Sunday, November 4, 2018

ប្រភេទអក្សរសិល្ប៍បុរាណ ទំនើប និងប្រជាប្រិយ

ប្រភេទ​អក្សរសិល្ប៍ បុរាណ ទំនើប និង​ប្រជាប្រិយ​

អក្សរសិល្ប៍ចែកជា ៣ ប្រភេទ គឺ
  • អក្សរសិល្ប៍បុរាណ
  • អក្សរសិល្ប៍ទំនើប
  • អក្សរសិល្ប៍ប្រជាប្រិយ

១. អក្សរសិល្ប៍បុរាណ ៖

អក្សរសិល្ប៍បុរាណ គឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណា​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​សាសនា​  ( ព្រាហ្មណ៍និយម​ និង​ពុទ្ធនិយម​ ) ហើយ​ដំណើររឿង​មិន​ឆ្លុះ​បញ្ចាំង​ពីជីវភាព​រស់​នៅ​របស់​​មនុស្ស​ពិតៗ​ក្នុង​សង្គម​ទេ​ ។
អក្សរសិល្ប៍បុរាណមាន ៖
  • សិលាចារឹក
  • ស្លឹករឹត – ក្រាំង
  • សាស្ត្រា ( សាស្ត្រាទេសន៍ សាស្ត្រាល្បែង សាស្ត្រាក្បួន សាស្ត្រា​ច្បាប់​ )

១.១. សិលាចារឹក

អ្វីជាសិលាចារឹក ?
សិលាចារឹក (​Inscription ) ជាពាក្យបច្ចេកទេសសម្គាល់ “ អក្សរ ឬ អត្ថបទ​ដែល​បុព្វការីជន​បាន​ចារឹក​ទុក​នៅ​លើ​ថ្ម​” លើស​ពី​នេះ​ទៀត​ក៏​មាន​អក្សរ​ ឬ​អត្ថបទ​ខ្លះ​ត្រូវ​បាន​គេ​ចារឹក​លើ​បន្ទះ​ឬ​សន្លឹក​លោហធាតុ​ ឬ ឥដ្ឋ​ផង​ដែរ​ ។
រូបភាព​នៃ​ថ្ម​ដែល​គេ​ប្រើ​សម្រាប់​ចារឹក​មាន​ច្រើន​ប្រភេទ​ដូច​ជា សិលាស្ដម្ភដែលគេសិត​រំលីង​ជា​បន្ទះ​បួន​ជ្រុង​ទ្រវែង​ជា​បែប​សសរ​ស្ដម្ភ​ ជា​បែប​ស្លឹក​សីមា​ ឬនៅលើ​ផ្ទាំង​ស៊ុម​ទ្វារ​ បង្អួច​ថ្ម​ ដែលគេ​រំ​លីង​រួច​ជា​ស្រេច​នៅ​លើ​សសរ​ស្ដម្ភ ឬ​ជញ្ជាំង​ប្រាសាទ​តែ​ម្ដង​ ។
ប្រសិន​បើ​ជា​អត្ថបទ​ដែល​គេ​ចារ​លើ​សន្លឹក​រឹត​ មានស្លឹក​ទ្រាំង​ ត្នោត​ និង​បន្ទះ​លោហធាតុ​ វិញ​គេ​ហៅ​ថា
សាត្រា​ ( សាស្ត្រា​ ) ។ នៅ​ពេល​ចុង​ក្រោយ​បំផុត​ គេ​ចារ​លើ​ក្រដាស​ផ្នត់​ដែល​ហៅ​ថា​ “ ​ក្រាំង” ។ ប៉ុន្តែ​ឯកសារ​ដូច​បាន​រៀប​រាប់​នេះ​រក្សា​ទុក​មិន​បាន​យូរ​ ។ វា​តែង​តម្រូវ​ឱ្យ​គេ​ចម្លង​សារ​ជា​ថ្មី​ក្នុង​រវាង​ពី ៥០​ ទៅ ៨០ ឆ្នាំម្ដង​ ។
នៅ​ពេល​គេ​ចម្លង​ឡើង​វិញ​នេះ​ហើយដែល​នាំ​ឱ្យ​មាន​កំហុស​ភ្លាំង​ភ្លាត់​ដោយ​ចេតនា​ ឬអចេតនា ព្រម​ទាំង​នាំ​ដល់​ការ​ប្រាស់​ចាក​ន័យ​ដើម​ ឬ ខុស​តួ​លេខ​គ្នា ។
អក្សរ​ដែល​គេ​យក​មក​ប្រើ​ប្រាស់​សម្រាប់​សរសេរ​អត្ថបទ​ដំបូង​ឡើយ​ចម្លង​តាម​តួ​អក្សរ​ព្រាហ្មី ដើម្បី​កត់​ត្រា​ភាសា​សំស្ក្រឹត​ ដែល​ជា​ភាសា​ពិសិដ្ឋ​សម្រាប់​ជំនឿ​ ការ​គោរព​បូជា​ចំពោះ​សាសនា​ និង​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​ជា​ភាសា​អ្នក​ស្រុក​ និង​ភាសា​បាលីដែល​គេ​និយម​ប្រើ​ប្រាស់​បន្តិច​បន្តួច​ណាស់​នៅ​​សម័យ​មុន​អង្គរ​ និង​ចុង​សម័យ​អង្គរ​សម្រាប់​ការ​គោរព​បូជា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា ហីនយាន​(​ ថេរវាទ )។ ជាងនេះ​ទៀត​មាន​សិលា​ចារឹក​ខ្លះ​សម័យ​អង្គរ​ត្រូវ​បាន​គេ​ចារ​តាម​អក្ខរវិធី​ ២ បែប​គឺ​ប្រើ អក្សរទេវនាគរី និង អក្សរកម្ពុជា ផង ។
គេ​កត់​សម្គាល់​ឃើញ​វត្តមាន​សិលាចារឹក​ដំបូង​គេ​ គឺជាភាសា​សំស្ក្រឹត​ ប្រហែល​ចារឹក​នៅ​ដើម​សតវត្ស​ទី ៣​នៃ​គ្រិស្តរាជ​ នៅ​ភូមិ​ វ៉ូកាញ់​ ខេត្ត​ញ៉ាត្រាង ( ញ៉ា​ចាង ) របស់​វៀតណាម​សព្វ​ថ្ងៃ​ ។

