មិនថាអ្នកធ្វើអ្វីនោះទេ បញ្ហានឹងលេចឡើងហើយពេលនោះមានជម្រើសពីរសម្រាប់អ្នកដោយទីមួយប្រឈមមុខដោះស្រាយបញ្ហា និងទីពីររត់ចោលឈប់ខ្វល់។ ជម្រើសទីពីរប្រហែលមិនមែនជាអ្វីដែលអ្នកគួរដើរឡើយ ហេតុនេះគួររកវិធីដោះស្រាយបញ្ហាជំនួសឱ្យការអ៊ូរទាំរត់ចោលជួរ។
សម្រាប់អ្នកចាប់យកមុខជំនាញឬរៀនខាងផ្នែកអាយធី ពួកគាត់ត្រូវដោះស្រាយបញ្ហាសាំញាំច្រើនឱ្យក្លាយទៅជាបញ្ហាសាមញ្ញឬតូចៗ តាមរយៈការបង្កើតជាកម្មវិធី ឬសរសេរកូដជាដើម។ ក្នុងនោះដែរពួកគាត់មានរបៀបគិត ដែលយើងគួររៀនសូត្រតាម និងអាចយកមកអនុវត្តបានក្នុងបញ្ហាប្រចាំថ្ងៃមិនថាក្នុងជីវិតឬក្នុងអាជីវកម្មបាន។
ខាងក្រោមនេះជាជំហានខ្លះៗរបស់ពួកគាត់ក្នុងការចាប់ផ្ដើម និងគិតពីរបៀបក្នុងការដោះស្រាយបញ្ហាអ្វីមួយ៖
១. ព្យាយាមយល់ពីបញ្ហា
បញ្ហាមើលទៅពិបាកដោះដោយសារតែយើងភាគច្រើនមិនសូវយល់ពីវា។ អ្នកជំនាញភាគច្រើនធ្វើការឱ្យយោបល់ឱ្យសរសេរវាចេញដាក់នៅលើក្រដាស ឬវាយជាអក្សរនៅក្នុងកុំព្យូទ័រ។ អ្នកសរសេរប្រូក្រាមភាគច្រើនគាត់ធ្វើការសរសេរពីអ្វីដែលចង់ដោះស្រាយដាក់នៅលើក្រដាស អាចជាចម្រៀកក្រដាសតូចៗបិទនៅលើតុការងារ។
២. ធ្វើគម្រោង
កុំទាន់អាលប្រញាប់ចេញធ្វើដោយពុំមានគ្រោងច្បាស់លាស់ ចាប់ផ្ដើមដំបូងគួរណាស់តែរៀបគម្រោងថាត្រូវដោះស្រាយបញ្ហាយ៉ាងណាសិន។ អ្នកអាយធីគេមិនចាប់ផ្ដើមឡើងហក់ទៅសរសេរកូដតែម្ដងទេ ដោយពួកគាត់ធ្វើការគូសវាស រៀបគម្រោងថាត្រូវដោះស្រាយពីណាទៅណាជាជំហានដំបូងសិនមុននឹងប្រើប្រាស់កម្លាំងបាយ ឬភាសាបច្ចេកទេសគេហៅថាគិត algorithm ។
៣. បំបែកបញ្ហាធំឱ្យទៅជាតូច
ការសរសេរកូដ គេសរសេរជាប្លុកកូដតូចៗ ដែលមួយដុំៗនោះដោះស្រាយបញ្ហាតូចមួយ រួចបានផ្គុំកូដដែលសរសេរហើយទាំងអស់នោះទៅចងជាកូដវែងដែលដោះស្រាយបញ្ហាធំតែម្ដង។ និយាយឱ្យសាមញ្ញទៅ បញ្ហាធំ បំបែកវាឱ្យទៅជាបញ្ហាតូចៗ បន្ទាប់មកដោះម្ដងមួយៗរួចភ្ជាប់ដំណោះស្រាយទាំងនោះក្នុងគោលបំណងស្រាយបញ្ហាធំវិញ។
៤. ពិនិត្យមើលឡើងវិញ
ពេលខ្លះ អ្នកអាចនឹងមានដំណោះស្រាយរួចហើយប៉ុន្តែអ្វីវាមិនបានដំណើរការដូចអ្វីដែលបានរំពឹងទុក។ វិធីមួយដែលអ្នកសរសេរប្រូក្រាមចូលចិត្តធ្វើគឺពិនិត្យទៅលើដំណោះស្រាយឡើងវិញ ដើរថយមួយជំហាន មើលបញ្ហាពីជ្រុងមួយផ្សេងទៀត។
៥. សួរគេសួរឯង
ចំណុចនេះសាមញ្ញតែ ឱ្យតែអ្នកធ្វើការឬរៀនខាងអាយធី ពេលជួបបញ្ហាជាដំបូងអាចថាគាត់ទៅសួរ Googleសិន ព្រោះថាបញ្ហាភាគច្រើនអាចនឹងមានអ្នកជួបប្រទះរួចមកហើយ ក្រោយពីគេមានដំណោះស្រាយគេក៏ចែករំលែកដំណោះស្រាយទាំងនោះទៅលើ Google៕
អត្ថបទដោយ៖ ខុន ផ្សាយបន្តដោយ My Langdy