ជំហានដំបូងក្នុងការចាប់ផ្ដើមរៀនសរសេរកូដ
បន្តផ្សាយ មី ឡងឌី
អត្ថបទនេះមានជាភាសា៖ English
តើអ្នកធ្លាប់ស្រមៃចង់បង្កើតកម្មវិធីទូរស័ព្ទដោយខ្លួនឯងដែរឬទេ? តើអ្នកធ្លាប់ស្វែងរកវិធីសាស្រ្តក្នុងការសរសេរកូដនៅលើអ៊ីនធឺណិតដែរឬទេ? តើអ្នកពិបាកក្នុងការចាប់ផ្ដើមមែនទេ? ប្រសិនជាដូច្នេះ អត្ថបទនេះនឹងអាចជួយអ្នកចាប់ផ្ដើម។ ជារឿយៗ ដៃគូរបស់យើងមួយចំនួនបានសួរយើងពីប្រភពដែលពួកគេអាចស្វែងរកចំណេះដឹងផ្នែកនេះ។ ដូចនេះ ខ្ញុំចង់ចែករំលែកពីមធ្យោបាយខ្លះដែលអ្នកអាចចាប់ផ្ដើមរៀនសរសេរកូដ។
គេប្រើប្រាស់ការសរសេរកម្មវិធី (បង្កើតកម្មវិធី) ក្នុងគោលបំណងផ្សេងៗគ្នា ដូចជាការបង្កើតកម្មវិធីទូរស័ព្ទ ការផលិតភាពយន្ត ឬក៏បង្កើតមនុស្សយន្ត។ ចំពោះខ្ញុំ បន្ទាប់ពីបញ្ចប់ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំបានប្រើជំនាញនេះក្នុងការបង្កើតគេហទំព័រ។ ចំណែកអ្នក អ្នកអាចប្រើប្រាស់ជំនាញសរសេរកម្មវិធីនេះទៅបង្កើតអ្វីៗបានជាច្រើនទៀត។ ឡូយអត់?
ប៉ុន្តែតើអ្នកអាចចាប់ផ្ដើមរៀនសរសេរកូដនេះដោយរបៀបណា? តើអ្នកគួរជ្រើសយកភាសាមួយណាក្នុងការសរសេរកូដ? តើគេហទំព័រណាដែលសមរម្យសម្រាប់សិក្សា? តើគេហទំព័របែបណាដែលសមស្របនឹងអ្នក? តើអ្នកអាចសិក្សាជំនាញនេះនៅសាលាណាខ្លះនៅប្រទេសកម្ពុជា?
ដើម្បីជួយអ្នកក្នុងការចាប់ផ្ដើម ខ្ញុំនឹងចែករំលែកពីគេហទំព័រខ្លះដែលអ្នកអាចរៀនសរសេរកូដបាននៅលើអ៊ីនធឺណិត ចាប់តាំងពីកម្រិតដំបូងដល់កម្រិតខ្ពស់។ គេហទំព័រទាំងបួនខាងក្រោមនេះនឹងជួយអ្នកដែលចាប់ផ្ដើមសិក្សាកូដដំបូងស្វែងយល់ពីភាសាកូដដែលពួកគេចូលចិត្ត ដោយស្របតាមកម្មវិធីសិក្សាយ៉ាងច្បាស់លាស់។ តោះ! ចាប់ផ្ដើមទាំងអស់គ្នា។
- Khmer AcademyKhmer Academy គឺជាគេហទំព័ររៀនតាមអ៊ីនធឺណិតដំបូងគេនៅកម្ពុជាដែលមានកម្មវិធីសិក្សាសមស្របសម្រាប់ប្រជាជនកម្ពុជា។ នៅលើទំព័រនេះ អ្នកអាចរៀនបានតាមរយៈវីដេអូឬឯកសារដែលបែងចែកតាមប្រភេទមុខជំនាញផ្សេងៗ ដូចជាមូលដ្ឋានគ្រឹះកុំព្យូទ័រ វិទ្យាសាស្ត្រកុំព្យូទ័រ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងៗទៀតដែលមាននៅក្នុងកម្មវិធីសិក្សាបឋមភូមិនិងទុតិយភូមិនៅកម្ពុជា។ កាន់តែពិសេសទៀតនោះ វីដេអូនិងឯកសារសម្រាប់បង្រៀនសុទ្ធតែជាភាសាខ្មែរ។ស្វែងយល់បន្ថែម៖ http://www.khmeracademy.org
