្យ​មាន​រសជាតិ​ល្មម មិន​មែន​ប្រៃ ជា​ការ​ស្រេច៕
អត្ថបទ៖ សុផាត

អត់ញ៉ាំអីពេលព្រឹកពិតជាប៉ះពាល់សុខភាពឬ?



អត់​ញ៉ាំ​អី​ពេល​ព្រឹក ពិតជា​ប៉ះ​ពាល់​ធ្ងន់​ដល់​សុខភាព?
«អាហារ​ពេល​ព្រឹក» មួយ​ម៉ាត់ ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ប្រកែក​គ្នា​មិន​ចប់​រាប់​ទសវត្ស​មក​ហើយ រវាង​អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ទូទាំង​ពិភព​លោក។
ការ​ស្រាវជ្រាវ​ខ្លះ​បង្ហាញ​ថា អាហារ​ពេល​ព្រឹក ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង ៣ ពេល ដោយ​អះអាង​ថា៖

  • (១) អាហារ​ពេល​ព្រឹក ជួយ​ជំរុញ​ដំណើរ​ការ​ដុត​បម្លែង​អាហារ​ទៅ​ជា​ថាមពល​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង និង​ស្មារតី​ស្វាង។
  • (២) ការ​មិន​ញ៉ាំ​អី​ពេល​ព្រឹក អាច​ធ្វើ​ឲ្យ​មនុស្ស​ធាត់ វិវឌ្ឍ​ទៅ​ជា​បញ្ហា​ឡើង​ឈាម រហូត​ដល់​មាន​បញ្ហា​បេះដូង និង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង។ ធាត់ គឺ​ដោយ​សារ​មនុស្ស​កាន់​តែ​ឃ្លាន​ និង​ញ៉ាំ​ច្រើន​ពេល​បាយ​ថ្ងៃ​ត្រង់ និង​ល្ងាច ដោយសារ​អត់​ញ៉ាំ​អី​ពេល​ព្រឹក។
ត្រង់​នេះ បើ​ស្ដាប់​ទៅ ដូច​ទំនង​ដែរ តែ​បញ្ហា​ត្រង់​ថា រហូត​ដល់​ពេល​នេះ​គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ជាក់​លាក់​ណា​មួយ​ច្បាស់​លាស់​បកស្រាយ​គាំទ្រ​អំណះអំណាង​ទាំង​នោះ​ឡើយ។ ទាំង​នោះ​សុទ្ធ​តែ​ករណី​សិក្សា​បែប​អង្កេត​ប៉ុណ្ណោះ មិន​មែន​ពិសោធ​ជាក់​ស្ដែង។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំ​របស់​អាមេរិក The New York Times។
លោក James Betts សាស្ត្រាចារ្យ​ផ្នែក​អាហារូបត្ថម្ភ នៅ​សាកលវិទ្យាល័យ Bath ប្រទេស​អង់គ្លេស បញ្ជាក់​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​ពិសោធ​ចុង​ក្រោយ​បំផុត​មួយ​នា​ខែ​កុម្ភៈ ដើម​ឆ្នាំ​២០១៨ ដោយ​តម្រូវ​ឲ្យ​មនុស្ស​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​រយៈ​ពេល ៦ សប្ដាហ៍ រក​ឃើញ​ថា ការ​ញ៉ាំ ឬ​មិន​ញ៉ាំ​អី​ពេល​ព្រឹក មិន​ប៉ះពាល់​​រឿង​ឡើង​គីឡូ​នោះ​ទេ។
ម្យ៉ាងទៀត សារព័ត៌មាន​សុខភាព​ដ៏​ធំ​របស់​អាមេរិក Healthline បាន​ចុះ​ផ្សាយ​ថា ការ​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក ជួយ​ជំរុញ​ដំណើរ​ការ​ដុត​បម្លែង​អាហារ​ទៅ​ជា​ថាមពល​នោះ ជា​រឿង​មិន​ពិត​ដែរ។ ការ​ស្រាវជ្រាវ​ជា​ច្រើន​បញ្ជាក់​ថា បរិមាណ​ថាមពល​កាឡូរី​ក្នុង​រាង​កាយ​ដែល​បាន​ពី​ការ​ដុត​បម្លែង​អាហារ​ក្នុង​រយៈ​ពេល ២៤ ម៉ោង មិន​មាន​ភាព​ខុស​គ្នា​រវាង​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​អ្នក​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នោះ​ទេ។
យ៉ាង​ណា​ក៏​ដោយ តែ​សម្រាប់​ក្មេង​វិញ គេ​ត្រូវ​ការ​អាហារ​ពេល​ព្រឹក​ជា​ចាំបាច់ ដើម្បី​ការ​លូត​លាស់​ដល់​ខួរក្បាល និង​រាងកាយ​របស់​គេ។ នេះ​បើ​យោង​តាម​សាស្ត្រាចារ្យ Terence Kealey អតីត​ជីវគីមី​វិទូ​នៅ​សាកលវិទ្យាល័យ Cambridge។
មនុស្ស​ពេញ​វ័យ ញ៉ាំ ឬ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក មិន​ប៉ះ​ពាល់​ដល់​សុខភាព​នោះ​ឡើយ។ ប៉ុន្តែ បើ​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក ត្រូវ​ញ៉ាំ​អាហារ​ផ្ដល់​ប្រយោជន៍​សុខភាព ដូច​ជា ពងមាន់ ផ្លែ​ឈើ បន្លែ ទឹករ៉ែធម្មជាតិ ជា​ដើម៕
Copy from Sabay.com (c)
អត្ថបទ៖ សុផាត

សុខភាព&អាហាារ