១.២. ស្លឹករឹត-ក្រាំង

  • ស្លឹករឹត ៖ ជាសន្លឹក​សាស្តា​ផលិត​ពី​ស្លឹក​ទ្រាំង​យក​មក​កែ​ច្នៃតាម​វិធី​ផ្សេងៗ​ ។ ស្លឹករឹត​ដែល​ចាររួច​ត្រូវ​បាន​យក​មក​ចង​ក្រង​ជា​សាស្ត្រា​ក្បួន​ខ្នាត​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​អត្ថបទ​ធម៌​អាថ៌​របស់​ព្រះ​ពុទ្ធ​សាសនា​ ច្បាប់​ទូន្មាន​ របាក្សត្រ​ ទាក់ទង​ទៅ​នឹង​ប្រវត្តិ​សាស្ត្រ​ ក្បួន​ទស្សន៍​ទាយ​ ក្បួន​ព្យាបាល​ជំងឺ និង​ក្បួន​វេទមន្ត​ផ្សេងៗ​… ។ សាស្ត្រា​ស្លឹករឹត​កើត​ឡើង​ក្រោយ​សម័យ​អង្គរ​រហូត​ដល់​សម័យ​ជឿនលឿន​មាន​រោងពុម្ភ​សម្រាប់​បោះ​ពុម្ភ​សៀវភៅ​ជំនួស​វិញ​ ។
  • ក្រាំង ៖ សៀវភៅ​ធ្វើ​ដោយ​ក្រដាស​ស្នាយ​ ឬ ក្រដាស​មន​ជា​ដើម​ បត់​ជាជាន់ៗ​ ជា​របៀប​ត្រឹម​ស្មើ​ បើក​បាន​សម្រាប់​សរសេរ​កត់​ត្រា​អ្វី​ទាំង​ពួង​ ។

១.៣. សាស្ត្រា ឬ សាត្រា

សាស្ត្រា ឬ សាត្រា គឺជា គម្ពីរ ឬ ក្បួន​ច្បាប់​ដែល​គេ​ចារ​លើ​ស្លឹក​រឹត​ ។
សាស្ត្រា​មាន​​
  • សាស្ត្រា​ទេសន៍
  • សាស្ត្រាល្បែង
  • សាស្ត្រា​ក្បួន​
  • សាស្ត្រា​ច្បាប់​

