Wednesday, October 24, 2018

នេះ​ហើយ​អាថ៌កំបាំង​ជនជាតិ​ជប៉ុន​មិន​ងាយ​ចាស់ និង​អាយុ​វែង​ជាង​គេ​លើ​ពិភពលោក

នេះ​ហើយ​អាថ៌កំបាំង​ជនជាតិ​ជប៉ុន​មិន​ងាយ​ចាស់ និង​អាយុ​វែង​ជាង​គេ​លើ​ពិភពលោក

ជប៉ុន ជា​ជាតិ​សាសន៍​ដែល​ពិភពលោក​កោត​ស្ញប់ស្ញែង និង​សរសើរ​ជាង​គេ​ក្នុង​ពិភពលោក​ពាក់ព័ន្ធ​នឹង​ទម្លាប់​ការ​រស់​នៅ សីលធម៌ និង​ការងារ​របស់​ពួកគេ។ រឿង​មួយ​ទៀត​ដែល​គេ​ល្បី​និយាយ​តៗ​គ្នា​ពី​ជប៉ុន គឺ​ជនជាតិ​មួយ​នេះ ជា​ប្រជាជន​អាយុ​វែង​ជាង​គេ​លើ​ពិភព​លោក។
យោង​តាម​ទិន្នន័យ​ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ជប៉ុន​មាន​ប្រជាជន ១២៧ លាន​នាក់​នៅ​ឆ្នាំ​២០១៦ ខណៈ​ដែល​ប្រជាជន​មាន​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​ដល់​ទៅ ៨៣,៧ ឆ្នាំ​ឯណោះ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ជនជាតិ​ជប៉ុន​អាយុ​ចាប់​ពី ៩០ ឆ្នាំ​ឡើង​ទៅ មាន​រហូត​ដល់​ជាង ២ លាន​នាក់​ឯណោះ។ នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ ចុះ​អ្វី​ជា​អាថ៌កំបាំង​ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន​មាន​អាយុ​វែង និង​សុខភាព​ល្អ​ដល់​ថ្នាក់​ហ្នឹង?
សារព័ត៌មាន​ធំៗ​របស់​អង់គ្លេស The Telegraph និង BBC Good Food បាន​លើក​យក​អាថ៌កំបាំង​អាយុ​វែង​សំខាន់ៗ ៣ យ៉ាង​របស់​ប្រជាជន​ជប៉ុន​មក​បង្ហាញ៖
១. របប​អាហារ
របប​អាហារ​របស់​ជនជាតិ​ជប៉ុន មាន​តុល្យភាព និង​សុខភាព​ល្អ ដែល​មាន​គ្រឿង​សមុទ្រ ជា​ពិសេស​ត្រី​ស្រស់ៗ សារាយ​សមុទ្រ គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ និង​តៅហ៊ូ​សណ្ដែក​សៀង។ ជប៉ុន​មិន​ញ៉ាំ​អាហារ​កំប៉ុង ឬ​អាហារ​កែច្នៃ​ចេញ​ពី​រោងចក្រ​ដូច​លោក​ខាង​លិច​ឡើយ ខណៈ​អាហារ​កែច្នៃ​ទាំង​នោះ​ត្រូវ​គេ​សិក្សា​ថា​អាច​បង្ក​ទៅ​ជំងឺ​ផ្សេងៗ និង​មហារីក។ ទិន្នន័យ​ចុង​ក្រោយ ជប៉ុន​មាន​អត្រា​ប្រជាជន​ធាត់​ត្រឹម ៣,៥% ប៉ុណ្ណោះ​នៃ​ប្រជាជន​សរុប ១២៧ លាន​នាក់។
អាហារ​ថ្ងៃត្រង់​របស់​សិស្ស​សាលា​ជប៉ុន មាន​ជាតិ​ស្ដរ​កែច្នៃ​តិចតួច​បំផុត
ជប៉ុន​និយម​ញ៉ាំ​ត្រី​សមុទ្រ​ឆៅ នៅ​ក្នុង​ម្ហូប Sushi និង Sashimi។ បន្លែ​លើ​ដី​គោក​គ្រប់​ពណ៌ និង​ក្នុង​សមុទ្រ ពិសេស​សារាយ​សមុទ្រ ក៏​ពេញ​និយម​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​រ៉ែ និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់។ ឯ​ផ្លែឈើ​វិញ ត្រូវ​គេ​ញ៉ាំ​ជាមួយ​អាហារ​ពេល​ព្រឹក និង​ជា​បង្អែម​ពេល​ល្ងាច ដូចជា ផ្លែ​ប៉ោម Fuji ក្រូច​ឃ្វិច ផ្លែ​ទម្លាប់​ជា​ដើម។ ឯ​តែ​បៃតង​ម៉ាចា (Macha) វិញ​ដែល​កំពុង​តែ​ផ្អើល​ល្បី​នៅ​អង់គ្លេស​ដែរ​នោះ ជា​តែ​ពេញ​និយម​បំផុត​របស់​ជប៉ុន​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដោយ​វា​សម្បូរ​សារធាតុ​អង់ទី​អុកស៊ីតកម្ម​ដែល​ការពារ​មិន​ឲ្យ​មាន​មហារីក មេរោគ និង​ជំងឺ​បេះដូង។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជប៉ុន​បាន​ដាក់​ចេញ​គោលនយោបាយ​ពាក់ព័ន្ធ​របប​អាហារ​តាំង​ពី​សាលារៀន​កម្រិត​ទាប​មក​ម្ល៉េះ ដោយ​ណែនាំ​ឲ្យ​ក្មេងៗ​ញ៉ាំ​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ បរិមាណ​សាច់​ស្រស់​ល្មម តៅហ៊ូ​សណ្ដែក​សៀង ត្រី និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​កែច្នៃ​តិច​តួច​បំផុត។ របប​អាហារ​នេះ មាន​កាឡូរី​ទាប តែ​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ជួយ​ឲ្យ​ពួកគេ​នៅ​ក្មេង មាន​អាយុ​វែង មិន​មាន​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរ​ក្បាល មិន​ធ្វើ​ឲ្យ​ធាត់ និង​កាត់​បន្ថយ​ជំងឺ​តាម​វ័យ ដូចជា ទឹក​នោម​ផ្អែម មហារីក រលាក​សន្លាក់ និង​ភ្លេចភ្លាំង ជា​ដើម។
២. ទម្លាប់​រស់​នៅ
ប្រជាជន​ជប៉ុន មាន​ទម្លាប់​រស់​នៅ​ស្អាត មាន​អនាម័យ ខុស​ពី​ជនជាតិ​ចិន​ក្បែរ​ខាង​ដាច់​ស្រឡះ​តែ​ម្ដង។ បរិស្ថាន​នៃ​ការ​រស់នៅ គឺ​ស្អាត មាន​របៀបរបប។ ពួកគេ​រស់​នៅ​ស្អាត ញ៉ាំ​ស្អាត និង​ហាត់​ប្រាណ​ជា​ប្រចាំ​តាំង​ពី​វ័យ​ក្មេង។ ជាក់ស្ដែង ទិន្នន័យ ៦ ឆ្នាំ​មុន​កាល​ពី​ឆ្នាំ​២០១២ ក្មេងៗ​សិស្ស​សាលា​ជប៉ុន ៩៨% នាំ​គ្នា​ដើរ ឬ​ជិះ​កង់​ទៅ​សាលា។
៣. ប្រព័ន្ធ​សុខាភិបាល​ទំនើប
ប្រព័ន្ធ​សុខាភិបាល​ជប៉ុន ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​សុខាភិបាល​ល្អ​បំផុត​មួយ​ក្នុង​ពិភព​លោក ដោយ​មាន​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប ហើយ​ប្រជាជន​អាច​ចូល​ពេទ្យ​រដ្ឋ​ក៏​បាន រដ្ឋ​កាត់​ឯកជន​ក៏​បាន ឯ​រដ្ឋាភិបាល​ជប៉ុន​វិញ​ត្រូវ​បង់​ចំណាយ​យ៉ាង​ហោច​ណាស់ ៧០% នៃ​ថ្លៃ​ព្យាបាល។ បើ​ប្រជាជន​ក្រី​ក្រ​វិញ រដ្ឋាភិបាល​នឹង​បង់​ថ្លៃ​ព្យាបាល​ច្រើន​ជាង ៧០% ទៀត​ផង៕
តែបៃតងម៉ាចា
ផ្លែប៉ោម Fuji

អត្ថបទ៖ សុផាត           ផ្សាយបន្តដោយ មី ឡងឌី
សូមចុច Followដើម្បីបានអត្ថបទថ្មីៗបន្តទៀត សូមអរគុណ

ក្តៅៗ! មើល​រូប​រាង​កុំព្យូទ័រ Koompi អ៊េម​ណាស់​កំពុង​អង្រួន​ចិត្ត​អ្នក​ទៅ​បាខែម

ក្តៅៗ! មើល​រូប​រាង​កុំព្យូទ័រ Koompi អ៊េម​ណាស់​កំពុង​អង្រួន​ចិត្ត​អ្នក​ទៅ​បាខែម
កុំព្យូទ័រ​គម្ពីរ (Koompi) កំពុង​តែ​ដាក់​តាំង​បង្ហាញ​ខ្លួន បង្អួត​សម្រស់​ឲ្យ​តេស្ត​សាកល្បង​នៅ​សាលា​តិចណូ​ក្នុង​កម្មវិធី​បាខែម​អាស៊ាន ២០១៨។

មនុស្ស​កុះ​ករ​កំពុង​ចោម​រោម​តេស្ត​ Koompi
ទោះ​ជា​មិន​មែន​កុំព្យូទ័រ​​សម្រាប់​លេង​ហ្គេម និង​ការ​រចនា​ធំៗ​ក្តី ប៉ុន្តែ​ Koompi មាន​លក្ខណៈ​ពិសេស​ត្រង់​ថា រាង​ស្អាត ស្តើង ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ធ្វើការ​​និង​និស្សិត​ត្រូវ​ធ្វើ​កិច្ចការ​សាលា​ដូច​ជា ធ្វើ​បទ​បង្ហាញ​អី​ជា​ដើម។
កុំព្យូទ័រនេះ​ប្រព័ន្ធ​ដំណើរការ Linux ប្រភេទ Open source ឈ្មោះ​ថា Kroma OS។ មិន​ត្រឹម​តែ​ជា OS ដែល​ជា​របស់​ផ្ទាល់​ខ្លួ​ន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​រូបភាព​តាំង​បង្ហាញ wallpaper ក៏​ជា​របស់​អ្នក​ថត​រូប​ខ្មែរ​ផង​ដែរ។ កុំព្យូទ័រ​ ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ៣៦៩ ដុល្លារ ​ក្នុង​មួយ​គ្រឿង។
កុំព្យូទ័រ​គម្ពីរ មាន​លក្ខណៈ​សម្បត្តិ​ដូចជា មានទំហំអេក្រង់ ១៣,៣ អ៊ីញ​ FullHD(1920x1080px) បំពាក់​ដោយ RAM ទំហំ 8GB DD4 មាន USB-C Port 10 Gbps ថាសផ្ទុកឯកសារប្រភេទល្បឿនលឿន SSD ល្បឿន Read ~537 MB/s និង Write ~439 MB/s។ ប្រេីប្រាស់ CPU Intel® Celeron® N4100 Processor ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន ទំហំ 128 GB និងជម្រេីស 256 GB មានថាមពល​ថ្ម​ 5000mAH (Li-polymer battery) អាច​ប្រើ​បាន​ដល់ ៧ ទៅ ៨ ម៉ោង។
កុំ​ឲ្យ​ខាត​ពេល​យូរ មក​ទស្សនា​រូបរាង​ កុំព្យូទ័រ​គម្ពីរ​នៅ​ទីនេះ៖

