ភ្នំភ្លើងទាំង១០ ដែលកាចសាហាវជាងគេបំផុតនៅលើពិភពលោក
នៅពេលមានបន្ទុះភ្នំភ្លើង
តែងតែមានគ្រោះថ្នាក់
និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមនុស្សដែលរស់នៅជុំវិញទីនោះ
ក៏ដូចជាអាចសម្លាប់មនុស្សជាច្រើនផងដែរ។ ដូចនេះ ដែនដីនៃការចែករំលែក
សូមបង្ហាញអ្នកទាំងអស់នូវភ្នំភ្លើងចំនួន១០ ដែលអាចសម្លាប់មនុស្ស
និងបំផ្លាញទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោមនេះ៖
១) ភ្នំភ្លើង Yellowstone Calderaភ្នំភ្លើង Yellowstone Caldera មានកម្ពស់ ៣,១៤២ម៉ែត្រ ស្ថិតនៅឧទ្យានជាតិ Yellowstone សហរដ្ឋអាមេរិក ។ វាគឺជាភ្នំភ្លើងមានកម្លាំងមហិមាចំពោះការផ្ទុះចុងក្រោយក្រោយកាលពី៧ម៉ឺនឆ្នាំមុន និងអាយុកាលថ្មរបស់វាដល់ទៅ៦៤០,០០០ឆ្នាំ ។ ភ្នំភ្លើងយក្សនេះមិនត្រូវបានមនុស្សតាមដានអង្កេតឱ្យម៉ត់ចត់នោះទេ ពោលគឺវាជាបាតុភូតធម្មជាតិដ៏ខ្លាំងក្លា។
២) ភ្នំភ្លើង Mt. Vesuvius
ភ្នំភ្លើង Mt. Vesuvius ស្ថិតនៅក្នុងឈូងសមុទ្រ Naples ប្រទេសអីុតាលី ។ ប្រមាណជា៩គីឡូម៉ែត្រ ទៅភាគខាងកើតក្រុង Naples។ វាគឺជាភ្នំភ្លើងខ្លាំងក្លាមួយក្នុងចំណោមភ្នំភ្លើងផ្សេងទៀត ។ វាមានកម្ពស់១,២៨១ម៉ែត្រ និងបានផ្ទុះចុងក្រោយគេនៅឆ្នាំ១៩៤៤ ។ ក្នុងរយៈពេល ២០ឆ្នាំ ភ្នំភ្លើងនេះតែងតែផ្ទុះម្តង ពោលគឺប្រៀបដូចជាវដ្តនៃការផ្ទុះ ។ មនុស្សប្រមាណជា៣លាននាក់ដែលរស់នៅជិតភ្នំភ្លើង Mt. Vesuvius ចម្ងាយ៩គីឡូម៉ែត្រនៅភាគខាងកើតក្រុង Naples ។ វាបានក្លាយជាតំបន់ភ្នំភ្លើងដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងលោក ។
៣) ភ្នំភ្លើង Popocatepetl
Popocatepetl គឺជាភ្នំភ្លើងដ៏សកម្មស្ថិតនៅរដ្ឋ Puebla ប្រទេសម៉ិកស៊ិក និងមានកម្ពស់៥,៤២៦ម៉ែត្រ ។ វាមានចម្ងាយជាង៥៦ គីឡូម៉ែត្រពីក្រុងម៉ិកស៊ីកូ ហើយមានប្រជាជនប្រមាណជា៩លាននាក់រស់នៅរង្វង់កាំនៃការផ្ទុះរបស់ភ្នំភ្លើង Popocatepetl ។ ភ្នំភ្លើង Popocatepetl បានផ្ទុះច្រើនជាង២០ដងមកហើយចាប់តាំងពីឆ្នាំ១៥១៩ ។ វាបានផ្ទុះចុងក្រោយគេនៅឆ្នាំ២០០០ តែសំណាងល្អហើយមនុស្ស ៤១.០០០ រស់នៅក្រុងដែលនៅជុំវិញបានការពារពីមហន្តរាយដ៏ធំនេះ។