- Freecodecampគេហទំព័រនេះតម្រូវឲ្យអ្នករៀនសរសេរកូដឆ្លងកាត់ការសរសេរកូដជាក់ស្ដែងនិងបង្កើតគម្រោងដោយខ្លួនឯង។ បទពិសោធន៍ដំបូងរបស់ខ្ញុំក្នុងការសរសេរកូដគឺខ្ញុំបានរៀនបង្កើតគេហទំព័រ ហើយខ្ញុំគិតថាវាជាចំណុចចាប់ផ្ដើមមួយដ៏ល្អព្រោះអ្នករៀនអាចឃើញលទ្ធផលដែលគេបង្កើតបានភ្លាមៗទោះបីជាទើបតែសរសេរកូដបានប៉ុន្មានជួរក៏ដោយ។ Freecodecamp នឹងផ្ដល់ជូនអ្នកនូវបទពិសោធន៍ជាក់ស្ដែងក្នុងការបង្កើតគេហទំព័រ។ស្វែងយល់បន្ថែម៖ freecodecamp.org
- Madewithcode.comតើអ្នកដែលគិតថាការសរសេរកូដអាចជួយដល់អ្វីៗគ្រប់យ៉ាង ចាប់ពីការសម្រេចចិត្តស្លៀកសំលៀកបំពាក់រហូតដល់ការជួយជីវិត? Madewithcode អាចជួយឲ្យអ្នកស្វែងយល់អំពីគោលគំនិតនៃការសរសេរកូដដោយអនុញ្ញាតឲ្យអ្នកស្វែងយល់ពីគម្រោងការងារផ្សេងៗដូចជារូបភាពជីវចល និងការកែភ្លេងជាដើម។
ស្វែងយល់បន្ថែម៖ madewithcode.com - Code.orgCode.org គឺជាគេហទំព័រមួយដែលល្អសម្រាប់អ្នកដែលទើបនឹងរៀនសរសេរកូដក្នុងការយល់ដឹងពីមូលដ្ឋានគ្រឹះនៃជំនាញនេះ។ ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់រៀនរយៈពេលវែង អ្នកក៏អាចជ្រើសយកវគ្គខ្លីរយៈពេលមួយម៉ោងដែលមានសម្រាប់អ្នកសិក្សាគ្រប់វ័យ។ វគ្គ Angry Bird គឺជាវគ្គខ្លីមួយដែលខ្ញុំផ្ទាល់ចូលចិត្ត។ នៅពេលដែលអ្នកត្រៀមខ្លួនរួចរាល់សម្រាប់វគ្គសិក្សារយៈពេលវែង អ្នកអាចជ្រើសយកកម្រិតភាពលំបាកទៅតាមអាយុឬសមត្ថភាពរបស់អ្នក (ជ្រើសយកវគ្គសិស្សកម្រិតមត្តេយ្យក៏បានដែរ!)។ វាពិតជាអស្ចារ្យ។ស្វែងយល់បន្ថែម៖ code.org
នៅប្រទេសកម្ពុជាក៏មានសាលាមួយចំនួនដែលបង្រៀនជំនាញសរសេរកូដនេះជាលក្ខណៈវគ្គខ្លីនិងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ ពេលនេះ ខ្ញុំនឹងបង្ហាញពីសាលាចំនួនបីដែលមានគ្រូបង្រៀននៅចាំបង្ហាត់អ្នករៀនសរសេរកូដ។