មនុស្ស​កុះ​ករ​កំពុង​ចោម​រោម​តេស្ត​ Koompi

អ្នក​រាយការណ៍ព័ត៌មាន៖ អ៊ុំ សុភក្តិ និងម៉េងងី         បន្តផ្សាយដោយ មី ឡងឌី

សូមចុច Followដើម្បីបានអត្ថបទថ្មីៗបន្តទៀត

ហ្វ៊ូ​ណន ភាពយន្ដ​តុក្កតា​ពី​របប​ខ្មែរ​ក្រហម បន្ត​ឈ្នះ​ពាន​នៅ​អាមេរិក

ហ្វ៊ូ​ណន ភាពយន្ដ​តុក្កតា​ពី​របប​ខ្មែរ​ក្រហម បន្ត​ឈ្នះ​ពាន​នៅ​អាមេរិក 



Content image - Phnom Penh Post
ផលិតករ​ភាពយន្ត​គំនូរជីវចល​ហ្វ៊ូណន ក្នុង​មហោស្រព​ភាពយន្ត​គំនូរជីវចល​នៅប្រទេស​បារាំង​។ AFP
ក្រុង​ឡូ​ស​អេ​នជឺលេស: «ហ្វ៊ូ​ណន» ដំណើររឿង​អ្នក​ម្ដាយ​ក្មេង​ម្នាក់​ព្យាយាម​ជួប​ជុំ​ក្រុម​គ្រួសារ អំឡុង​របប​ខ្មែរ​ក្រហម ទសវត្សរ៍​ឆ្នាំ ១៩៧០ បាន​ឈ្នះ​ពាន Grand Prize និង Audience Award នៅ​មហោ​ស្រព​ភាពយន្ដ​គំនូរ​ជីវចល (Animation Is Film Festival) ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ដល់ ២១ ខែ​តុលា នៅ​ទីក្រុង​ឡូសអេន​ជឺលេស សហរដ្ឋ​អាមេរិក។
ភាពយន្ដ ១ ម៉ោង ២៦ នាទី ដឹកនាំ​ដោយ​លោក ដេ​នី​ស ដូ បានដាក់​បញ្ចាំង​នៅ​អាមេរិក​ខាងជើង ក្នុង​ព្រឹត្ដិការណ៍​មហោស្រព ក្រោយ​ពី​ទទួល​បាន​កិត្ដិយស​យ៉ាង​ធំធេង​នៅ​មហោស្រព​ភាពយន្ដ​គំនូរ​ជីវចល Annecy Intl. Animation Film Festival នៅ​បារាំង កាល​ពី​​ខែ​មិថុនា។
កើត​នៅ​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៨៥ លោក ដេ​នី​ស បាន​លូតលាស់​ជាមួយ​វប្បធម៌ ៣ ដែល​សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​ពី​គំនិត និង​ស្នាដៃ​របស់​លោក​ចាប់​ពី​បារាំង ចិន និង​កម្ពុជា។
ផលិតករ​អាយុ ៣៣ ឆ្នាំ តែងតែ​ចូល​ចិ​ត្ដ​រូបភាព និង​គំនូរ រហូត​ក្នុង​ឆ្នាំ ២០០៩ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី Les Gobelins «L'ecole de l'image» ក្នុង​ផ្នែក​គំនូរ​ជីវចល និង​ផលិត​ភាពយន្ដ ជា​ទុន​ក្នុង​អាជីព​មួយ​នេះ។
ប្រធាន​គណៈកម្មការ​ម​ហោស្រព​គំនូរជីវចល Animation Is Film Festival លោក ភេតធ័រ ដេប្រ៊ូក បាន​ថ្លែងប្រាប់ Variety ថា៖ «ហ្វ៊ូណន បាន​រំឭក​យើង​ថា គំនូរ​ជីវចល​អាច​រៀប​រាប់​អំពី​ដំណើរ​រឿង​គ្រប់យ៉ាង។ ការ​ផ្សព្វផ្សាយ​តាមរយៈ​បច្ចេកវិទ្យា​កុំព្យូទ័រ​ហាក់​គ្មាន​ដែន​កំណត់​នោះ​ឡើយ»។
លោក ដេ​នី​ស បាន​ស្វែងយល់​ពីអ្វី ដែល​អ្នក​ម្ដាយ​របស់លោក​បាន​ជួប​បទពិសោធ​ក្នុង​របប​ខ្មែរ​ក្រហម បាន​បន្ដ​ថា៖ «ក្នុង​រឿង​ហ្វ៊ូណន លទ្ធផល​បាន​បង្ហាញ​រឿង​ល្អ​ដែល​មិន​នឹក​ស្មាន​ដល់ ក្នុង​ស្ថានភាព​ដូច​នរក។
គណៈកម្មការ​បាន​ឯកភាព​ថា សមិទ្ធផល​នេះ កាន់​តែ​មាន​ថាមពល​ពេល​ត្រូវ​បាន​ផលិត​ជា​រឿង​គំនូរ​ជីវចល»។
Content image - Phnom Penh Post
រូបភាព​ដក​ស្រង់​ពី​ភាពយន្ត​គំនូរជីវចលរឿង​​ Funan​។ ហ្វេសប៊ុក
ភាពយន្ត​ជី​វច​ល​ផ្ដើមចេញពី​គំនូរ​ដោយ​ដៃ​យ៉ាង​ផ្ចិតផ្ចង់ បាន​រំលេច​រូបភាព​តួអង្គ​មុខមាត់​រូប​រាង​ជា​ខ្មែរ ទាំង​ទម្រង់​ភ្នែក និង​ច្រមុះ។ សូម្បី​តែ​ទឹក​មុខ​ក៏​ស្ដែង​នូវ​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​ពី​តួអង្គ​ផង​ដែរ។ ផលិតករ មាន​បំណង​បង្ហាញ​ព្រឹត្ដិការណ៍​ដ៏​តក់​ស្លុត​ក្នុង​របប​ខ្មែរ​ក្រហម តែ​មិន​រំលេច​សកម្មភាព​ហិង្សា​លើ​ផ្ទាំង​សំពត់​ស​នោះ​ឡើយ។
ការមិន​បង្ហាញ​រូបភាព​វាយតប់ រំលោភ និង​អត្តឃាត​គឺជា​ជម្រើស​របស់លោក ដើម្បី​រក្សា​ឈ្មោះ​ប្រភេទ​ជា​ភាពយន្ត​តម្រូវ​ទស្សនិកជន​គ្រួសារ៕HR
Content image - Phnom Penh Post
គំនូរជីវចល​និយាយ​ពី​អ្នកម្ដាយ​​ក្នុង​របប​ខ្មែរ​​ក្រហម​​។ Youtube


សូមចុចfollowដើម្បីបានអត្ថបទថ្មីៗបន្តទៀតយ៉ាងរហ័សពី Langdytech

តើ​អ្នក​រៀន​ព័ត៌មានវិទ្យា​​ត្រូវ​រៀបចំ​បែប​ណា​ទើប​មាន​ភាព​រីក​ចម្រើន?

តើ​អ្នក​រៀន​ព័ត៌មានវិទ្យា​​ត្រូវ​រៀបចំ​បែប​ណា​ទើប​មាន​ភាព​រីក​ចម្រើន?