ក. សាស្ត្រាទេសន៍ ៖

សាស្ត្រាទេសន៍​ ជា​សាស្ត្រា​ដែល​មាន​ចែង​អំពី​ការ​អប់រំ​ប្រដៅ​ទាក់ទង​ទៅ​នឹង​សាសនា​ ហើយ​គេ​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​សម្ដែង​ធម៌​ទេសនា​ ។
​          សាស្ត្រាទេសន៍ ជាសេចក្ដីមួយបែបនៅក្នុងពាក្យរាយដែរ ប៉ុន្តែមិនមែនជាពាក្យរាយធម្មតាទេ  ជាពាក្យរាយដែលលាយឡំ ជួនរណ្តំគ្នា រដឹកគ្នា ។ សាស្ត្រាទេសន៍មានច្រើនច្បាប់៖ សាស្ត្រាអានិសង្ស អានិសង្សចម្លងបុណ្យ    អានិសង្សខ្មោច -ល- រហូតដល់សាស្រ្តាទេសន៍ធំៗដូចជា ទសជាតក៍ជាដើម។ អ្នកនិពន្ធសាស្ត្រាទេសន៍ សុទ្ធតែជាអ្នកមានស្នាដៃប្រសើរ ពាក្យពេចន៍ខ្ពស់ ពាក្យរាយជួនរណ្តំគ្នា មើលទៅមិនអាក់ ពីរោះស្ដាប់គួរឲ្យចង់មើល៖​
ឧទាហរណ៍ ៖
ព្រហ្មេ​ ម្នាល​ព្រាហ្មណ៍​អើយ​ ! ឬ​ព្រៃ​ខេត្ត​ខេម​ហេម​ពាន្ត​ សឹង​ដ៏​ជា​សំណាក់​នៃ​បក្សី​បក្សា​តែង​អាស្រ័យ​នៅ​សព្វ​វេលា​ ហើរ​នា​វេហាស៍​យាសយំ​ ចុះ​មក​ទុំ​ដោយ​លង្វែក​ មែក​សាខា​ខ្ញៀវ​ខ្ញារ​ដោយ​ភាសា​ឮ​សូរ​ល្វេង​ល្វើយ​ ឯ​​បក្សី​​ទាំង​ឡាយ​នោះ​គឺ​ក្រួច ក្រៀល​ ចង្កៀល​ខ្យង​ ត្រយង​យំថ្ងូរ​ តុក​ទ្រូ​ហ៊ូ ហ៊ូ… ។

ខ. សាស្ត្រាល្បែង ៖

សាស្ត្រា​ល្បែង ជាសាស្ត្រា​ដែល​ជា​អត្ថបទ​រឿង​រ៉ាវ​ទាំងឡាយ​ណា​សម្រាប់​អាន​កម្សាន្ត​ បំពេអារម្មណ៍​ឱ្យ​រីក​រាយ ។
ឧទាហរណ៍ ៖ សាស្រ្តារឿង​ក្រុង​សុភមិត្រ​ , សាស្ត្រារឿង​ហង្សយន្ត​ , សាស្ត្រាសុបិន ,  វិមានច័ន្ទ ,       សង្ខ័សិល្ប៍ជ័យ ,  សព្វសិទ្ធិ -ល-។​​ ​
​          សាស្ត្រាល្បែង​ទាំងនេះ​តែង​ជា​បទ​កំណាព្យដូច​ជាបទកាកគតិ ព្រហ្មគីតិ ភុជង្គលីលា ពំនោល …។​

គ. សាស្ត្រាក្បួន ៖

សាស្ត្រាក្បួន​ ជា​សាស្ត្រា​ដែល​ជា​កម្រង​ក្បួន​ខ្នាត​មាន​ ក្បួនទាយ​ មន្តអាគម​ ក្បួន​ឱសថ​ និង ចំណេះវិជ្ជា​ផ្សេងៗ​ទៀត​ ។

ឃ. សាស្ត្រា​ច្បាប់​ ៖

សាស្ត្រា​​ច្បាប់​ ជា​សាត្រា​ដែល​ជា​កម្រង​សីលធម៌​នានា​សម្រាប់​ប្រៀន​ប្រដៅ​មនុស្ស​ឱ្យ​សាង​អំពើ​ល្អ​ និង​យល់​ត្រូវ​ ។ ឧទាហរណ៍ ៖ សាស្ត្រា​ច្បាប់​កេរកាល​ , សាស្ត្រា​ច្បាប់​ប្រុស​ , ច្បាប់​ស្រី … ។

