(Wikipedia, 2017) ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញឬសេវាកម្មនៅក្នុងសង្គមឬទីតាំងភូមិសាស្ត្រជាក់លាក់ណាមួយ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរដើម្បីកត់សម្គាល់ទៅលើចំណុចអាទិភាពណាខ្លះដែលសង្គមនៅអាចសម្រេចបានក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពនិងទទួលបានភាពជោគជ័យ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថាអ្វីដែលគេត្រូវផលិត ផលិតដោយរបៀបណា និងផលិតទៅឲ្យអ្នកណា។ យ៉ាងណាមិញប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវបានគេបែងចែកជា៤បែប៖
#ទី១ សេដ្ឋកិច្ចបែបប្រពៃណី
វាគឺជាសេដ្ឋកិច្ចដើមដែលប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួននឹងកំណត់ពីទំនិញឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតនិងចែកចាយហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់លុយកាក់។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើនគឺស្ថិតនៅតំបន់ដាច់ស្រយាលនិងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង។ គេអាចហៅម្យ៉ាងទៀតថា “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត”។ សេដ្ឋកិច្ចរបៀបនេះគឺមិនសូវមានឬគ្មានការអភិវឌ្ឍន៍ ទទួលយកបច្ចេកវិទ្យា និងផ្នែកសុខាភិបាលពីបរទេសតិចតួចឬគ្មានសោះដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់ ក៏ដូចជាការតាំងទីលំនៅរបស់ពួកគេដែលប្រព្រឹត្តទៅតាមមនុស្សជំនាន់មុន។ ប៉ុន្តែវាមានលក្ខណៈប្រសើរត្រង់ថាសេដ្ឋកិច្ចបែបនេះនឹងជួយឲ្យប្រជាជននៅតែរក្សាប្រពៃណី ទំនៀមទម្លាប់ និងការបំពេញចិត្តមនុស្សជុំវិញបានស្របពេលដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងធ្វើបាន។
#ទី២ សេដ្ឋកិច្ចបញ្ជាឬសេដ្ឋកិច្ចផែនការ
សេដ្ឋកិច្ចរបៀបនេះគឺរដ្ឋមានសិទ្ធិកាន់កាប់ទៅលើសកម្មភាពទាំងស្រុងនៃសេដ្ឋកិច្ចដោយការសម្រេចចិត្តចែកចាយនិងផលិតគឺធ្វើទៅតាមផែនការរបស់រដ្ឋាភិបាល។ វាមិនសូវមានភាពបត់បែនដូចសេដ្ឋកិច្ចទីផ្សារទេហើយប្រតិកម្មផ្លាស់ប្តូរការទិញទំនិញរបស់អ្នកប្រើប្រាស់និងភាពឡើងចុះនៃការផ្គត់ផ្គង់និងតម្រូវការក៏មានភាពយឺតយ៉ាវផងដែរ។ ឧទាហរណ៍ដូចជាប្រទេសដែលកាន់របបកុម្មុយនីស។ ហេតុផលចម្បងដែលរដ្ឋាភិបាលជ្រើសរើសសេដ្ឋកិច្ចប្រភេទនេះគឺដើម្បីអាចកាន់កាប់ធនធានដែលមានតម្លៃរបស់ខ្លួន(ឧ. ប្រេង រ៉ែ មាស)។ រីឯផ្នែកផ្សេងទៀតដូចជាកសិកម្មគឺប្រជាជនជាអ្នកដឹកនាំនិងចាត់ចែង។
#ទី៣ សេដ្ឋកិច្ចទីផ្សារសេរី
រាល់សកម្មភាពនៃការដោះដូរទំនិញដោយសេរីនិងអាស្រ័យទៅលើការត្រូវរ៉ូវគ្នារវាងអ្នកប្រើប្រាស់និងអ្នកផ្គត់ផ្គង់។ ក្រុមហ៊ុនក៏ដូចជាស្ថាប័នឯកជនមានសិទ្ធិកាន់កាប់ក្រុមហ៊ុន ដាក់តម្លៃទំនិញ គ្រប់គ្រងសង្វាក់ផលិតកម្ម ក៏ដូចជាបុគ្គលិកដោយខ្លួនឯង។ ចំណែករដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងធនធានចាំបាច់ ទំនិញដែលមានតម្លៃ ឬវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនោះទេ។ ប្រជាជនជាអ្នកកំណត់ថាសេដ្ឋកិច្ចត្រូវប្រព្រឹត្តទៅដោយរបៀបណា ការផ្គត់ផ្គង់ត្រូវធ្វើដូចម្តេច និងតម្រូវការអ្វីខ្លះដែលចាំបាច់។ ជាក់ស្តែងមិនមានសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធនៅក្នុងពិភពលោកឡើយ។ រដ្ឋាភិបាលនៅតែមានចំណែកចំពោះសេដ្ឋកិច្ចខ្លះៗដដែល។
#ទី៤ សេដ្ឋកិច្ចចម្រុះ
ជាសេដ្ឋកិច្ចមួយដែលរួមបញ្ចូលកិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទីផ្សារនិងសេដ្ឋកិច្ចផែនការជាមួយគ្នា។ ធនធានត្រូវបានគេបែងចែកទៅឲ្យទាំងឯកជននិងរដ្ឋជាអ្នកត្រួតត្រាតាមវិស័យនីមួយៗដែលប្រើប្រាស់គោលការណ៍ល្អបំផុតចំពោះប្រព័ន្ធទាំងពីរ។ ទីផ្សារសេរីគឺមានតិចឬច្រើនជាងរដ្ឋាភិបាលលើកលែងតែវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យអប់រំ ថាមពល(ឧ. អគ្គិសនីកម្ពុជា) ទូរគមនាគម៍ជាដើម។ វិស័យទាំងនោះមិនអាចឲ្យឯកជនកាន់កាប់ទាំងស្រុងបានទេព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ជាក់ស្តែងយើងឃើញថាវិស័យផ្សេងៗគឺមានទាំងរដ្ឋនិងឯកជន(ឧ. វិស័យអប់រំ)។ ទោះបីជាតាមទ្រឹស្តីគឺគេចង់ធ្វើយ៉ាងណាឲ្យវិស័យទាំងពីរអាចទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមកឲ្យបានល្អយ៉ាងណាក៏ដោយប៉ុន្តែចំពោះការអនុវត្តជាក់ស្តែងគឺមិនងាយនោះឡើយ។ យើងឃើញថាទំហំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលគឺធំដែលជួនកាលអាចមានឥទ្ធិពលលើសពីភាពចាំបាច់ទៅទៀត។
ឯកសារយោង៖Wikipedia. By Langdy tech
No comments:
Post a Comment