Content image - Phnom Penh Post
Add caption
បច្ចេក​វិទ្យា​ កំពុង​ដើរ​ទៅ​មុខ​យ៉ាង​លឿង ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ ជា​តម្រូវការ​ចាំបាច់​សម្រាប់​អាជីវកម្ម​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត។​ ជំនាញ​ព័ត៌​មាន​វិទ្យា​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ជា​ច្រើន​ផ្នែក​នៅ​តាម​ស្ថាប័ន​ អង្គការ​ និង​ក្រុមហ៊ុន ដូច​ជា​ការ​បង្កើន​ទំនាក់ទំនង​ជាមួយ​​ដៃគូ ការ​គ្រប់​គ្រង់​ព្រព័ន្ធ​ទិន្នន័យ ការ​ងារ​រដ្ឋ​បាល​​​ និង​ការិយាល័យ ជាដើម​​។
ថ្ងៃ​នេះ​ LIFT បាន​ជួប​សម្ភាសន៍​ជា​មួយ​យុវជន​ដែល​ទទួល​បាន​ជោគជ័យ​ លើ​ជំនាញ​នេះ​ ទាំង​ក្នុង​ការ​ងារ​ និង​ឈាន​ជើង​បង្កើត​ឱកាស បើក​អាជីវកម្ម​​ដោយ​ខ្លួន​ឯង និង​ទទួល​បាន​ភាព​ជោគជ័យនា​ពេល​កន្លង​មក​។
Content image - Phnom Penh Post
លោក ស្រេង​ សារ៉ែន​ ​ជាអ្នក​គ្រប់​គ្រង​សាលា​បង្រៀន​ភាសា​និង​កុំព្យូទ័រ​​មួយ​ដែល​ស្ថិត​នៅ​ក្នង​ស្រុក​ ត្រាំ​កក់ ​​ខេត្ដ​តាកែវ​​ ឈ្មោះសាលា​ភាសាពន្លឺ​សាស្រ្ត។ រូបថត វ៉ន ដារ៉ា
ស្រេង​ សារ៉ែន មាន​ដើម​កំណើត​នៅ​ស្រុក​ កោះ​អណ្ដែត​ ខេត្ដ​តាកែវ ជាប់​នឹង​ព្រំ​ប្រទល់​រៀតណាម​ យុវជន​ បាន​ឲ្យ​ដឹង​ថា៖«ចំពោះទីផ្សារ​ការ​ងារ​លើ​ជំនាញ​ ដូច​យើង​ដឹង​ស្រាប់​ហើយ ក្រុម​ហ៊ុន​ណា​ក៏​គេ​ត្រូវ​ការ​អ្នក​មាន​ជំនាញ​នេះ​ដែរ ក្រុម​ណាក៏​ប្រើ​ប្រាស់​អ្នក​បច្ចេក​វិទ្យា​ដែរ ទាំង​អ្នក​ជំនាញ​ កំព្យូទ័រ វ៉េបសាយ និង​អ្ន​ក​គ្រប់​គ្រង​ទិន្នន័យ​ជាដើម»។
យុវជន​បញ្ចប់​បរិញ្ញាបត្រ​លើ​ជំនាញ​ វិទ្យាសាស្រ្ដ​កុំព្យូទ័រ​ និង​កំពុង​បើក​សាលា​បង្រៀន​ភាសា​និង​កុំព្យូទ័រ​​មួយ​ដែល​ស្ថិត​នៅ​ក្នង​ស្រុក​ ត្រាំ​កក់ ​​ខេត្ដ​តាកែវ​​ ឈ្មោះសាលា​ភាសា ពន្លឺ​សាស្រ្ដ រូប​នេះ បន្ដ​ទៀត​ថា៖«ជំនាញ​នេះ​បច្ចុប្បន្ន​មាន​តម្រូវ​ការ​ប៉ុណ្ណឹង បើ​ទៅ​ថ្ងៃ​អនាគត​ហ្នឹង​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​ថែម​ទៀត​ ប៉ុន្ដែ​អ្នក​រៀន​ជំនាញ​នេះ​ក៏​ត្រូវ​រៀន​បន្ថែម​រហូត​ដែរ​ ព្រោះបច្ចេក​វិទ្យា​ដើរ​ទៅ​មុខ​រហូត​»។
លើ​ស​ពី​នេះ​ទៅ​ទៀត​ យុវជន​ វ័យ​២៧​ឆ្នាំ​រូប​នេះ​លើក​ឡើង​ពី​បទ​ពិសោធន៍​ដែល​ធ្លាប់​ឆ្លង​កាត់​កន្លង​មក​ដែរ​ ​ថា អ្នក​មាន​ជំនាញ​នេះ​ មិន​ធ្វើ​ការងារ​ឲ្យ​គេ​ក៏​អាច​រក​ប្រាក់​បាន​ដែរ គ្រាន់​តែ​ធ្វើ​ការ​ងារ​ដោយ​ខ្លួន​ឯង​នៅ​លើ​វ៉េប​សាយ និង​ការ​ងារ​ក្រៅ​ម៉ោង​ខ្លះ​ៗ​ក៏បាន​។
Content image - Phnom Penh Post
យុវតី មាស មល្លិកា និស្សិត​កំពុង​រៀន​ជំនាញ​ព័ត៌​មាន​នៃ​សាកលវិទ្យា AUPP។​ រូបថត វ៉ន ដារ៉ា
យុវតី មាស មល្លិកា និស្សិត​កំពុង​រៀន​ជំនាញ​ព័ត៌​មាន​នៃ​សាកលវិទ្យា AUPP បាន​ឲ្យ​ដឹង​ដែរ​ថា មូល​ហេតុ​ដែល​ នាង​ចាប់​យក​ជំនាញ​នេះ ព្រោះ​យល់​ឃើញ​ថា មាន​ឱ​កាស​ច្រើន​ក្នុង​ទីផ្សារ​ ទំាង​ការ​ងារ និង​អាជីវកម្ម​ខ្លួន​ឯង​។
មល្លិកា លើក​ឡើង​ថា៖​«​ពិត​ប្រាកដ​ណាស់ ថ្វី​ត្បិត​ខ្ញុំ​មិន​ទាន់​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​នេះ​ តែ​ខ្ញុំ​ជឿជាក់ នឹង​បាន​ជំនះ​សិក្សា​លើ​ជំនាញ​នេះ​ ទោះ​ខាង​ឳពុក​ម្ដាយ​ខ្ញុំ​មិន​សូវជា​ចង់​ឲ្យ​ខ្ញុំ​រៀន​ជំនាញ​នេះ​ក៏​ដោយ​»។​
Content image - Phnom Penh Post
លោក​ សុខ សុភមង្គល​ ប្រធានក្រុម​ហ៊ុន​ Codingate។​ រូបថត វ៉ន ដារ៉ា
លោក​ សុខ សុភមង្គល​ ជា​យុវជន​​បញ្ចប់​បរិញាប័ត្រ​លើ​ជំនាញ​​វិទ្យាសាស្រ្ត​គ្រប់​គ្រង​ព័ត៌មាន​ពី​សាកលវិទ្យា​ល័យ​ Hradec Králové​ នៃសាធារណរដ្ឋ​ឆេក បាន​លើក​ឡើង​ដែរ​ថា៖​«ដោយ​សារ​ជំនាញ​ព័ត៌មាន​វិទ្យា​នេះ​ ខ្ញុំ​បាន​ផ្លាស់​​ប្ដូរទម្លាប់ស្វែង​រក​ការងារ​ធ្វើរ​បស់​និសិ្សត ជាទូទៅ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​ព័ត៌មាន​វិទ្យា​ ​មិន​បាន​ខ្វល់​ខ្វាយ​ពី​ការ​ងារ​ដែល​ពួក​គេ​ទទួល​បាន​នោះ​ជា​ការ​ងារ​ត្រូវ​ជំ​នាញ​ឬ​ក៏​អត់​នោះ​ទេ ឲ្យ​តែ​បាន​ការ​ងារ​ធ្វើ​គឺ​សប្បាយ​ចិត្ត​។ ប៉ុន្ដែ​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ឱ្យ​មក​ជា​ឱកាស​ដល់​ពួក​គេ​ដោយ​ឲ្យ​ពួក​គេ​បាន​ការ​ងារ​ធ្វើ​ត្រូវ​នឹង​ជំនាញ​ដោយ​បាន​បង្កើត​ក្រុម​ហ៊ុន​ Codingate នេះ​ឡើង​ ដែល​សព្វ​ថ្ងៃ​មាន​បុគ្គលិក​សរុប​​ ២២​ នាក់»​​។

ជា​គ្រូ​បង្រៀន ជា​អ្នក​អប់រំ​ណែ​នាំ​ និង​ជា​វាគ្មិន​​វ័យ​ក្មេង​ម្នាក់​ ធ្លាប់​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ស្តីពី​ការ​គ្រប់​គ្រង់​ព័ត៌មាន រៀបចំ​​រចនា​គេហទំព័រ និង​ ការ​អភិវឌ្ឍ​ដំណោះ​ស្រាយ​នូវ​ចំពោះបញ្ហា​នានា​ លោក​បាន​ចាត់ទុក​ មូលដ្ឋាន​គ្រឹះ​ ជា​ធាតុ​ដ៏​សំខាន់​គឺ​នៅ​ក្នុង​ពេល​កំពុង​សិក្សា។
លោក ស គីណាល់ ជានាយក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Aplus Consulting បាន​លើក​ឡើង​ថា អ្នក​សិក្សា​ព័ត៌មានវិទ្យា​ភាគ​ច្រើន កំពុង​ប្រឈម​នឹង​បញ្ហា​មួយ គឺ​កង្វះ​ខាត​ជំនាញ​ទន់។ លោក បន្ដ​ថា​​៖ «អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា មាន​តែ​ជំនាញ​រឹង ខ្វះ​ជំនាញ​ទន់ ប្រៀប​ដូច​មនុស្ស​យន្ត​អីចឹង»។ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រាស្រ័យ​ទាក់​ទង នាយក​គ្រប់​គ្រង​រូប​នេះ ចាត់​ទុក​ជំនាញ​ទន់ គឺ​ជា​កត្តា​សំខាន់​ដើម្បី​ឈាន​ទៅ​ភាព​ជោគ​ជ័យ​នៅ​ក្នុង​វិជ្ជា​ជីវៈ​ព័ត៌មាន​វិទ្យា។
​លោក រុន សារឹម ប្រធាន​ផ្នែក​ទំនាក់​ទំនង និង​ស្វែង​រក​ជំនួយ នៃ​អង្គការ​ Passerelles Numerci Cambodia (PNC) បាន​ចាត់​ទុក​ស្វ័យ​សិក្សា​គឺ​ជា​គន្លឹះ​សំខាន់​សម្រាប់​ទទួល​បាន​ភាគ​ជោគ​ជ័យ​ទាំង​ការ​សិក្សា និង​ការងារ។ ដោយ​បាន​ណែនាំ​ឲ្យ​យុវជន​កម្ពុជា​ចេះ​ជ្រើស​រើស​បុគ្គល​ល្បីៗ​ធ្វើ​ជា​គំរូ លោក​បន្ថែមថា​៖ «ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​ អាច​ឲ្យ​យើង​ស្វែង​យល់​ពី​មជ្ឈ​ដ្ឋាន​ជុំ​វិញ និង​អាច​ទទួល​បាន​អ្វី​ថ្មីៗ​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ទាំង​នៅ​សាលារៀន និង​ការងារ»។
​លោក ស្រេង ចំរើន ធាន​ផ្នែក​ធន​ធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ិនធឺណិត EZECOM បាន​ប្រាប់​ឲ្យ​យុវជន​ដែល​រៀន​ជំនាញ ​ IT កម្ពុជា ឲ្យ​ស្វែង​យល់​ពី​ដំណើរ​វិវត្តន៍​ទាំង​នៅ​លើ​ពិភព​លោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​និយាយ​ថា​៖ «ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​ក្នុង​អាជីព​ព័ត៌មាន​វិទ្យា និស្សិត​គួរ​សិក្សា​បន្ថែម​ទៅ​លើ​តម្រូវការ​ជាក់​ស្ដែង​របស់​ពិភព​លោក និង​តម្រូវការ​ក្នុង​ស្រុក»៕

ដកស្រង់អត្ថបទពីភ្នំពេញប៉ុស្ដិ៍   ដោយ មី ឡងឌី

សូមចុចfollowដើម្បីបានអត្ថបទថ្មីៗបន្តទៀតយ៉ាងរហ័សពី Langdytech

Friday, October 19, 2018

ភ្នំភ្លើងទាំង១០ ដែលកាចសាហាវជាងគេបំផុតនៅលើពិភពលោក នៅពេលមានបន្ទុះភ្នំភ្លើង តែងតែមានគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមនុស្សដែលរស់នៅជុំវិញទីនោះ

ភ្នំភ្លើងទាំង១០ ដែលកាចសាហាវជាងគេបំផុតនៅលើពិភពលោក

នៅពេលមានបន្ទុះភ្នំភ្លើង តែងតែមានគ្រោះថ្នាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមនុស្សដែលរស់នៅជុំវិញទីនោះ ក៏ដូចជាអាចសម្លាប់មនុស្សជាច្រើនផងដែរ។ ដូចនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់នូវភ្នំភ្លើងចំនួន១០ ដែលអាចសម្លាប់មនុស្ស និងបំផ្លាញទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោមនេះ៖
១) ​ភ្នំភ្លើង Yellowstone Caldera

ភ្នំភ្លើង Yellowstone Caldera មាន​កម្ពស់ ៣,១៤២​ម៉ែត្រ ស្ថិត​នៅ​ឧទ្យាន​ជាតិ Yellowstone  សហរដ្ឋអាមេរិក ។ វា​គឺជា​ភ្នំភ្លើង​មាន​កម្លាំង​មហិមា​ចំពោះ​ការ​ផ្ទុះ​ចុង​ក្រោយ​ក្រោយ​កាលពី​៧​ម៉ឺន​ឆ្នាំ​មុន និង​អាយុកាល​ថ្ម​របស់​វា​ដល់​ទៅ​៦៤០,០០០​ឆ្នាំ ។ ភ្នំភ្លើង​យក្ស​នេះ​មិន​ត្រូវ​បាន​មនុស្ស​តាមដាន​អង្កេត​ឱ្យ​ម៉ត់ចត់​នោះ​ទេ ពោល​គឺ​វា​ជា​បាតុភូត​ធម្មជាតិ​ដ៏​ខ្លាំងក្លា។
២) ​ភ្នំភ្លើង Mt. Vesuvius

ភ្នំភ្លើង Mt. Vesuvius ស្ថិត​នៅ​ក្នុង​ឈូង​សមុទ្រ Naples ប្រទេស​អីុ​តា​លី ។ ប្រមាណ​ជា​៩​គីឡូម៉ែត្រ ទៅ​ភាគ​ខាងកើត​ក្រុង Naples​។ វា​គឺជា​ភ្នំភ្លើង​ខ្លាំងក្លា​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​ផ្សេង​ទៀត ។ វា​មាន​កម្ពស់​១,២៨១​ម៉ែត្រ និង​បាន​ផ្ទុះ​ចុង​ក្រោយ​គេ​នៅ​ឆ្នាំ​១៩៤៤ ។ ក្នុង​រយៈពេល ២០​ឆ្នាំ ភ្នំភ្លើង​នេះ​តែងតែ​ផ្ទុះ​ម្តង ពោល​គឺ​ប្រៀប​ដូច​ជាវ​ដ្ត​នៃ​ការ​ផ្ទុះ ។ មនុស្ស​ប្រមាណ​ជា​៣​លាន​នាក់​ដែល​រស់នៅ​ជិត​ភ្នំភ្លើង Mt. Vesuvius  ចម្ងាយ​៩​គីឡូម៉ែត្រ​នៅ​ភាគ​ខាងកើត​ក្រុង Naples ។ វា​បាន​ក្លាយជា​តំបន់​ភ្នំភ្លើង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ​ក្នុង​លោក ។
៣) ភ្នំភ្លើង Popocatepetl