២. អក្សរសិល្ប៍ទំនើប ៖ ​

អក្សរសិល្ប៍ទំនើប គឺជាបញ្ញត្តិ​ដែល​ប្រទេស​​ជាច្រើន​លើ​សកល​លោកបាន​ប្រើ​ប្រាស់​ ។ បញ្ញត្តិ​នេះ​ជាប់​ទាក់​ទង​នឹង​សង្គម​ទំនើប ។ សង្គម​ទំនើប​ជា​សមិទ្ធផល​នៃ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​របស់​មនុស្សជាតិ​ ។ អក្សរសិល្ប៍​ខ្មែរ​ទំនើប​ជាអក្សរសិល្ប៍​ដែល​ឆ្លុះបញ្ចាំង​អំពី​សង្គម​មនុស្ស​ បញ្ហា​ជីវភាព​រស់នៅ​របស់​មនុស្ស​សុទ្ធ​សាធ ។
នៅ​ប្រទេស​កម្ពុជា​យើង​ ការសិក្សា​អំពី​អក្សរសិល្ប៍​ទំនើប ទើប​តែ​ចាប់​ផ្ដើម​តាម​លក្ខណៈ​ទំនើប​នៅ​ក្រោយ​ពេល​ដែល​បារាំង​ចូល​ស្រុក​ខ្មែរ​ ហើយ​ស្នាដៃ​អក្សរសិល្ប៍​ដែល​មាន​លក្ខណៈ​ទំនើប​ពេញ​លេញ​ បាន​ប្រសូត្រ​ចេញ​នូវ​ពាក់​កណ្ដាល​សតវត្ស​ទី ២០ តាមរយៈ​ស្នាដៃ​រឿង “ សូផាត​” ( គ.ស ១៩៣៨ ) របស់​លោក​ រឹម​ គីន និង​ស្នាដៃ​រឿង “ ទឹក​ទន្លេសាប​” ( គ.ស ១៩៤១ ) របស់​លោក គឹម ហាក់ ។
​                   អក្សរសិល្ប៍ទំនើប​ចែកជា ៥ ប្រភេទ គឺ
  • សន្ទស្សន៍អក្សរសិល្ប៍
  • ប្រលោកអក្សរសិល្ប៍​​
  • ទិដ្ឋិអក្សរសិល្ប៍
  • នាកដអក្សរសិល្ប៍
  • ឧបទេសអក្សរសិល្ប៍

ក. សន្ទស្សន៍អក្សរសិល្ប៍ ៖  ​

សន្ទស្សន៍អក្សរសិល្ប៍គឺស្នាដៃសរសេរសម្រាប់ប្រាប់ បង្ហាញរៀបរាប់ដូចជា៖ ​
  • ពណ៌នាកថា ៖ រៀបរាប់ពីមនុស្ស  សត្វ  វត្ថុ -ល-​ ។
  • វណ្ណនាកថា ៖ រៀបរាប់អំពីការធ្វើបុណ្យ ការធ្វើដំណើរអំពីខ្យល់ព្យុះ ភ្លើងឆេះផ្ទះ -ល-​ ។
  • និទានកថា ៖ រៀបរាប់អំពីអនុស្សាវរីយ៍   ​ការផ្សងព្រេង  ការប្រយុទ្ធ -ល-  ។​
  • ​សារកថា ៖ ជាអត្ថបទមានលក្ខណៈជាសំបុត្រឆ្លើយឆ្លងក្នុងគ្រួសារ  រវាងមិត្តភក្តិ  ក្នុងបំណង  លាតត្រដាងបញ្ហាអ្វីមួយ ។ ​

ខ.ប្រលោមអក្សរសិល្ប៍ ៖

ប្រលោមអក្សរសិល្ប៍  គឺជាស្នាដៃដែលតែងអំពីវិបត្តិ ទំនាស់  របស់មនុស្ស   ដោយប្រើវិធីប្រលោមធ្វើអោយអណ្តែតអណ្តូងភ័យស្លុត  ញាប់ញ័រ  រំភើបខុសពីធម្មតា ដូចជា ៖
  • ព្រេងកថា ៖ អ្នកនិពន្ធប្រឌិតចងក្រងដោយយករឿងរ៉ាវផ្សេងៗដូចជា រឿងឈ្លោះប្រកែកគ្នា រឿងប្រចណ្ឌណែន   -ល-​មកលើកជាសេចក្តីតំណាលទូន្មានប្រាប់អនុជន ។
  • ​វីរកថា ៖ ជារឿងមួយបែបដែលបង្ហាញតួឯកជាវីរជនដែលមានចិត្តតស៊ូអង់អាចក្លាហាន ។  ឧទាហរណ៍រឿង រាមកេរ្តិ៍…។
  • ​នវកថា ៖ គេច្រើនតែងរឿង ដែលមាននៅក្នុងព្រឹត្តិការណ៍ថ្មីៗ  ក្នុងជីវភាពសង្គមនាពេល   បច្ចុប្បន្ន ។  ឧទាហរណ៍ ៖   បញ្ហាកសាងជិវីត   សាមគ្គីភាព -ល-  ។

