ទឹកដោះគោស្រស់ បង្កើតគ្រោះថ្នាក់ធំដល់សុខភាព បើអត់ឃើញដាក់សញ្ញានេះ
ទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោស្រស់ ដូចជា ទឹកដោះគោជូរ យ៉ាអួរ Cheese ឬ Cream សម្បូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនជួយដល់ការលូតលាស់របស់មនុស្ស។ ប៉ុន្តែ ទឹកដោះគោស្រស់ (Raw Milk) មានមីក្រូសព៌ាង្គកាយគ្រោះថ្នាក់ជាច្រើនដែលបង្កគ្រោះថ្នាក់អ្នកញ៉ាំ។
យោងតាមការវិភាគរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) របស់អាមេរិក បានឲ្យដឹងថា ទឹកដោះគោស្រស់ដែលមិនសម្លាប់មេរោគ (Unpasteurized Milk) មានគ្រោះថ្នាក់ធ្វើឲ្យអ្នកញ៉ាំពុលអាហារ ជាងទឹកដោះគោស្រស់ដែលសម្លាប់មេរោគរួច (Pasteurized Milk) ដល់ទៅ ១៥០ ឯណោះដង។ Unpasteurized Milk អាចមានបាក់តេរីគ្រោះថ្នាក់ជាច្រើន ដូចជា Salmonella, E. coli និង Listeria ដែលធ្វើឲ្យពុលអាហារក្អួត រាក ឈឺពោះ ឈឺក្បាល គ្រុនក្ដៅ រមាស់ពេញខ្លួន។
ប៉ុន្តែ ជាក់ស្ដែង ការវិភាគរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់អាមេរិក រកឃើញថា ការពុលអាហារដោយសារទឹកគោស្រស់ ប៉ះពាល់ជាពិសេសដល់ក្មេងៗ និងមនុស្សពេញវ័យជំទង់។
គ្រោះថ្នាក់បាក់តេរី Listeria និងស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះ ប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារបាក់តេរី Listeria ដែលអាចធ្វើឲ្យស្ត្រីរលូតកូន ឬទារកទើបកើតស្លាប់ ឬឈឺ។ ដូច្នេះ បើសិនស្ត្រីមានផ្ទៃពោះ ញ៉ាំទឹកដោះគោស្រស់ ឬផលិតផលធ្វើពីទឹកដោះគោស្រស់ដែលមិនសម្លាប់មេរោគ អាចធ្វើឲ្យប៉ះពាល់កូនក្នុងផ្ទៃដោយមិនដឹងខ្លួន បើទោះម្ដាយមិនមានអារម្មណ៍ឈឺក៏ដោយ។
អីគេជាទឹកដោះគោស្រស់ដែលសម្លាប់មេរោគរួច ឬ Pasteurized Milk?
Pasteurization ជាដំណើរការសម្លាប់រាល់បាក់តេរីគ្រោះថ្នាក់ បង្កើតឡើងដោយលោក Louis Pasteur ក្នុងឆ្នាំ១៨៦៤ ដោយដុតកម្ដៅទឹកដោះគោស្រស់ក្នុងកម្រិតសីតុណ្ហភាព និងពេលវេលាជាក់លាក់ណាមួយ។ បើដុតកម្ដៅសម្លាប់មេរោគអ៊ីចឹង តើសារធាតុចិញ្ចឹមនៅក្នុងទឹកគោស្រស់ បាត់បង់ដែរអត់?
ការស្រាវជ្រាវបង្ហាញថា សារធាតុចិញ្ចឹមនៅក្នុង Pasteurized Milk និង Unpasteurized Milk មិនខុសគ្នាទេ។ មានន័យថា កម្រិតសារធាតុចិញ្ចឹមនៅដដែល ក្រោយធ្វើ Pasteurize ដុតកម្ដៅសម្លាប់មេរោគរួច។ ប៉ុន្តែ Pasteurized Milk ដែលសម្លាប់មេរោគរួច នៅមានសល់ប្រភេទបាក់តេរីគ្មានគ្រោះថ្នាក់ក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យខូចទឹកដោះគោខូច បើសិនមិនរក្សាទុកត្រឹមត្រូវ។ ដូច្នេះ ការរក្សាទុកទឹកដោះគោស្រស់នៅក្នុងទូទឹកកកពិតជាសំខាន់។ នេះយោងតាមការចេញផ្សាយរបស់រដ្ឋបាលម្ហូបអាហារ និងឱសថរបស់អាមេរិក FDA។
យ៉ាអួ
ទឹកដោះគោស្រស់ និងផលិតផលធ្វើពីទឹកដោះគោស្រស់ដែលមានលក់លើទីផ្សារ ជាពិសេសនៅអាមេរិក ភាគច្រើនត្រូវបានសម្លាប់មេរោគ ឬធ្វើ Pasteurize រួចហើយ។ ប៉ុន្តែ ដើម្បីទិញទឹកដោះគោស្រស់ ឬផលិតផលធ្វើពីទឹកដោះគោស្រស់ ដែលមានសុវត្ថិភាព សូមពិនិត្យមើលរកពាក្យ «pasteurized» ដែលមានន័យថា «សម្លាប់មេរោគរួច» នៅលើសម្បកផលិតផល។ បើអ្នកមិនច្បាស់ទេ សូមសាកសួរបុគ្គលិកហាង ឬអ្នកលក់៕
Cheese
អត្ថបទ៖ សុផាត
No comments:
Post a Comment