Popocatepetl គឺជា​ភ្នំភ្លើង​ដ៏​សកម្ម​ស្ថិត​នៅ​រដ្ឋ Puebla ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​មាន​កម្ពស់​៥,៤២៦​ម៉ែត្រ ។ វា​មាន​ចម្ងាយ​ជាង​៥៦ គីឡូម៉ែត្រ​ពី​ក្រុង​ម៉ិ​ក​ស៊ី​កូ ហើយ​មាន​ប្រជាជន​ប្រមាណ​ជា​៩​លាន​នាក់​រស់នៅ​រង្វង់​កាំ​នៃ​ការ​ផ្ទុះ​របស់​ភ្នំភ្លើង Popocatepetl ។ ភ្នំភ្លើង Popocatepetl បាន​ផ្ទុះ​ច្រើន​ជាង​២០​ដង​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៥១៩ ។ វា​បាន​ផ្ទុះ​ចុង​ក្រោយ​គេ​នៅ​ឆ្នាំ​២០០០ តែ​សំណាងល្អ​ហើយ​មនុស្ស ៤១.០០០ រស់នៅ​ក្រុង​ដែល​នៅ​ជុំវិញ​បានការ​ពារ​ពី​មហន្តរាយ​ដ៏​ធំ​នេះ។
៤) ​ភ្នំភ្លើង Sakurajima

Sakurajima  មាន​កម្ពស់​១,១១៧​ម៉ែត្រ  គឺជា​ភ្នំភ្លើង​ប្រមូលផ្តុំ​សមាសធាតុ​សកម្ម និង​ជា​អតីត​កោះ​ក្នុង​ខេត្ត​កា​ហ្គូ​ស៊ី​ម៉ា ក្នុង​កោះ​ឃ្យូ​ហ្សូ ប្រទេស​ជប៉ុន ។ កំ​អែ​ភ្នំភ្លើង​របស់​វា​ដែល​ផ្ទុះ​ក្នុង​ឆ្នាំ​១៩១៤ បាន​ហូរ​ភ្ជាប់​មក​កាន់​ដែនដី ។ អ្នកវិភាគ​មួយ​ចំនួន​ឱ្យ​និយម​ន័យ​វា​ថា​ជា​ភ្នំភ្លើង​តំបន់​ខាងកើត​ដោយសារ​តែ​កម្រិត​ខ្ពស់​នៃ​សកម្មភាព​ផ្ទុះ​ដ៏​សាហាវ​របស់​វា ។ វា​បាន​ផ្ទុះ​លើក​ចុង​ក្រោយ​នៅ​ខែសីហា ២០១៥។
៥) ភ្នំភ្លើង Galeras

ភ្នំភ្លើង Galeras មាន​កម្ពស់​៤.២៧៦​ម៉ែត្រ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​កូ​ឡុំ​ប៊ី ក្បែរ​ព្រំដែន​ប្រទេស​អេក្វាទ័រ ។ វា​បាន​ក្លាយជា​ភ្នំភ្លើង​យ៉ាង​សកម្ម​អស់​ជិត​រយៈពេល​១​លាន​ឆ្នាំ​មក​ហើយ​។ វា​ផ្ទុះ​ជា​ញឹកញាប់ ខណៈ​ពេល​ដែល​ផ្ទុះ​ជា​លើក​ដំបូងក្នុង​ឆ្នាំ​១៥៨០ និង​ផ្ទុះ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ២០១៤ ។ ឆ្នាំ​១៩៨៨ វា​បាន​ផ្ទុះ​ម្តងទៀត​ក្រោយ
ពី​រយៈពេល​១០​ឆ្នាំ​មិន​បាន​ផ្ទុះ​។ អ្នក​វិទ្យាសាស្ត្របាន​រៀបចំ​សន្និសីទ​ស្តី​ពី​ភ្នំភ្លើង​ទស្ស​វត្ស​ក្នុង​ឆ្នាំ​១៩៩៣ ដើម្បី​បង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ភ្នំភ្លើង Galeras ។ ហេតុការណ៍​ដែល​មិន​បាន​រំពឹង​ទុក គឺ​ការ​ផ្ទុះ​បាន​កើត​មាន​ឡើង​សម្លាប់​អ្នក​វិទ្យាសាស្ត្រ​ចំនួន​៦​រូប និង​អ្នកទេសចរ​៣​នាក់​។ ចាប់តាំងពី​ឆ្នាំ​២០០០​មក វា​បាន​ផ្ទុះ​ស្ទើរតែ​ជា​រៀង​រាល់​ឆ្នាំ។
៦) ​ភ្នំភ្លើង Mt. Merapi

Mt. Merapi ប្រែ​ថា​ភ្នំភ្លើង​ដែល​ជា​ឈ្មោះ​សក្តិ​សម​បំផុត​សម្រាប់​ភ្នំភ្លើង​សកម្ម​បំផុត​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​មាន​កម្ពស់​២.៩៣០ ម៉ែត្រ ព្រមទាំង​ផ្ទុះ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១០ ។ វា​គឺជា​ភ្នំភ្លើង​ដែល​បាន​បញ្ចេញ​កំ​អែ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ភ្នំភ្លើង​ក្នុង​លោក ។ ភ្នំភ្លើង Mt. Merapi  បាន​ផ្ទុះ​ជា​ទៀងទាត់​ចាប់តាំងពី​ឆ្នាំ​១៥៤៨ និង​បាន​សកម្ម​អស់​រយៈពេល​ជិត​១០,០០០​ឆ្នាំ​មក​ហើយ ។ អ្នកជំនាញ​មាន​ជំនឿ​ថា​សកម្មភាព​របស់​វា​នាំ​ឱ្យ​មានការ​ស្លាប់​នៃ​ព្រះរាជាណាចក្រ​ហិណ្ឌូ​ម៉ា​តា​រ៉ា​ម ។ កំ​អែ​ភ្នំភ្លើង​ដ៏​កខ្វក់​របស់​ភ្នំភ្លើង Mt. Merapi បាន​ធ្វើ​ដំណើរ​ប្រមាណ​ជា​៤​ទៅ​៥​គីឡូម៉ែត្រ ពី​កំពូល​របស់​វា ហើយ​អាច​ដល់​ទៅ​១២​គីឡូម៉ែត្រ​ឯណោះ ។ វា​អាច​ធ្វើ​ដំណើរ​១១២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ការ​ផ្ទុះ​ក្នុង​ឆ្នាំ​២០១០ បាន​សម្លាប់​មនុស្ស​៣៥៣ នាក់ និង​មនុស្ស​ប្រមាណ​ជា​៣២០,០០០​ផ្សេង​ទៀត​បាត់បង់​ជម្រក។
៧) ​ភ្នំភ្លើង Mt. Nyiragongo

ភ្នំភ្លើង Mt. Nyiragongo គឺជា​ភ្នំភ្លើង​សកម្ម​ជាងគេ​បំផុង​នៅ​លើ​ទ្វីបអាហ្វ្រិក​ដែល​មាន​កម្ពស់​៣.៤៧០​ម៉ែត្រ វា​ផ្ទុះ​ជា​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១១ ។ វា​ត្រូវ​បាន​ស្គាល់​ដោយសារ​តែ​កំ​អែ​ភ្នំភ្លើង​ដ៏​ធំ​របស់​វា​ដែល​បន្សល់​នៅ​ក្នុង​ក្រហូង​ដី​យ៉ាង​ធំ ។ ក្នុង​ឆ្នាំ​២០០២ ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​ដែល​កំ​អែ​ភ្នំភ្លើង​របស់​វា​បាន​ហូរ​តាម​ក្រុង​Goma សាធារណរដ្ឋ​កុង​ហ្គោ ។ សំណាងល្អ​អ្នកស្រុក​ចំនួន​៤០០,០០០​គ្រួ​សារបាន​ជម្លៀស​ចេញ​យ៉ាង​មាន​សុវត្ថិភាព ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​១៤៧​នាក់​ស្លាប់​បាត់បង់​ជីវិត សំណង់​អគារ​៤,៥០០​កន្លែង ត្រូវ​បាន​បំផ្លាញ និង​មនុស្ស​១២០,០០០​នាក់​គ្មាន​ផ្ទះសម្បែង។
៨) ​ភ្នំភ្លើង Ulawun

ភ្នំភ្លើង Ulawun គឺជា​ភ្នំភ្លើង​សកម្ម​ជាងគេ​បំផុត​នៅ​ប្រទេស​ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ និង​មាន​កម្ពស់​២,៣៣៤​ម៉ែត្រ ព្រមទាំង​ផ្ទុះ​លើក​ចុង​ក្រោយ​ឆ្នាំ​២០១៣ ។ វា​បាន​ផ្ទុះ​ចំនួន​២២៣ ដង​រួច​មក​ហើយ​ចាប់តាំងពី​ឆ្នាំ​១៧០០ ។ នៅ​ពេល​បច្ចុប្បន្ន​នេះ​សកម្មភាព​របស់​ភ្នំភ្លើង Ulawun បាន​ថមថយ។
៩) ​ភ្នំភ្លើង Taal

ភ្នំភ្លើង Taal គឺជា​ភ្នំភ្លើង​រាង​កោណ​មាន​កម្ពស់​៣១១​ម៉ែត្រ និង​ស្ថិត​នៅ​លើ​កោះ Luzon ប្រទេស​ហ្វ៊ី​លី​ពី​ន ។ វា​ត្រូវ​បាន​គេ​ធ្វើ​កំណត់​ត្រា​ថា​បាន​ផ្ទុះ​ចំនួន​៣៣​ដង​ចាប់តាំងពី​ឆ្នាំ​១៥៧២ និង​ផ្ទុះ​ចុង​ក្រោយ​គេ​ឆ្នាំ​១៩៧៧​។ យោង​តាម​ការ​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្ស​ពី​៥​ពាន់​ទៅ​៦​ពាន់​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​របស់​ភ្នំភ្លើង Taal។
១០) ​ភ្នំភ្លើង Mauna Loa

Mauna Loa គឺជា​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​៥​ផ្សេង​ទៀត​ដែល​បង្កើត​បានជា​កោះ​ហា​វ៉ៃ​នៅ​រដ្ឋ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​មាន​កម្ពស់​៣,១៦៩ ម៉ែត្រ ។ ជា​ភ្នំភ្លើង​ដែល​ធំ​ជាងគេ​ក្នុង​លោក​។ វា​បាន​ផ្ទុះ​ជា​ទៀត​ទាត់​កាលពី​៧០០,០០០​ឆ្នាំ​មុន ខណៈ​ពេល​ផ្ទុះ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៨៤៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង           បន្តដោយ មី ឡងឌី

គួរយល់ដឹង! តើមូលហេតុអ្វីបានជា ឡានពណ៌ខ្មៅ ក្តៅជាងឡានពណ៌ស?

គួរយល់ដឹង! តើមូលហេតុអ្វីបានជា ឡានពណ៌ខ្មៅ ក្តៅជាងឡានពណ៌ស?