- IT Step AcademyIT Step Academy មានបើកបង្រៀនវគ្គបណ្ដុះបណ្ដាលកុំព្យូទ័រជាច្រើន។ នៅក្នុងនោះ សាលានេះក៏មានជាវគ្គសិក្សាសម្រាប់កុមារអាយុពី៦ដល់១៦ឆ្នាំដែលមានឈ្មោះថា “Junior Computer Academy” ដើម្បីផ្ដល់ជាមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាដល់ពួកគេ។ ក្រៅពីនេះ ពួកគេក៏មានជាវគ្គសិក្សាផ្សេងៗរយៈពេល២ទៅ៣ខែដែលផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យាអ៊ីនធឺណិត ការបង្កើតកម្មវិធីកុំព្យូទ័រ ការបង្កើតកម្មវិធីទូរស័ព្ទ និងមុខជំនាញជាច្រើនទៀត។ស្វែងយល់បន្ថែម៖ https://cambodia.itstep.org
- Cambodia-Korea Cooperation Center (CKCC)មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េក៏មានផ្ដល់ជូនវគ្គបណ្ដុះបណ្ដាលបង្កើតកម្មវិធី ដែលនៅក្នុងនោះមានដូចជាកម្មវិធីទូរស័ព្ទ គេហទំព័រ ការសរសេរកូដដោយប្រើJava និងកម្មវិធីកុំព្យូទ័រ។ រយៈពេលសិក្សានៃវគ្គនិមួយៗមានចំនួន៤៥ម៉ោងដែលសមល្មមសម្រាប់អ្នកក្នុងការយល់ដឹងអំពីមូលដ្ឋានគ្រឹះនិងជំនាញទាក់ទងនឹងការបង្កើតកម្មវិធី។ស្វែងយល់បន្ថែម៖ http://www.rupp.edu.kh/ckcc/index.php?loadpage=program
- Korea Software HRD Centerនេះជាកន្លែងដែលអ្នកអាចរៀនសរសេរកូដចាប់ផ្ដើមពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់។ កម្មវិធីសិក្សានៅកន្លែងនេះមានភាពស្រដៀងនឹង CKCC ដែរ។ សាលានេះក៏មានបង្រៀនវគ្គសិក្សាអំពីការគ្រប់គ្រងទិន្នន័យនិងSpring Framework ដែលតម្រូវឲ្យអ្នកមានចំណេះដឹងពីមូលដ្ឋានរបស់ការសរសេរកូដមុននឹងចាប់ផ្ដើមសិក្សា។ ដូចនេះប្រសិនបើនេះជាលើកដំបូងដែលអ្នករៀនសរសេរកូដ អ្នកអាចចាប់ផ្ដើមពីវគ្គបង្កើតនិងរចនាគេហទំព័រ។ស្វែងយល់បន្ថែម៖ http://www.kshrd.com.kh
ខ្ញុំជឿជាក់ថាតាមរយៈគេហទំព័រនិងមជ្ឈមណ្ឌលសិក្សាទាំងនេះ អ្នកនឹងអាចរៀនបានខ្លះពីបរិបទនិងជំនាញសរសេរកូដ។ បន្ទាប់មក ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតសំខាន់ទៅលើជំនាញដែលអ្នកទាំងអស់គ្នាប្រាថ្នា។ តើអ្នកចង់ក្លាយជាអ្នកសរសេរកូដអ្វី? សរសេរកូដបង្កើតគេហទំព័រ បង្កើតកម្មវិធី ឬក៏អ្នកចង់បង្កើត Artificial Intelligence? កុំភ្លេចប្រាប់ខ្ញុំពីអ្វីដែលអ្នកចាប់អារម្មណ៍ ហើយខ្ញុំនឹងចែករំលែកពីអ្វីដែលល្អសម្រាប់អ្នកនៅអត្ថបទក្រោយ។
No comments:
Post a Comment