៤) ភ្នំភ្លើង Sakurajima
Sakurajima មានកម្ពស់១,១១៧ម៉ែត្រ គឺជាភ្នំភ្លើងប្រមូលផ្តុំសមាសធាតុសកម្ម និងជាអតីតកោះក្នុងខេត្តកាហ្គូស៊ីម៉ា ក្នុងកោះឃ្យូហ្សូ ប្រទេសជប៉ុន ។ កំអែភ្នំភ្លើងរបស់វាដែលផ្ទុះក្នុងឆ្នាំ១៩១៤ បានហូរភ្ជាប់មកកាន់ដែនដី ។ អ្នកវិភាគមួយចំនួនឱ្យនិយមន័យវាថាជាភ្នំភ្លើងតំបន់ខាងកើតដោយសារតែកម្រិតខ្ពស់នៃសកម្មភាពផ្ទុះដ៏សាហាវរបស់វា ។ វាបានផ្ទុះលើកចុងក្រោយនៅខែសីហា ២០១៥។
៥) ភ្នំភ្លើង Galeras
ភ្នំភ្លើង Galeras មានកម្ពស់៤.២៧៦ម៉ែត្រស្ថិតនៅភាគខាងត្បូងប្រទេសកូឡុំប៊ី ក្បែរព្រំដែនប្រទេសអេក្វាទ័រ ។ វាបានក្លាយជាភ្នំភ្លើងយ៉ាងសកម្មអស់ជិតរយៈពេល១លានឆ្នាំមកហើយ។ វាផ្ទុះជាញឹកញាប់ ខណៈពេលដែលផ្ទុះជាលើកដំបូងក្នុងឆ្នាំ១៥៨០ និងផ្ទុះជាលើកចុងក្រោយនៅឆ្នាំ២០១៤ ។ ឆ្នាំ១៩៨៨ វាបានផ្ទុះម្តងទៀតក្រោយ
ពីរយៈពេល១០ឆ្នាំមិនបានផ្ទុះ។ អ្នកវិទ្យាសាស្ត្របានរៀបចំសន្និសីទស្តីពីភ្នំភ្លើងទស្សវត្សក្នុងឆ្នាំ១៩៩៣ ដើម្បីបង្ហាញពីគ្រោះថ្នាក់នៃភ្នំភ្លើង Galeras ។ ហេតុការណ៍ដែលមិនបានរំពឹងទុក គឺការផ្ទុះបានកើតមានឡើងសម្លាប់អ្នកវិទ្យាសាស្ត្រចំនួន៦រូប និងអ្នកទេសចរ៣នាក់។ ចាប់តាំងពីឆ្នាំ២០០០មក វាបានផ្ទុះស្ទើរតែជារៀងរាល់ឆ្នាំ។
៦) ភ្នំភ្លើង Mt. Merapi
Mt. Merapi ប្រែថាភ្នំភ្លើងដែលជាឈ្មោះសក្តិសមបំផុតសម្រាប់ភ្នំភ្លើងសកម្មបំផុតនៅប្រទេសឥណ្ឌូណេស៊ី និងមានកម្ពស់២.៩៣០ ម៉ែត្រ ព្រមទាំងផ្ទុះជាលើកចុងក្រោយនៅឆ្នាំ ២០១០ ។ វាគឺជាភ្នំភ្លើងដែលបានបញ្ចេញកំអែច្រើនជាងគេក្នុងចំណោមភ្នំភ្លើងក្នុងលោក ។ ភ្នំភ្លើង Mt. Merapi បានផ្ទុះជាទៀងទាត់ចាប់តាំងពីឆ្នាំ១៥៤៨ និងបានសកម្មអស់រយៈពេលជិត១០,០០០ឆ្នាំមកហើយ ។ អ្នកជំនាញមានជំនឿថាសកម្មភាពរបស់វានាំឱ្យមានការស្លាប់នៃព្រះរាជាណាចក្រហិណ្ឌូម៉ាតារ៉ាម ។ កំអែភ្នំភ្លើងដ៏កខ្វក់របស់ភ្នំភ្លើង Mt. Merapi បានធ្វើដំណើរប្រមាណជា៤ទៅ៥គីឡូម៉ែត្រ ពីកំពូលរបស់វា ហើយអាចដល់ទៅ១២គីឡូម៉ែត្រឯណោះ ។ វាអាចធ្វើដំណើរ១១២គីឡូម៉ែត្រក្នុង១ម៉ោង ។ ការផ្ទុះក្នុងឆ្នាំ២០១០ បានសម្លាប់មនុស្ស៣៥៣ នាក់ និងមនុស្សប្រមាណជា៣២០,០០០ផ្សេងទៀតបាត់បង់ជម្រក។