តើ​រថយន្ត​ពណ៌​ខ្មៅ មាន​សីតុណ្ហភាព​ក្តៅ​ជាង​រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺៗ​ដទៃ​ទៀត នៅ​ពេល​ថ្ងៃ​ក្តៅ​មែន​ដែរ​ឬ​ទេ? (អ្នកអាច​​នឹង​ដឹង​កាន់​តែ​ច្បាស់ ប្រសិន​បើ​អ្នក​កំពុង​ប្រើ​រថយន្ត​ពណ៌​ខ្មៅ)
តាមរយៈ​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ប្រសិន​បើ​អ្នក​ចត​រថយន្ត​ពណ៌​ខ្មៅ នៅ​ក្រោម​កម្តៅ​ថ្ងៃ នោះ​វា​នឹង​ឆាប់​ក្តៅ ហើយ​បៀម​កម្តៅ​ជាប់​ក្នុង​រថយន្ត​យូរ​ទៀត​ផង។ ជា​ការ​ពិត​ណាស់ ប្រសិន​បើ​អ្នក​យក​រថយន្ត​ពណ៌​ខ្មៅ និង​រថយន្ត​ពណ៌​ស ទៅ​ចត​នៅ​ក្រោម​កម្តៅ​ថ្ងៃ នោះ​រថយន្ត​ពណ៌​ខ្មៅ​នឹង​ក្តៅ​ខ្លាំង​ជាង ហើយ​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​ឲ្យ​វា​ត្រជាក់​វិញ។

ហេតុ​អ្វី​បាន​ជា​រថយន្ត​ពណ៌​ខ្មៅ ក្តៅ​ជាង​រថយន្ត​ពណ៌​ស?
ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ ២០១១ មួយ​បាន​រក​ឃើញ​ថា រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺ មាន​ចំណាំង​ប្លាត​កម្តៅ​ព្រះអាទិត្យ រហូត​ដល់​ទៅ ៦០% ឯណោះ បើ​ប្រៀបធៀប​ជាមួយ​រថយន្ត​ពណ៌​ខ្មៅ។ វា​មាន​ន័យ​ថា រថយន្ត​ពណ៌​ខ្មៅ​ស្រូប​យក​កម្តៅ​ព្រះអាទិត្យ និង​កម្តៅ​ផ្សេង​ទៀត​ខ្លាំង​ជាង​រថយន្ត​ពណ៌​ផ្សេង ហើយ​មាន​ចំណាំង​ប្លាត​តិច​ជាង​ទៀត​ផង។
មិន​តែ​ប៉ុណ្ណោះ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា រថយន្ត​ពណ៌​ស ឬ​ពណ៌​ភ្លឺ ជួយ​ឲ្យ​រថយន្ត​សន្សំ​សំចៃ​សាំង​បាន ២% ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ជិត ២% ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ និង​រថយន្ត​ពណ៌​ផ្សេង​ទៀត មិនមែន​ជា​បញ្ហា​ធំ​ឡើយ នៅ​ពេល​ដែល​រថយន្ត​របស់​អ្នក​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ដែល​ដំណើរការ​ល្អ និង​ត្រជាក់​ខ្លាំង។ ផ្ទុយ​ទៅ​វិញ វា​ប្រហែល​អាច​ជា​បញ្ហា​មួយ ប្រសិន​បើ​អ្នក​ធ្វើដំណើរ​ផ្លូវ​ជិត ហើយ​ម៉ាស៊ីន​ត្រជាក់​មិន​អាច​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​រថយន្ត​ត្រជាក់​ទាន់​ពេល៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង        បន្តដោយ មី ឡងឌី

ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ជាស្តេចដែលសាងសង់ប្រាសាទអង្គរវត្តមុនគេបង្អស់

ព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ជាស្តេចដែលសាងសង់ប្រាសាទអង្គរវត្តមុនគេបង្អស់

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្ននេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។
ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។

ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០)
ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ ពោរពេញ​ទៅ​ដោយ​ការ​បង្ហូរ​ឈាមមួយក្នុងទំព័រប្រវត្តិសាស្ត្រ។
មុន​ពេល​ដែល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នោះ ប្រទេស​កម្ពុជា មាន​ព្រះរាជា​ពីរ​អង្គ​គ្រងរាជ្យ​ក្នុង​ពេល​តែ​មួយ។ មួយ​អង្គ​ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​ព្រះនាម​ថា “ព្រះបាទ​នឫទិន្ទ្រវរ្ម័ន”ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ព្រះបាទ​ហស៌វរ្ម័នទី៣។ មួយ​ព្រះអង្គ​ទៀត​ព្រះនាម “ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១”ដែល​ទ្រង់​សោយរាជ្យ​បន្ត​ពី​ព្រះរៀម​របស់​ព្រះអង្គ គឺ​ព្រះបាទ​ជ័យវរ្ម័នទី៦ នៅ​រាជធានី​មហិធរៈបុរៈ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ទ្រង់​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​១១០៧ ហើយ​ទ្រង់​ចូល​ទិវង្គត​ឆ្នាំ​១១១២ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមនិស្កលបទ។

អ្នក​ដែល​ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ដើម្បី​ដណ្ដើម​រាជ្យ​នោះ គឺ​ ព្រះបាទ​សូរ្យវរ្ម័នទី២ ដែល​ជា​ចៅ​ក្មួយ​របស់​ព្រះអង្គ​នោះ​ឯង។ ដំបូងឡើង ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ឪពុក​មា​របស់​ខ្លួន។ បន្ទាប់​មក ព្រះអង្គ​ក៏​បាន​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ព្រះរាជា​សោយរាជ្យ​នៅ​រាជធានី​អង្គរ ហើយ​ធ្វើ​គត់​ព្រះអង្គ​បាន​ទៀត។ ការ​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​ដែល​ចែក​ដី​គ្នា​គ្រងរាជ្យ​នៅ​កម្ពុជា ក្នុង​ពេល​តែ​មួយ​នេះ បាន​ធ្វើ​អោយ​ព្រះបាទ​សូរ្យវរ្ម័នទី២ អាច​បង្រួប​បង្រួម​នគរ​ខ្មែរ​អោយ​ទៅ​ជា​មួយ​ឡើង​វិញ។
ក្រោយ​ពី​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​បាន​ហើយ ព្រះអង្គ​ក៏​ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​អង្គរ។ ពិធី​រាជាភិសេក​ក្នុង​ការ​ឡើង​គ្រងរាជ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ព្រះរាជ​គ្រូ​ព្រាហ្មណ៍​បុរោហិត​ទិវាករ​បណ្ឌិត​ដដែល។
លុះ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ចិនឡើង​វិញ ហើយ​ព្រះអង្គ​បាន​បញ្ជូន​គណៈ​បេសកកម្ម​ការទូត​ពីរ​ទៅ​ប្រទេស​ចិន គឺ​មួយ​នៅ​ឆ្នាំ​១១១៦ និង​មួយ​ទៀត​នៅ​ឆ្នាំ​១១២០ នៃ​គ្រិស្ដសករាជ។

ព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជា​ញឹកញាប់ ដោយ​បាន​ច្បាំង​ជាច្រើន​លើក​ច្រើន​សា​ជាមួយ​នឹង​ប្រទេស​ចំប៉ា ដែល​បាន​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាំង​ពី​មុន​រាជ្យ​របស់​ព្រះអង្គ គឺ​ពេល​ដែល​ប្រទេស​បែក​បាក់​គ្នា ហើយ​មាន​ស្ដេច​សោយរាជ្យ​ដល់​ទៅ​ពីរ​អង្គ​ក្នុង​ពេល​តែ​មួយ​នោះ។
សង្គ្រាម​ជាមួយ​ប្រទេស​ចំប៉ា នេះ​បាន​ទទួល​ជោគជ័យ ហើយ​ខ្មែរ​បាន​កាន់​កាប់​រាជធានី​វិជ័យ​ពី​ឆ្នាំ​១១៤៥ ដល់​ឆ្នាំ​១១៤៩ ហើយ​ដាក់​ប្អូន​ថ្លៃ​ព្រះអង្គ​ឈ្មោះ “ហរិទេវៈ”អោយ​សោយរាជ្យ​នៅ​ទី​នោះ​ផង។
ច្បាំង​នឹង​យួន​ដៃ​វៀត ដែល​ចេះ​តែ​ឃុបឃិត​គាំទ្រ​ពួក​ក្បត់ ហើយ​អនុញ្ញាត​អោយ​ពួក​នេះ​ជ្រក​កោន​ផង។ ច្បាំង​នឹង​ក្សត្រ​បុរី​ថៃ ដែល​ក្រោក​បះបោរ​នៅ​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មេណាមផង ហើយ​ច្បាំង​ជាមួយ​ពួក​មន នៅ​ហរិបុញ្ជ័យ ថែម​ទៀត​ផង។ ដោយសារ​ព្រះអង្គ​ជា​ស្ដេច​សឹក​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ​ហើយ ទើប​ព្រះ​ចៅ​ក្រុង​ចិនថ្វាយ​ព្រះ​ឋានន្តរ​នាម​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះអង្គ​ថា “គិនពីវពិនចេង” ដែល​ប្រហែល​ជា​ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា “កម្រតេង” នោះ​ឯង។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ប្រទេស​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​ប្រទេស​ចិន ខាង​ត្បូង​ទល់​នឹង​សមុទ្រ​ចិន គឺ​ពី​កូថារ៉ា (បច្ចុប្បន្ន​ញ៉ាត្រាង ក្នុង​ប្រទេស​វៀតណាម) រហូត​ដល់​ឈូង​សមុទ្រ​បានឌុង (នៅ​ម៉ាឡេស៊ី)។ ខាង​លិច​ទល់​នឹង​ប្រទេស​ភូមា ហើយ​ព្រំប្រទល់​ខាង​កើត​ទល់​នឹង​ប្រទេស​ចំប៉ា។ ម្យ៉ាង​ទៀត ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្លាត​វាង​វៃ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​បំផុត ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ព្រាហ្មណ៍​គណៈ​ព្រះវិស្ណុ ដែល​ក្នុង​សម័យ​នោះ​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ប្រទេស​ឥណ្ឌាផង និង​នៅ​កោះ​ជ្វាផង។ ព្រះអង្គ​បាន​លើក​តម្កើង​សាសនា​ព្រាហ្មណ៍​គណៈ​វិស្ណុ នេះ​អោយ​ទៅ​ជា​សាសនា​របស់​រដ្ឋ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ “ព្រះបាទ​សូរ្យវរ្ម័នទី២” ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូនិង​ប្រាសាទ​ព្រះវិហារ។ ឯ​សំណង់​ថ្មី​មាន​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ទ ប្រាសាទ​បន្ទាយសំរ៉ែនិង ​ប្រាសាទ​អង្គរវត្តដែល​ជា​ស្នាដៃ​ដ៏​ល្អ​ប្រណីត​នៃ​សិល្បៈ​ខ្មែរ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​សំណង់​សាសនា​មួយ​ដ៏​ធំ​ជាង​គេ​ក្នុង​ពិភពលោក។ ប្រាសាទ​អង្គរវត្តក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។
នៅ​ភាគ​ខាង​ចុង​រាជ្យ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១១៤៩ ពួក​ចាម បាន​បះបោរ រួច​បាន​ធ្វើ​គត់ ហរិទេវៈ ដែល​ជា​ប្អូន​ថ្លៃ​របស់​ព្រះអង្គ​សោយរាជ្យ​នៅ​ក្រុង​វិជ័យ ហើយ​រំដោះ​ប្រទេស​ចំប៉ា បាន​ពី​កម្ពុជាវិញ។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា “បរមវិស្ណុលោក”៕