គ. នាដកអក្សរសិល្ប៍ ៖

​នាដកអក្សរសិល្ប៍គឺស្នាដៃដែលតែងសម្រាប់យកទៅលេងល្ខោនដូចជា៖
  • នាដ្យកថា ៖ ជាអត្ថបទល្ខោនដែលលើកយករឿងវិបត្តិទំនាស់របស់មនុស្សក្នុងសង្គមមនុស្ស  នាសម័យណាមួយ មកធ្វើជាប្រធានរឿង ។
  • ហាសកថា ៖ ជាអត្ថបទរឿងល្ខោនដែលមានសកម្មភាព និងដំណើររីករាយសប្បាយដោយ  កំប្លុកកំប្លែង ធ្វើអោយសើច ។
  • ទារុណកថា ៖ ជារឿងល្ខោន  ដែលមានសកម្មភាពដំណើររឿងវឹកវរ   កំសត់ធ្វើអោយអ្នកអាន     អ្នកទស្សនាញាប់ញ័ររន្ធត់ចិត្ត  អាណិតអាសូរតួអង្គខ្សោយ  ដែលត្រូវតួអង្គខ្លាំងធ្វើបាប ។

ឃ. ឧបទេស​អក្សរសិល្ប៍​

​         ឧបទេសអក្សរសិល្ប៍   ជាអត្ថបទបែបច្បាប់ទូន្មានសម្រាប់ អប់រំប្រដៅណែនាំដូចជា ៖
  • សុភាសិតកថា ៖ ជាកម្រងពាក្យពេចន៍   ចងក្រងឡើងសម្រាប់និយាយអប់រំ  ក្រើនរំលឹក  ចំពោះប្រជាជន    ដោយប្រើវិធីធ្វើអោយចេះពិចារណាត្រិះរិះគិត … ។
ឧ. “ ចេះពីរៀន  មានពីរក” … ។
“ លួចគេវាគ្រាន់  ម្ចាស់គេទាន់វាក្រែល”…។
  • ទូន្មានកថា ៖ ជាច្បាប់អប់រំ   ណែនាំប្រជាជនអោយដើរក្នុងផ្លូវល្អ  ផ្លូវត្រូវ  ។
ឧ. ច្បាប់ក្រម ។
  • ល្បើកកថា ៖ អ្នកនិពន្ធច្រើនយកតួអង្គសត្វ  រុក្ខជាតិមកដើរតួតំណាងមនុស្ស ។
ឧ. រៃ និងស្រមោច  , កូនចៀមនិងឆ្កែចចក…។
  • សុន្ទរកថា ៖ ជាអត្ថបទសម្រាប់ថ្លែងក្នុងពិធីអ្វីមួយដូចជា  ពិធីសម្ពោធ   ពិធីបញ្ចប់ការងារ   សន្និបាត -ល-  ។

ង. ទិដ្ឋិ​អក្សរសិល្ប៍​

​         ​ទិដ្ឋអក្សរសិល្ប៍  គឺជាស្នាដៃបែបអត្ថាធិប្បាយ ឬ ការបញ្ចេញមតិរបស់អ្នកនិពន្ធ  អ្នកសិក្សារិះគន់អក្សរសិល្ប៍ដូចជា ៖​
  • អត្ថាធិប្បាយកថា ៖ គឺអត្ថាធិប្បាយអំពីពាក្យសុភាសិតនានា  អំពីគំនិតផ្សេងៗរបស់អ្នកប្រាជ្ញ  អ្នកនិពន្ធ -ល-​ ។
  • សិក្សាកថា ៖   ជាអត្ថបទដែលយើងលើកយកជីវប្រវត្តិស្នាដៃនានា  និងគោលគំនិតរបស់  អ្នកនិពន្ធ   កវី   ទស្សនវិទូ      ក្នុងសម័យណាមួយមកសិក្សា ។
  • អក្សរសិល្ប៍កថា ៖ គឺជាអត្ថបទដកស្រង់ចេញអំពីរឿងដែលជាស្នាដៃរបស់អ្នកនិពន្ធនា  សម័យណាមួយ ។ ជួនកាលអក្សរសិល្ប៍កថាមានសភាពជាអត្ថបទតាក់តែងខ្លីល្មម  អំពីបញ្ហ  អ្វីមួយសម្រាប់ធ្វើជា   អត្ថបទអំណាន ឬ ធ្វើជាអត្ថបទសរសេរតាមអានជាដើម ។

No comments:

Post a Comment