៧) ភ្នំភ្លើង Mt. Nyiragongo
ភ្នំភ្លើង Mt. Nyiragongo គឺជាភ្នំភ្លើងសកម្មជាងគេបំផុងនៅលើទ្វីបអាហ្វ្រិកដែលមានកម្ពស់៣.៤៧០ម៉ែត្រ វាផ្ទុះជាលើកចុងក្រោយនៅឆ្នាំ២០១១ ។ វាត្រូវបានស្គាល់ដោយសារតែកំអែភ្នំភ្លើងដ៏ធំរបស់វាដែលបន្សល់នៅក្នុងក្រហូងដីយ៉ាងធំ ។ ក្នុងឆ្នាំ២០០២ ការផ្ទុះដ៏ខ្លាំងក្លាដែលកំអែភ្នំភ្លើងរបស់វាបានហូរតាមក្រុងGoma សាធារណរដ្ឋកុងហ្គោ ។ សំណាងល្អអ្នកស្រុកចំនួន៤០០,០០០គ្រួសារបានជម្លៀសចេញយ៉ាងមានសុវត្ថិភាព ប៉ុន្តែនៅតែមានមនុស្ស១៤៧នាក់ស្លាប់បាត់បង់ជីវិត សំណង់អគារ៤,៥០០កន្លែង ត្រូវបានបំផ្លាញ និងមនុស្ស១២០,០០០នាក់គ្មានផ្ទះសម្បែង។
៨) ភ្នំភ្លើង Ulawun
ភ្នំភ្លើង Ulawun គឺជាភ្នំភ្លើងសកម្មជាងគេបំផុតនៅប្រទេសប៉ាពូអាស៊ី នូវែលហ្គីណេ និងមានកម្ពស់២,៣៣៤ម៉ែត្រ ព្រមទាំងផ្ទុះលើកចុងក្រោយឆ្នាំ២០១៣ ។ វាបានផ្ទុះចំនួន២២៣ ដងរួចមកហើយចាប់តាំងពីឆ្នាំ១៧០០ ។ នៅពេលបច្ចុប្បន្ននេះសកម្មភាពរបស់ភ្នំភ្លើង Ulawun បានថមថយ។
៩) ភ្នំភ្លើង Taal
ភ្នំភ្លើង Taal គឺជាភ្នំភ្លើងរាងកោណមានកម្ពស់៣១១ម៉ែត្រ និងស្ថិតនៅលើកោះ Luzon ប្រទេសហ្វ៊ីលីពីន ។ វាត្រូវបានគេធ្វើកំណត់ត្រាថាបានផ្ទុះចំនួន៣៣ដងចាប់តាំងពីឆ្នាំ១៥៧២ និងផ្ទុះចុងក្រោយគេឆ្នាំ១៩៧៧។ យោងតាមការប៉ាន់ប្រមាណថាមានមនុស្សពី៥ពាន់ទៅ៦ពាន់នាក់ បានស្លាប់បាត់បង់ជីវិតដោយសារការផ្ទុះរបស់ភ្នំភ្លើង Taal។
១០) ភ្នំភ្លើង Mauna Loa
Mauna Loa គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើង៥ផ្សេងទៀតដែលបង្កើតបានជាកោះហាវ៉ៃនៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិកមានកម្ពស់៣,១៦៩ ម៉ែត្រ ។ ជាភ្នំភ្លើងដែលធំជាងគេក្នុងលោក។ វាបានផ្ទុះជាទៀតទាត់កាលពី៧០០,០០០ឆ្នាំមុន ខណៈពេលផ្ទុះចុងក្រោយនៅឆ្នាំ១៩៨៤៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង បន្តដោយ មី ឡងឌី
No comments:
Post a Comment