ដកស្រង់ដោយ៖ លោក ប៊ុត ហេង      ផ្សាយបន្តដោយ មី ឡងឌី

ប្រវត្តិព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រជាតិខ្មែរ

ប្រវត្តិព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រជាតិខ្មែរ

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​កត្ដិក ឆ្នាំច ចត្វា​ស័ក ព.ស ២៤​៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ
ចាប់ពីឆ្នាំ​១៩៣០​ដល់​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា FRANCOIS BAUDOIN និង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារំាង សាស​លូឡូបា (CHASSELOUP LAUBAT) នៅ​ព្រៃ​នគរ (វៀតណាម​ខាង​ត្បូង)។ លុះ​ដល់​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក​បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​រាជ​ឋានៈ​ជា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។ ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​យាង​ទស្សន​កិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​បារំាង​តាម​ការ អញ្ជើញ​របស់​ប្រធានា​ធិបតី FELIX GOUIN និង​ឧត្តម​សេនីយ៍ សាល​ដឺ​ហ្គោល (CHARLES de GAULE) នៅ​COLOMBEY។ នៅ​ឆ្នាំ​១៩៤៦​ដល់​១៩៤៨ ព្រះ​អង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់​នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាស​ដែក​នៅ​សូមៀរ​(SAUMURE)​ប្រទេស​បារំាង។

វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដែលសម្តេចតា បានសិក្សា
ក្នុងឆ្នាំ ១៩៤៧ ព្រះ​ករុណា​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​មាន​មហា​ជោគ​ជ័យ​ក្នុង​ការ​ទាម​ទារ​ឲ្យ​រាជា​ណា​ចក្រ​ថៃ​ឡង់ដ៍ សង​មក​កម្ពុជា​វិញ​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ​ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកល លោក​លើក​ទី២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ​គឺ ខេត្ត​បាត់​ដំបង សៀមរាប កំពង់​ធំ ស្ទឹង​ត្រែង។ ឆ្នាំ​១៩៤៩ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទាមទារ​ឲ្យ​ប្រទេស​បារំាង​បញ្ឈប់​នូវ​សន្ធិ​សញ្ញា​អាណា​ព្យាបាល​ដែល​បាន ចុះ​ព្រះ​ហស្ដ​លេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល​ព្រះ​អង្គ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិ​សញ្ញា ឯករាជ្យ​ដែល​ប្រទេស​បារំាង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ សន្និសញ្ញា​ឆ្នាំ​១៩៤៩​នេះ​លុប​ចោល​នូវ​សន្ធិសញ្ញា​អាណា​ព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ ពី​ឆ្នាំ​១៩៥២​ដល់​១៩៥៣ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ទាមទារ​កេតន​ភណ្ឌ​ឯករាជ្យ ១០០%​ជូន​ជាតិ​មាតុ​ភូមិ។

នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​ដោយ​ស្នា​ព្រះហស្ដ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​អង្គ​ព្រះ​រាជា ណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណ​រដ្ឋ​បារំាង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស​សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះ​អង្គ ជា «ព្រះ​មហា​វីរ​បុរស​ជាតិ ព្រះ​បិតា​ឯករាជ្យ​ជាតិ»។ ឆ្នាំ​១៩៥៤​ព្រះ​អង្គ​បាន​បញ្ជូន​គណៈ​ប្រតិភូ​ជា​តំណាង​របស់​ព្រះ​អង្គ​ទៅ ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​ឥណ្ឌូ​ចិន​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដែល​មាន​ប្រទេស​កម្ពុជា​ចូល​រួម​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ ឯកភាព​ជាតិ។

វិមានឯករាជ្យ ត្រូវបានសាងសង់ឡើងក្រោយទទួលបានឯករាជ្យពីបារាំង
នៅ​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ដាក់​រាជ​ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោ​ត្តម សុរាម្រិត​ជា​ព្រះរាជ​បិតា។ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សុរាម្រិត ព្រះ​អង្គ​បាន​ប្រទាន​ចំពោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នូវ​ព្រះ​គោរម​​ងារ​ជា «សម្តេច​ព្រះ​ឧបយុវរាជ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា»។ ថ្ងៃទី​២៣ ខែ​មីនាឆ្នាំ​១៩៥៥​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បង្កើត​ចលនា​សង្គម​រាស្ត្រ​និយម​ដែល​មាន​គណ​បក្ស​ជា​ច្រើន ចូល​រួម​ក្នុង​ចលនា​នេះ។
ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​អា្រហ្វិក-អាស៊ី​លើក​ទី​១​ នៅ​ទី​ក្រុង​បាន់ឌុង (​ប្រទេស​ឥណ្ឌូ​នេស៊ី) ហើយ​នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ប្រកាស​ពី​នយោបាយ​អព្យាក្រឹត​ក្នុង​ឯករាជ្យ ទាំង​ស្រុង និង​សន្តិសហ​វិជ្ជមាន​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស ទាំង​អស់​ដោយ​មិន​គិត​ពី​មនោគម​វិជ្ជា​ឡើយ។ ព្រះអង្គ​បាន​ជួប​ជា​លើក​ដំបូង​ជាមួយ​នឹង​លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា, លោក ហ្គាម៉ាល់ អាប់​ដែល ណាស៊្សែរ (GAMAL ABDEL NASSER) ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានាធិបតី​ឥណ្ឌូនេស៊ី, លោក ជូ អេន ឡាយ (ZHOU EN LAI)​នាយករដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។

រោត្តម សីហនុ ជួបជាមួយ លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា
ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ទទួល​មហា​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ជាតិ​ដោយ​ទទួល បាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើស​លប់។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី ហើយ​ក្នុង​ព្រះ​រាជ​ឋានៈ​ជា​ប្រមុខ​នៃ​ប្រជា​រាស្ត្រ​ខ្មែរ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បូជនីយ​កិច្ច​ដឹក​នាំ​ដើម្បី​អភិវឌ្ឍ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​ទូទៅ​នៅ​ក្នុង​គ្រប់​វិស័យ​នៃ​ការ​កសាង​ជាតិ របស់​ព្រះ​អង្គ ជា​ពិសេស​ការ​លើក​ស្ទួយ​នារី​ឲ្យ​មាន​សិទ្ធិ​ស្មើ​ភាព​នឹង​បុរស​ក្នុង ការងារ។
ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​១៩៥៥ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ
នៅឆ្នាំ១៩៥៦ នៅ​ប្រ៊ីយ៉ូនី (BRIONI)​នៃ​សាធារណរដ្ឋ​សហព័ន្ធ​សង្គម​និយម​យូហ្គោ​ស្លាវី ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ក្លាយ​ជា​បិតា​ស្ថាបនិក​ទី៥ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា​លើ​ធម្មនុញ្ញ​នៃ ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ បន្ទាប់​ពី​អ្នក​ផ្តួច​ផ្តើម​គំនិត​ដ៏​សំខាន់​៤​រូប​ទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOIP BROZ TITO) ប្រធានា​ធិបតី​យូហ្គោស្លាវី, លោក ហ្សាវ៉ា​ហារ​ឡាល់ នេរុ (JAWAHARLAL NEHRU)​នាយក​រដ្ឋមន្ត្រីឥណ្ឌា​, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO)​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី និង​លោក ហ្គាម៉ាល់ អាប់​ដែល​ណា​ស៊្សែរ (GAMAL ABDEL NASSER)​ប្រធានា​ធិបតី​សាធារណ​រដ្ឋ​អារ៉ាប់​រួម។
នៅខែ​កុម្ភៈ ឆ្នាំ​១៩៥៦ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​ព្រះ​រាជ​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី ព្រះ​អង្គ​បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹក​នាំ​ចិន​ជា​ច្រើន​មាន​ឯកឧត្តម​លោក​ប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជា​ដើម។ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដលេខា​លើ​សេចក្តី​ប្រកាស​​រួម​ស្តី​ពី​មិត្ត​ភាព ​កម្ពុជា​-ចិន​។

ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ និងលោក ម៉ៅ​សេទុង
នៅ​ឆ្នាំ​១៩៦០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សុរាម្រិត​ទ្រង់​សោយ​ទិវង្គត ពេល​នោះ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​សមាជិក​សភា​ខ្មែរ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​ព្រះ​អង្គ ជា​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កសាង​ជាតិ​មាតុភូមិ​យ៉ាង​ សកម្ម​ជាទី​បំផុត។
ខែ​កញ្ញា ឆ្នាំ​១៩៦០ នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​លើក​ឡើង​នូវ​ផែន​ការ​បង្កើត​នៅ​អាស៊ីអាគ្នេយ៍​ជា​តំបន់​ អព្យាក្រឹត​រវាង​ប្លុក​មហា​អំណាច​ទាំង​ពីរ​។
នៅ​ខែឧសភា ឆ្នាំ​១៩៦១ តាម​ព្រះរាជ​តម្រិះ​ផ្តួច​ផ្តើម​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ សន្និសីទ​អន្តរជាតិ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​ហ្សឺណែវ (GENEVE)​ដើម្បី​ដោះ​ស្រាយ​ទំនាស់​រវាង​ភាគី​៣​នៅ​ប្រទេស​ឡាវ​។
ចាប់​ពី​ ខែ​ឧសភា ឆ្នាំ ១៩៦១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម​នយោបាយ​ការ​ទូត​ដើម្បី​ទាមទារ ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរ​មក​វិញ​ពី​ ប្រទេស​ថៃ​ដោយ​តុលាការ​ក្រុង​ឡាអេ (LA HAYE)​បាន​សម្រេច​ប្រគល់​មក​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​វិញ​នា​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​បេសកកម្ម​នយោបាយ​ការ​ទូត​ដើម្បី​ទាមទារ ប្រាសាទ​ព្រះ​វិហារ​ជា​សម្បត្តិ​វប្បធម៌​បេតិក​ភណ្ឌ​ជាតិ​ខ្មែរ​
នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៦១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​លើក​ទី១​នៃ​ចលនា​មិន​ចូល បក្ស​សម្ព័ន្ធ​នៅ​បែល​ក្រាដ (BEGRADE)​នៃ​ប្រទេស​យូហ្គោស្លាវី​ដែល​មាន​២៩​ប្រទេស​ចូល​រួម។
នៅទីនោះ​ព្រះអង្គ​បាន​ថ្កោល​ទោស​ចំពោះ​អំពើ​របស់​ពួក​អាណា​និគម​និយម​ចក្រ​ពត្តិ​និយម និង​ការ​ប្រកាន់​ពូជ​សាសន៍។
នៅខែមិថុនា ឆ្នាំ​១៩៦៤ ឧត្តម​សេនីយ៍ សាល ដឺហ្គោល (CHARES de GAULLE) ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​បាន​រៀបចំ​បដិសណ្ឋារ​កិច្ច​ជា​ឧឡារិក ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​នៅ​ទី​ក្រុង​ប៉ារីស។ លោក​ប្រធានាធិបតី​បាន​ទទួល​ដោយ​ស្មោះសរ​នូវ​សំណើ​របស់​ភាគី​កម្ពុជា​ស្តីពី ការ​ទទួល​ស្គាល់​អព្យាក្រឹត​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។
នៅចុងខែ សីហា និង​ដើម​ខែ​កញ្ញា ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ទទួល​ជា​ឧឡារិក​លោក​ឧត្តម​សេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE)​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច ជា​ផ្លូវ​រដ្ឋ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​រៀបចំ​បដិ​សណ្ឋារ​កិច្ច​ទទួល​ជា​ឧឡារិក​លោក​ឧត្តម​សេនីយ៍ សាល ដឺហ្គោល ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារំាង​
ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​១៩៦៦ នៅ​ក្នុង​សុន្ទរ​កថា​ដែល​ថ្លែង​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ លោក​ប្រធានា​ធិបតី​បាន​គាំទ្រ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ការពារ ឯករាជ្យ បូរណ​ភាព​ទឹក​ដី អព្យាក្រឹត សន្តិភាព​នៃ​ខ្លួន។
ពីថ្ងៃទី២៦ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​១៩៦៦ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ​បាន​យាង​ជា​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ឱកាស​ព្រះ រាជ​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា GANEFO អាស៊ី​លើក​ទី១។
ក្រោម ព្រះ​រាជ​កិច្ច​ដឹក​នាំ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ដែល​ប្រជា​រាស្ត្រ​ខ្មែរ​បាន​ថ្វាយ​ព្រះ​នាម ព្រះ​អង្គ​ថា​ជា ព្រះ​បិតា​ឯករាជ​ជាតិ ព្រះ​បិតា​សិក្សា​ធិការ​ជាតិ ព្រះ​បិតា​សុខាភិបាល​ជាតិ ព្រះ​បិតា​កីឡា​ជាតិ ព្រះ​បិតា​ស្ថាបនា​ជាតិ សមិទ្ធ​ផល​នានា​ជា​ច្រើន​ត្រូវ​បាន​កសាង​ឡើង និង​ប្រារព្ធ​ព្រះ​រាជពិធី​សម្ពោធ​ជា​បន្ត​បន្ទាប់​សម្រាប់​ប្រជា​រាស្ត្រ ប្រើ​ប្រាស់​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​នានា​ជា​ពិសេស​មាន​សមិទ្ធ​ផល​ធំៗ ដូចជា៖
  • វិមាន​ឯករាជ្យ
  • វិ​មាន​រដ្ឋ​ចំការមន
  • ចំណត​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ពោធិ៍ចិន​តុង
  • ចំណត​អាកាស​យាន​ដ្ឋាន​សៀមរាប
  • ចំណត​អាកាស​យាន​ដ្ឋាន​បែក​ចាន ខេត្ត​បាត់ដំបង
  • ផ្លូវ​ជាតិ​លេខ​៤ ភ្នំពេញ-​ក្រុង​ព្រះ​សីហនុ
  • ផ្លូវ​ដែក​ក្រុង​ភ្នំពេញ​-ក្រុង​ព្រះ​សីហនុ
  • កំពង់​ផែ​អន្ដរជាតិ​ក្រុង​ព្រះ​សីហនុ
  • សណ្ឋាគារ «ឯករាជ្យ»​ក្រុង​ព្រះ​សីហនុ
  • សាល​មហោ​ស្រព​ជាតិ «ព្រះ​សុរា​ម្រិត» ភ្នំពេញ
  • សាល​សន្និសីទ «ចតុមុខ»
  • ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ

ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ ក្នុងឆ្នាំ១៩៦៤
  • ស្ពាន​ព្រះ​មុនីវង្ស​ទី២
  • ស្ពាន«សង្គម​រាស្រ្ដ​និយម»​ឆ្លង​កាត់​ទន្លេ​សាប
  • សាកល​វិទ្យាល័យ «សង្គម​រាស្ដ្រ​និយម»​ភ្នំពេញ
  • សាកល​វិទ្យាល័យ​ភូមិន្ទ​បច្ចេក​ទេស
  • មហា​វិទ្យា​ល័យ​នីតិ​សាស្ដ្រ និង​វិទ្យា​សាស្ដ្រ​សេដ្ឋកិច្ឋ
  • មហា​វិទ្យា​ល័យ​គរុកោសល្យ
  • ពុទ្ធិក​សាកល​វិទ្យា​ល័យ​ព្រះ​សីហនុ​រាជ
  • មហា​វិទ្យាល័យ​សិល្បៈ​ស្ថាបនា
  • មហា​វិទ្យា​ល័យ​សិល្បៈ​និង​មុខរបរ
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​ក្សេត្រ​សាស្ត្រ
  • សាកល​វិទ្យា​ភូមិន្ទ​កំពង់​ចាម សាកល​វិទ្យា​ល័យ​ភូមិន្ទ​បាត់ដំបង
  • សាកល​វិទ្យា​ល័យ​ភូមិន្ទ​តាកែវ-​កំពត
  • រោងភាព​យន្ត​រដ្ឋ ស្ថានីយ​ទូរទស្សន៍​ខេម​រភូមិន្ទ
  • មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត
  • រោង​ចក្រ​ចម្រាញ់​ប្រេង​កាត​ក្រុង​ព្រះ​សីហនុ
  • រោងចក្រ​ស្រាបៀរ​ក្រុង​ព្រះ​សីហនុ
  • រោងចក្រ​«ព្រះ​នរោត្តម»​ដំឡើង​ត្រាក់​ទ័រ និង​រថយន្ត​ធំ​ក្រុង​ព្រះ​សីហនុ
  • រោង​ចក្រ​ស្ករស​កំពង់ត្រាំ​ខេត្ត​កំពង់​ស្ពឺ
  • រោងចក្រ​វាយន​ភ័ណ្ឌ​ខេត្ត​កំពង់​ចាម
  • រោងចក្រ​វាយនភ័ណ្ឌ​ខេត្ត​បាត់​ដំបង
  • រោងចក្រ​បាវ​ក្រចៅ​ដូនទាវ​ខេត្ត​បាត់​ដំបង
  • រោងចក្រ​ស៊ីម៉ងត៍​ចក្រីទីង​ខេត្ត​កំពត
  • រោងចក្រ​កែវ​ជើង​ឯក​រាជធានី​ភ្នំពេញ
  • រោង​ចក្រ​ក្ដារ​បន្ទះ​ដីឥដ្ឋ​ខេត្ត​កណ្ដាល
  • រោងចក្រ​ក្រដាស​ឆ្លូង​ខេត្ត​ក្រចេះ
  • រោង​ចក្រ​ជីហ្វូស​ស្វាត​ទូក​មាស​ខេត្ត​កំពត
  • រោងចក្រ​កង់​ឡាន​តាខ្មៅ​ខេត្ត​កណ្ដាល
  • រោងចក្រ​ត្រី​ខ​ប្រអប់​កោះកុង
  • រោង​ចក្រ​ផលិត​ជ័រ​កៅ​ស៊ូ​ជប់​ខេត្ត​កំពង់​ចាម
  • រោងចក្រ​វារី​អគ្គិសនី​គិរីរម្យ​ខេត្ត​កំពង់​ស្ពឺ
  • និង​សមិទ្ធ​ផល​នានា​ជា​ច្រើន​ទៀត នៅ​តាម​បណ្ដា​ស្រុក​-ខេត្ត-ក្រុង ដូច​ជា​សាលា​រៀន​មន្ទីរពេទ្យ ទំនប់​ទឹក ស្រះ​ទឹក​ ប្រឡាយ​ ផ្លូវ​ថ្នល់​ ស្ពាន​ជា​ដើម។ល។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​បំពេញ​ព្រះ​រាជ​ជា​ផ្លូវ​ការ​នៅ​សហ​ភាព សូវៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម សី​ហនុ ត្រូវ​បាន​ទទួល​រង​គ្រោះ​ដោយ​រដ្ឋ​ប្រហារ​មិន​ស្រប​ច្បាប់​មួយ​នៅ​ភ្នំពេញ គឺជា​រដ្ឋ​ប្រហារ​យោធា​ដែល​មាន​លន់ នល់ ជា​មេ​ខ្លោង។ សាធារណ​រដ្ឋ​ខ្មែរ​របស់​លន់ នល់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​តុលា ឆ្នាំ​១៩៧០។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​ជា​ព្រះ​ប្រធាន​ចលនា​តស៊ូ​កម្ពុជា «រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា» (FUNC) ព្រម​ជាមួយ​នោះ ក៏​មាន​បង្កើត​នូវ​រាជ​រដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា (GRUNK)។
នៅខែមេសា ឆ្នាំ​១៩៧០ នៅកង់​តុង (សាធារណរដ្ឋ​ប្រជាមានិត​ចិន) ព្រះ​អង្គ​ជា​អ្នក​ផ្ដួច​ផ្ដើម​នៃ​សន្និសីទ​កំពូល​របស់​ប្រជាជន​ឥណ្ឌូ​ចិន ដែល​នៅ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ដោយ​អ្នក​ដឹក​នាំ​ពី​ប្រទេស​កម្ពុជា ពី​សាធារ​ណរដ្ឋ​ប្រជា​ធិប​តេយ្យ​វៀតណាម​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ផាំ វ៉ាន់ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាង​ត្បូង​ដឹក​នាំ​ដោយ​លោក ង្វៀង ហ៊ីវថ (NGUYEN HUU THO) និង​ពី ណេវ ឡាវ ហាក់​សាត (NEO LAO HAKSAT) ដឹកនាំ​ដោយ​ព្រះ​អង្គ​ម្ចាស់​ប្រធាន​សុផានុវង្ស (SOUPHANOUVONG)។ ភាគី​សាធារណ រដ្ឋ​ប្រជាធិប​តេយ្យ​វៀតណាម​រណសិរ្ស​រំដោះ​វៀត​ណាម​ខាង​ត្បូង និង​ភាគី ណេវ ឡាវ ហាក់​សាត បាន​ប្រកាស​ជា​ឱឡា​រិក​ថា​ប្រទេស​របស់​ខ្លួន​ទទួល​ស្គាល់​និង​គោរព​ជា​ដរាប បូរណ​ភាព​ទឹកដី​ក្នុង​ព្រំដែន​បច្ចុប្បន្ន​របស់​កម្ពុជា។

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និងលោក​នាយក​រដ្ឋ​មន្ត្រី​ផាំ វ៉ាន់ដុង (PHAM VANDONG) ពី​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​
ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ កង​ទ័ព​ប្រជាជន​រំដោះ​ជាតិ នៃ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNC) ដណើ្ដម​បាន​ជ័យ​ជម្នះ​ទាំង​ស្រុង​នៅ​កម្ពុជា។ «កម្ពុជា​ប្រជាធិប​តេយ្យ» ត្រូវ​បាន​បង្កើត​ឡើង​ដែល​មាន​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ព្រះ​ប្រធាន។ ប៉ុន្ដែ​នៅ​ខែ​មេសា ឆ្នាំ​១៩៧៦ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ បាន​សព្វ​ព្រះ​រាជ​ហឫទ័យ លា​លែង​មុខ​ងារ​ជា​ព្រះ​ប្រធាន​នៃ​កម្ពុជា​ប្រជាធិប​តេយ្យ​នេះ ហើយ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ឃុំឃាំង​ព្រះ​អង្គ និង​សម្តេច​ព្រះ​រាជ​អគ្គ​មហេសី ព្រម​ទាំង​ធ្វើ​គុត​ព្រះ​រាជ​បុត្រា​បុត្រី​មួយ​ចំនួន​ផង។
ពីឆ្នាំ១៩៨២ ដល់​១៩៩០ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​ជា​ប្រធាន​នៃ​ចលនា​តស៊ូ​ជាតិ​កម្ពុជា (CNR)។
ចាប់តាំង​ពី​ឆ្នាំ​១៩៨៧ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ខិតខំ​អស់​ពី​កម្លាំង​កាយ​ពល​ដើម្បី​បង្រួប​បង្រួម​ភាគី ជម្លោះ​កម្ពុជា​ទាំង​អស់​រិះ​រក​នូវ​ដំណោះ​ស្រាយ​នយោបាយ​សម​ស្រប​បញ្ចប់ ជម្លោះ​នៅ​កម្ពុជា។ ព្រះ​អង្គ​តែង​តែ​ប្រទាន​ចំពោះ​ឯក​ឧត្តម ហ៊ុន សែន និង​គណៈ​ប្រតិភូ​នៃ​រដ្ឋ​កម្ពុជា​ក្រាប​ថ្វាយ​បង្គំ​គាល់​ជា​បន្ត​បន្ទាប់ នៅ​ប្រទេស​បារំាង​នៅ​ថ្ងៃ ខែ​ឆ្នាំ​ដូច​ខាង​ក្រាម៖
  • ពីថ្ងៃទី​០២​ដល់​ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ​១៩៨៧ ជំនួប​លើក​ទី១នៅ Fére-ren Tardenois។
  • ពី​ថ្ងៃ​ទី​២០​-២១ ខែ​មករា ឆ្នាំ​១៩៨៨ ជំនួប​លើក​ទី​២​នៅ Saint Germain-en-Laye។
នៅថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​១៩៩១ ព្រះ ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទទួល​ពី​មេដឹក​នាំ​នៃ​កម្ពុជា​ទាំង​៤​ភាគី​ដើម្បី​ប្រកាស​ជា​ឧឡារិក នូវ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ ហើយ​ទទួល​ស្គាល់​ការ​បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បាញ់​គ្នា​នៅ​ក្នុង ប្រទេស​កម្ពុជា​ទាំង​មូល និង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​យោធា «អាវុធ…»​ពី​បណ្តា​ប្រទេស​ដទៃ​ដល់​កង​ទ័ព​កម្ពុជា​ទាំង៤។ ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ជ្រើស​ដោយ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា(SNC)​ក្រោម​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា​ព្រះ បាទ​សម្តេច​ព្រះ នរោត្តម សីហនុ​ជា​ទី​ស្នាក់​ការ​ផ្លូវ​ការ​អចិន្រៃ្តយ៍ និង​លេខា​ធិការដ្ឋាន​របស់​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​(SNC)។
នៅថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​អង្គ​បាន​យាង​ចាក​ចេញ​ពី​ប្រធាន​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ និង​ចលនា​តស៊ូ​ជាតិ​កម្ពុជា​(CNR)​ដើម្បី​ដាក់​ព្រះ​កាយ​ព្រះ​អង្គ​នៅ​ពី​លើ ភាគី និង​ទស្សនៈ​នយោបាយ​កម្ពុជា​នានា។ ព្រះ​អង្គ​ត្រូវ​បាន​សមាជិក​ទាំង​១១​រូប​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ កម្ពុជា​(CNC)ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ជា​ប្រធាន «អព្យាក្រឹត»​នៃ​ក្រុម​ប្រឹក្សា​នេះ។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ដ​លេខា «លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា» ជាមួយ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា​១១​រូប​ទៀត​ជាមួយ​តំណាង​រដ្ឋាភិបាល​១៨​ប្រទេស និង​ជាមួយ​លោក​អគ្គលេខាធិ​ការ​នៃ​អង្គការ​សហ​ប្រជាជាតិ។

ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ នៅអង្គការសហប្រជាជាតិនាពេលកន្លងមក
នៅថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ នរោត្តម សីហនុ យាង​និវត្តន៍​មក​កាន់​រាជធានី​ភ្នំពេញ​វិញ ប្រកប​ដោយ​ជោគ​ជ័យ​និង​សុវត្ថិភាព។ ក្រោយ​ពី​មាតុភូមិ​និវត្តន៍​របស់​ព្រះ​អង្គ​រដ្ឋាភិបាល​នៃ​រដ្ឋ​កម្ពុជា​ដែល មាន​ឯក​ឧត្តម ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី និង​ឯកឧត្តម ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ដែល​មាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ​ជា​ប្រធាន គណបក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា​ដែល​មាន​សម្តេច​បវរ សេដ្ឋា សឺន សាន ជា​ប្រធាន និង​ភាគី​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​មាន​លោក​ខៀវ សំផន​ជា​ប្រធាន បាន​ប្រកាស​ជា​បន្ត​បន្ទាប់​ជា​ផ្លូវ​ការ និង​ជា​លាយ​លក្ខណ៍​អក្សរ​ថា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​នៅ​តែ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ពេញ​លក្ខណៈ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ទាំង​មូល។ ម្យ៉ាង​ទៀត ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ផ្លូវ​ការ​នៅ​តែ​រក្សា​ទុក​តួនា​ទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​រហូត​ដល់​មាន ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​១៩៩៣។
នៅថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ១៩៩៣ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​ទ្បាយ​ព្រះ​ហស្ដ​លេខា​លើ​ព្រះ​រាជក្រម​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ ការ​នូវ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា ដែល​សភា​ធម្មនុញ្ញ​កម្ពុជា​បាន​អនុម័ត។
នៅ​ថ្ងៃ​ទី​ ២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ មហា​មិទិ្ទញ​មហា​ជន​មួយ ក៏​ត្រូវ​បាន​រៀបចំ​ទ្បើង​ដោយ​មាន​មហាជន​យ៉ាង​ច្រើន​កុះករ​ចូល​រួម ដើម្បី​សម្ដែង​មនោ​សញ្ចេតនា​អបអរ​សាទរ​គាំទ្រ សា្វគមន៍​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​ថ្មី និង​ព្រះ​អង្គជា “ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា”។
ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​រាជ​កិច្ច​ដ៏​ឧត្ដម​ជា​ទី​បំផុត ក្នុង​ការ​បង្រួប​បង្រួម ផ្សះ​ផ្សា​ជាតិ តាំង​ពី​ដើម​រហូត​មក។ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ចេញ​ជា​រូប​រាង​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សហ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៩៣ ហើយ​ជា​ពិសេស ព្រះ​អង្គបាន​បំពេញ​ព្រះរាជ​កិច្ច​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជន​កម្ពុជា និង គណបក្ស​ហ៊្វុន​ស៊ិន​ប៊ិច​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​អំពី​គោល​ការណ៍​ប្រតិបត្តិ​ការ​ដែល​បាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្រោម​ព្រះ​រាជា ធិបតី​ភាព​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នៅ​មហា​ប្រាសាទ ខេមរិន្ទ ព្រះ​បរម​រាជ​វាំង​នា​ថ្ងៃទី​១២-១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨។

សម្តេច ហ៊ុន សែន ជួបជាមួយ ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្ដម សីហនុ នាពេលកន្លងមក
ប្រជារាស្ត្រ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​សូម​ថ្វាយ​អំណរ​គុណ​ដ៏​ជ្រាល ជ្រៅ​បំផុត​ចំពោះ​ព្រះ​រាជ​កិច្ច ព្រះ​រាជ​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តុម​របស់​អង្គ​សម្តេច​ឪ​នៃ​យើង។
ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ជា​ទី​សក្ការ​ជា​ព្រះ​មហាវីរ​ក្សត្រ​មួយ​ព្រះ​អង្គ​ដែល​តែង​តែ​ប្រកាន់ ខ្ជាប់​នូវ​ព្រះ​រាជ​កិច្ច​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌​ដ៏​ឧត្តុង្គ​ឧត្តម ចំពោះ​ប្រជានុរាស្ត្រ​ជា​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ តាំង​ពី​ដើម​រៀង​រហូត​ដល់​បច្ទុប្បន្ន ព្រះ​អង្គ​តែង​តែ​បំពេញ​ព្រះ​រាជ​សកម្មភាព​សង្គម​កិច្ច​ដូច​ជា​កសាង​ព្រះ វិហារ កុដិ សាលា​បុណ្យ សាលា​រៀន មន្ទីរ​ពេទ្យ ផ្ទះ​សម្បែង ផ្លូវ​ថ្នល់ ទំនប់ ប្រឡាយ អណ្តូង​ទឹក ស្រះ​ទឹក​សម្រាប់​ប្រគេន​ព្រះ​សង្ឃ និង​ជូន​ប្រជា​នុរាស្ត្រ។ ព្រះ​អង្គ​បាន​ប្រោស​ព្រះរាជ​ទាន និង​បន្ត​នូវ​ព្រះ​រាជ​សកម្មភាព​ទាំង​នេះ (រៀងរាល់​សប្តាហ៍) ដោយ​ព្រះ​ប្រទាន​នូវ​អំណោយ​ដល់​ប្រជានុរាស្ត្រ​ទីទ័ល​ក្រ និង​ជីវភាព​ខ្វះ​ខាត​ខ្លាំង។
ព្រះរាជសកម្មភាព​ដ៏​ថ្លៃថ្លា​ខាង​លើ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សច្ចធម៌​នៃ​ទសពិធ​រាជ​ធម៌​របស់​ព្រះ​ករុណា​ជា អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទី​សក្ការ​ដែល​ព្រះ​អង្គ​បាន និង​កំពុង​ប្រោស​ប្រទាន​ព្រះ​រាជ​ទ្រព្យ​ដល់​ប្រជារាស្ត្រ​ដោយ​មិន​ប្រកាន់ ជាតិ​កំណើត ជំនឿ​សាសនា ពណ៌​សម្បុរ ឡើយ។ ដោយ​សារ​សច្ចភាព​នេះ​ហើយ​ទើប​ប្រជារាស្ត្រ​កម្ពុជា​ទូ​ទាំង​ប្រទេស​បាន​គាំទ្រ ដោយ​ឥត​សំចៃ​ថ្វាយ​ព្រះអង្គ​ចំពោះ​ការ​យាង​គ្រង​រាជ្យ​សម្បត្តិ​សាជា​ថ្មី នៅ​ឆ្នាំ​១៩៩៣ ហើយ​ដែល​ការ​វិល​មក​គ្រង​រាជ្យ​ជាថ្មី​ដូច​ព្រះ​អង្គ​បែប​នេះ គឺ​ពុំ​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​នា​ពេល​កន្លង​មក​នេះ។

១១ឆ្នាំ ក្រោយ​ការ​ឡើង​គ្រង​រាជ្យ​លើក​ទី២ សម្ដេច​ព្រះ​នរោត្តម​សីហនុ ក៏​បាន​ប្រកាស​ដាក់​រាជ្យ​នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០០៤ ហើយ​ចាប់​ពី​ពេល​នោះ​មក​ព្រះ​អង្គ​បាន​ចំណាយ​ពេល​ភាគ​ច្រើន​គង់​នៅ​ទី​ក្រុង ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ព្យាបាល​ព្រះ​រាជ​សុខភាព​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ព្រះ​អង្គ បាត់​ព្រះភក្ត្រ ឃ្លាត​ព្រះ​កាយ​ពី​កូន​ចៅ ចៅទួត​របស់​ព្រះ​អង្គ។ ក៏​ប៉ុន្ដែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ​ទាំង​អស់ គ្រប់​គណបក្ស និង​និន្នាការ​នយោបាយ​តែង​តែ​ចាត់​ទុក​ព្រះ​អង្គ នៅ​តែ​ជា​និមិត្តរូប​នៃ​ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ​ខ្មែរ​ជាប់​ជានិច្ច។
ជាអកុសល ព្រះ​អង្គ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែ​ភទ្របទ​ឆ្នាំ​រោង ចត្វាស័ក វេលាម៉ោង​១​និង​២០​នាទី​យប់ (ម៉ោង​នៅ​កម្ពុជា) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្ម​៩០​ព្រះ​វស្សា៕



ដកស្រង់ដោយ៖ លោក ប៊ុត ហេង      ផ្សាយបន្តដោយ មី ឡងឌី